ព្យុះធូលីវាយប្រហារប្រទេសក្រិកសាជាថ្មីទៀត
អាថែន៖ ព្យុះធូលីបានបក់បោកចេញពីវាលខ្សាច់សាហារ៉ាសាជាថ្មីម្តងទៀត ដោយគ្របដណ្តប់ពាសពេញផ្ទៃមេឃប្រទេសក្រិក នៅថ្ងៃចន្ទនេះ ជាពិសេសរដ្ឋធានីអាថែន និង ថេសាឡូនីកា ជាមួយនឹងសីតុណ្ហភាពហក់ឡើងខ្ពស់រហូតដល់ ៣១អង្សារសេ។
ព្យុះធូលីដែលបានជះឥទ្ធិពលលើប្រទេសក្រិកកាលពីសប្តាហ៍មុន ក៏ដូចជាតំបន់មួយចំនួនដូចជាប្រទេសស្វីស និងភាគខាងត្បូងប្រទេសបារាំង បានធ្វើឱ្យមនុស្សជាច្រើនពិបាកដកដង្ហើម។ ទន្ទឹមគ្នា ឧបករណ៍វាស់សីតុណ្ហភាព (ទែម៉ូម៉ែត្រ) នៅភាគខាងត្បូងនៃទីក្រុងភីលីផុន និងនៅលើកោះយូបៀ ក្បែររដ្ឋធានីអាថែន ត្រូវបានគេរំពឹងថា នឹងកើនឡើងដល់ ៣១អង្សាសេ នៅថ្ងៃចន្ទនេះ។
អ្នកកើតជំងឺហឺត និងអ្នកដែលងាយរងគ្រោះផ្សេងទៀត គួរតែជៀសវាងការធ្វើលំហាត់ប្រាណនៅខាងក្រៅ ក៏ដូចជាការងារប្រើកម្លាំងខ្លាំង នេះបើតាមការបញ្ជាក់របស់លោកស្រី Stamatoula Tsikrikas ប្រធានសហភាពគ្រូពេទ្យសួតក្រិកបានប្រាប់សារព័ត៌មាន ERT។
សហជីពក៏បានព្រមានផងដែរថា ព្យុះធូលីអាចរួមបញ្ចូលគ្នាជាមួយនឹងបាក់តេរី និងជំងឺផ្សិត ដែលអាចបណ្តាលឱ្យមានជាល្បាយពុលខ្លាំង បង្កគ្រោះថ្នាក់ដល់រូបរាងកាយរបស់មនុស្ស។ ទន្ទឹមគ្នា សាស្ត្រាចារ្យផ្នែកសួត លោក Thodoris Vasilakopoulos ក៏បានណែនាំតាមរយៈស្ថានីយទូរទស្សន៍ ANT1 ថា ជនងាយរងគ្រោះ គួរតែពាក់ម៉ាស់ និងវ៉ែនតាការពារ។
យោងតាមប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានឱ្យដឹងថា ព្យុះធូលីដែលបង្កឱ្យមានពពកក្រាស់ ក៏បានបណ្តាលឱ្យមានការពន្យារពេលជើងហោះហើរជាច្រើននៅក្នុងទីក្រុងថេសាឡូនីកា ផងដែរ។ ទោះបីជាយ៉ាងណា អ្នកព្យាករណ៍ឧតុនិយមបាននិយាយថា សីតុណ្ហភាពទំនងជានឹងចាប់ផ្តើមធ្លាក់ចុះវិញ ចាប់ពីថ្ងៃពុធសប្តាហ៍នេះ៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា