អង្គការសង្គ្រោះជនអស់សង្ឃឹម ទទួលស្បៀងអាហារ ថវិកា លើកទី១០ ពី កាកបាទក្រហមកម្ពុជា
(ភ្នំពេញ)៖ ចាប់តាំងពីឆ្នាំ២០១៣មក សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានសម្រេចផ្តល់ថវិកាឧបត្ថម្ភគាំទ្រដល់អង្គការនេះ ចំនួន ២០លានរៀលជារៀងរាល់ឆ្នាំ និងបានចាត់ឱ្យមន្ត្រីចុះសួរសុខទុក្ខដោយផ្ទាល់ និងរៀបចំអាហារដ៏ឈ្ងុយឆ្ងាញ់ជារៀលរាល់ឆ្នាំផងដែរ ។ ជាក់ស្តែងនៅថ្ងៃចន្ទ ទី១ ខែមេសា ឆ្នាំ២០២៤នេះ លោកជំទាវ ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ និងសហការី ចុះសួរសុខទុក្ខ នាំយកអំណោយមនុស្សធម៌ និងរៀបចំអាហារជាលើកទី១០ ជូនដល់កុមារកំព្រា ចាស់ឥតទីពឹង និងគ្រួសារអ្នកផ្ទុកមេរោគអេដស៍ចំនួន ៣២៨នាក់ ដែលកំពុងរស់នៅអង្គការសង្គ្រោះជនអស់សង្ឃឹម ស្ថិតនៅភូមិលិចវត្ត សង្កាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ ។
លោកស្រី ម៉ារី អិន ទីប្រឹក្សាអង្គការសង្គ្រោះជនអស់សង្ឃឹម បានឱ្យដឹងថា «ក្មេងៗដែលមកស្នាក់នៅទីនេះ ខ្លះជាកុមារតូច ខ្លះទៀតជាទារកទើបនឹងកើត សុទ្ធតែមានប្រវត្តិដ៏កម្សត់ ក៏ប៉ុន្តែជីវិតរបស់ពួកគេគឺសុទ្ធតែមានសារសំខាន់ក្នុងការចូលរួមចំណែកដើម្បីសង្គមជាតិកម្ពុជានៅថ្ងៃអនាគត ។
លោកជំទាវ ម៉ែន នារីសោភ័គ ចាប់អារម្មណ៍ ចំពោះការរីកចម្រើនធំធាត់របស់ក្មួយៗចៅៗទាំងអស់ដែលរស់នៅក្នុងមណ្ឌល មានសុខភាពល្អ ចេះទាំងការរៀបចំខ្លួនប្រាណ ចេះទាំងសម្តែងរបាំប្រពៃណីខ្មែរ ដោយទឹកមុខញញឹមប្រិមប្រីយ៍ ដែលសរបញ្ជាក់ឱ្យឃើញថា នៅក្នុងមណ្ឌលនេះ ពោរពេញដោយក្តីស្រឡាញ់ កក់ក្តៅ និងការថែទាំ យកចិត្តទុកដាក់បានយ៉ាងល្អប្រសើរ។
លោកជំទាវ បានមានប្រសាសន៍ថា សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន តែងតែមានក្តីនឹករលឹកជានិច្ច ជាពិសេសថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះលោកស្រី ម៉ារី អិន ដែលបានជួយសម្រាលបន្ទុករបស់រាជរដ្ឋាភិបាលកម្ពុជាយើង។
លោកជំទាវ បានផ្តាំផ្ញើដល់ក្មួយៗចៅៗទាំងអស់ ត្រូវចេះសាមគ្គីភាពគ្នា ស្រឡាញ់គ្នាដូចបងប្អូន ក្នុងគ្រួសារតែមួយ ក្រោមដំបូលរបស់អង្គការ និងត្រូវខិតខំរៀនសូត្រ ជាពិសេសត្រូវធ្វើជាពលរដ្ឋល្អ សិស្សល្អ កូនល្អ ចៀសឆ្ងាយពីគ្រឿងញៀន ព្រោះកុមារមួយចំនួន ក៏ធ្លាប់ឃើញឪពុកម្ដាយ និងក្រុមគ្រួសារ ជួបផលអាក្រក់ដោយសារគ្រឿងញៀននេះហើយ ដូច្នេះសូមចៀសឱ្យផុត និងត្រូវអភិវឌ្ឍខ្លួនឱ្យទៅជាធនធានដ៏ល្អសម្រាប់ប្រទេសជាតិយើង ។
ចំពោះគម្រោងរបស់អង្គការក្នុងការស្នើសុំបង្កើតឱ្យមានវិទ្យាល័យនៅទីនេះ លោកជំទាវបានជម្រាបជូនថា គឺត្រូវមានការសិក្សា និងមានគោលការណ៍ច្បាស់លាស់ពីក្រសួងអប់រំ យុវជន និងកីឡា ដែលត្រូវពិនិត្យពីលក្ខខណ្ឌឱ្យបានគ្រប់គ្រាន់ក្នុងការបង្កើតវិទ្យាល័យបាន ដើម្បីជាប្រយោជន៍របស់អង្គការក្នុងការបណ្តុះបណ្តាលធនធានមនុស្ស។ ហេតុដូចនេះ ក្រុមការងាររបស់ក្រសួងអប់រំ យុវជន និងកីឡា នឹងត្រូវចុះមកពិនិត្យនៅទីនេះឱ្យបានច្បាស់លាស់ ធ្វើការជាជំហានៗ ដោយគោរពនូវគោលការណ៍ច្បាប់ និងការអនុវត្តជាធរមាន។
កាកបាទក្រហមកម្ពុជា បានផ្តល់ជូន អង្ករ ៣តោន, មី ២០កេស, ត្រីខ ៥កេសធំ, ទឹកក្រូច ១០កេស, ទឹកបរិសុទ្ធ ១០កេស, ផ្លែក្រូច ៥កេស, ទឹកត្រី ១០យួរ, អាល់កុល ៣០ប៊ីដុង និងថវិកា ១០លានរៀល។ ចំពោះអាហារនៅថ្ងៃនេះ មានមុខម្ហូបដូចជា សម្លម្ជូរគ្រឿងឆ្អឹងជំនីជ្រូក, ឆាផ្សិតចំបើងគ្រឿងសមុទ្រ, ឡុកឡាក់សាច់គោ, បាយឆា, បង្អែមបបរលត, ទឹកក្រូច និងទឹកបរិសុទ្ធ ៕
ដោយ / គ្រី សម្បត្តិ