រដ្ឋមន្ត្រីការងារ សំណេះសំណាលជាមួយនាយទាហាន នាយទាហានរង ពលទាហាន ក្នុងបញ្ជាការដ្ឋានអង្គរក្ស នាឱកាសពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិ
ភ្នំពេញ៖ នាឱកាសពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ ដែលនឹងខិតជិតចូលមកដល់ នាពេលខាងមុខនេះ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៤ បានអញ្ជើញជួបសំណេះសំណាល និងសួរសុខទុក្ខ នាយទាហាន នាយទាហានរង ពលទាហាននៅបញ្ជាការដ្ឋានអង្គរក្ស ក្រុងតាខ្មៅ ដោយ មានការចូលរួម ពីនាយឧត្តមសេនីយ៍ កិត្តិសង្គហបណ្ឌិត ហ៊ីង ប៊ុនហៀង អគ្គមេបញ្ជាការ រងនៃកងយោធពលខេមរ ភូមិន្ទ (ខ.ភ.ម.) និងជាមេបញ្ជាការបញ្ជាការដ្ឋានអង្គរក្ស ។
ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រី បានរំលឹកពីប្រវត្តិនៃការកកើត នៃបញ្ជាការដ្ឋានអង្គរក្ស កាលពីឆ្នាំ១៩៩២ និងវីរភាពរបស់បញ្ជាការដ្ឋានអង្គរក្ស ដែលសម្រេចបាននូវបទបញ្ជាដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត សម្ដេចធិបតី និងលោកជំទាវបណ្ឌិត បានទាន់ពេលវេលា និងមានប្រសិទ្ធភាពខ្ពស់បំផុត ។
បន្ថែមពីនេះ បញ្ជាការដ្ឋាន ក៏បានផ្តល់កិច្ចសហការយ៉ាងជិតស្និទ្ធ ជាមួយក្រសួង អង្គភាពចំណុះផ្សេងៗ របស់រាជរដ្ឋាភិបាល ដើម្បីសម្រេចបាននូវកិច្ចការងារដឹកនាំបញ្ជារបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្រាប់ឧត្តមប្រយោជន៍ជាតិជាបន្តបន្ទាប់ ទាំងក្នុងក្របខណ្ឌការពារបូរណភាពទឹកដី សន្តិភាព និងស្ថេរភាព រួមទាំងការអភិវឌ្ឍនៅកម្ពុជា។
មួយវិញទៀត ឯកឧត្តមរដ្ឋមន្ត្រី ក៏មិនភ្លេចរំលឹកពីការចូលរួម របស់បញ្ជាការដ្ឋានអង្គរក្ស ក្នុងការចូលរួមសកម្មភាព ប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ដែលធ្វើឱ្យកម្ពុជា បានរួចផុតពីការឆ្លងជំងឺរាតត្បាតនេះយ៉ាងឆាប់រហ័សផងដែរ។
ឯកឧត្តមរដ្ឋមន្ត្រី ក៏ផ្តាំផ្ញើសួរសុខទុក្ខពី សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជា ជូនចំពោះនាយទាហានជាន់ខ្ពស់ នាយទាហាន នាយទាហានរង និងពលទាហានគ្រប់រូប ដែលកំពុងតែមានវត្តមាននៅទីនេះផងដែរ ៕
ដោយ ៖ វណ្ណលុក
ប្រភព ៖ ក្រសួងការងារ