ព្រឹកស្អែក ព្រឹទ្ធសភា នឹងប្រារព្ធពិធីបើកសម័យប្រជុំដំបូង នីតិកាលទី៥ ក្រោមព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុតរបស់ព្រះមហាក្សត្រ

ភ្នំពេញ៖ យោងតាមសេចក្តីជូនដំណឹង របស់អគ្គលេខាធិការដ្ឋាន ព្រឹទ្ធសភា បានឱ្យដឹងថា ព្រឹទ្ធសភា នឹងប្រារព្ធពិធីបើកសម័យប្រជុំដំបូង នីតិកាលទី៥ ក្រោមព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុត របស់ព្រះករុណា ព្រះបាទសម្តេចព្រះ បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា នាថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៤ វេលាម៉ោង ៨ព្រឹក នៅវិមានព្រឹទ្ធសភា។

សូមជម្រាបថា នៅថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៤ សម្តេចតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ, ប្រធានគណបក្សប្រជាជនកម្ពុជា និងជាតំណាងរាស្រ្តមណ្ឌលខេត្តកណ្តាល បានប្រកាសលារដ្ឋសភា អំឡុងបើកសម័យប្រជុំលើកទី២ នីតិកាលទី៧។ ការប្រកាសលាចេញពីរដ្ឋសភា បានធ្វើឡើង មុនកិច្ចប្រជុំលើកដំបូងព្រឹទ្ធសភា នីតិកាលទី៥ ដែលសម្តេច នឹងធ្វើជាប្រធានព្រឹទ្ធសភា វិញម្តង នៅក្នុងខែមេសា ឆ្នាំ២០២៤ ជំនួសសម្តេចវិបុលសេនាភក្តី សាយ ឈុំ ។

យោងតាមរដ្ឋធម្មនុញ្ញ ព្រឹទ្ធសភា ជាអង្គការដែលមានអំណាចនីតិប្បញ្ញត្តិ ហើយបំពេញភារកិច្ចរបស់ខ្លួន ដូចបានកំណត់ក្នុងរដ្ឋធម្មនុញ្ញ និង ច្បាប់ជាធរមាន។ ព្រឹទ្ធសភា មានសមាជិក ស្មើនឹងពាក់កណ្ដាល នៃចំនួនសមាជិករដ្ឋសភាទាំងមូល ។

សមាជិកព្រឹទ្ធសភាចំនួន ២រូប ត្រូវបានចាត់តាំងដោយ ព្រះមហាក្សត្រ។ សមាជិកព្រឹទ្ធសភាចំនួន ២រូប ត្រូវបានរដ្ឋសភា ជ្រើសតាំងតាមមតិភាគច្រើនដោយប្រៀប។ សមាជិកព្រឹទ្ធសភាចំនួន ២រូប ដែលត្រូវបានចាត់តាំង ដោយព្រះមហាក្សត្រ រួមមាន៖ សម្តេចរាជបុត្រី ព្រះអនុជ នរោត្តម អរុណរស្មី និងព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ធម្មិកោ ។ ចំណែកឯសមាជិកព្រឹទ្ធសភាចំនួន ២រូប ដែលត្រូវបានរដ្ឋសភា ជ្រើសតាំងតាមមតិភាគច្រើនដោយប្រៀប រួមមាន៖ ឯកឧត្តម សុខ ឥសាន និងឯកឧត្តម ហេង ហាក់លីម ។ រីឯសមាជិក ព្រឹទ្ធសភាឯទៀត ត្រូវបានជ្រើសតាំង ដោយការបោះឆ្នោតអសកល (ដោយអង្គបោះឆ្នោត ជាសមាជិកក្រុមប្រឹក្សាឃុំសង្កាត់ និងសមាជិករដ្ឋសភាក្នុងតំណែង) ។

សូមរំលឹកដែរថា ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ កាលពីថ្ងៃទី២៥ ខែគុម្ភៈ ឆ្នាំ២០២៤ មានគណបក្សនយោបាយចំនួន៤ ចូលរួមប្រកួតប្រជែង ដើម្បីប្រជែងកៅអីចំនួន៥៨ ក្នុងនោះគណបក្សប្រជាជនកម្ពុជា ទទួលបាន ៥៥អាសនៈ និងគណបក្សឆន្ទៈខ្មែរទទួលបាន ៣អាសនៈ។ ដោយឡែក គណបក្សហ្វ៊ុនស៊ិនប៉ិច និងគណបក្សកម្លាំងជាតិ ដែលចូលរួមប្រកួតប្រជែងដែរនោះ មិនទទួលបានអាសនៈនោះទេ ៕

ដោយ ៖ វណ្ណលុក

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner