អតិផរណានៅបារាំងធ្លាក់ចុះ តែហក់ឡើងនៅអ៊ីតាលី
ប៉ារីស៖ យោងតាមទិន្នន័យផ្លូវការបានឱ្យដឹងថ្មីៗនេះថា អតិផរណានៅក្នុងប្រទេសបារាំងបានធូរស្រាលបន្ថែមទៀតនៅក្នុងខែមីនា ឆ្នាំ២០២៤ ប៉ុន្តែអតិផរណានៅតែកើនឡើងនៅក្នុងប្រទេសអ៊ីតាលី។
អតិផរណារបស់បារាំងបានធ្លាក់ចុះមកត្រឹម ២.៣ភាគរយ ពោលធ្លាក់ចុះពី ៣ភាគរយនៅក្នុងខែកុម្ភៈ នេះបើយោងតាមតួលេខបណ្តោះអាសន្នរបស់វិទ្យាស្ថានស្ថិតិជាតិបារាំង INSEE។ អតិផរណាតម្លៃម្ហូបអាហារបានធ្លាក់ចុះខ្លាំងកាលពីខែមីនា មកត្រឹមចំនួន ១.៧ភាគរយ បើធៀបនឹងចំនួន ៣.៦ភាគរយនៅក្នុងខែកុម្ភៈ ខណៈដែលតម្លៃថ្នាំជក់មានចំនួន ១០.៧ភាគរយ ធ្លាក់ចុះពីចំនួន ១៨.៧ភាគរយនៅក្នុងខែកុម្ភៈ។
តម្លៃទំនិញប្រើប្រាស់បានធ្លាក់ចុះជារៀងរាល់ខែ មកត្រឹមចំនួន ០២.ភាគរយក្នុងខែមីនា បន្ទាប់ពីកើនឡើងដល់ ០.៩ភាគរយនៅក្នុងខែកុម្ភៈ។ វិទ្យាស្ថាន INSEE បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ការធ្លាក់ចុះនេះ កើតឡើងដោយសារតែការធ្លាក់ចុះតម្លៃថាមពល ជាពិសេសឧស្ម័ន និងផលិតផលប្រេង។
រីឯនៅក្នុងប្រទេសអ៊ីតាលី អតិផរណាបានឈានដល់ចំនួន ១.៣ភាគរយកាលពីខែមីនា កើនឡើងពី ០.៨ភាគរយនៅក្នុងខែកុម្ភៈ នេះបើយោងតាមទីភ្នាក់ងារស្ថិតិជាតិអ៊ីតាលី Istat។ ទិន្នន័យថ្មីៗនេះក៏បានឱ្យដឹងដែរថា អតិផរណានៅក្នុងប្រទេសអេស្ប៉ាញ បានកើនឡើងដល់ ៣.២ភាគរយក្នុងខែមីនា កើនឡើងពីចំនួន ២.៨ភាគរយនៅក្នុងខែកុម្ភៈ។
ទន្ទឹមគ្នា វិនិយោគិនកំពុងពិនិត្យយ៉ាងដិតដល់នូវទិន្នន័យអតិផរណានៅទូទាំងបណ្តាប្រទេសនៅតំបន់ចាយប្រាក់អឺរ៉ូ ដោយសង្ឃឹមថា ធនាគារកណ្តាលអឺរ៉ុប (ECB) នឹងចាប់ផ្តើមកាត់បន្ថយអត្រាការប្រាក់ភ្លាមៗនៅខែមិថុនាខាងមុខនេះ៕
ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា