ក្រសួងមុខងារសាធារណៈ ជូនដំណឹងស្ដីពីការបើក ផ្ដល់ ប្រាក់បៀវត្ស ជូនមន្ដ្រីរាជការស៊ីវិល សម្រាប់ខែមេសា និងខែឧសភា
ភ្នំពេញ៖ ក្រសួងមុខងារសាធារណៈ នៅថ្ងៃអង្គារទី២ ខែមេសា ឆ្នាំ២០២៤ បានចេញសេចក្ដីជូនដំណឹង ស្ដីពី ការបើកផ្ដល់ប្រាក់បៀវត្ស ជូនមន្ដ្រីរាជការស៊ីវិល សម្រាប់ ខែមេសា និងខែឧសភា ឆ្នាំ២០២៤ ។
ប្រភពដដែលបញ្ជាក់ថាយោងអនុក្រឹត្យលេខ៨៦ អនក្រ.បក ចុះថ្ងៃទី១ ខែមេសា ឆ្នាំ២០២៤ ស្តីពីការផ្តល់ប្រាក់ ឧបត្ថម្ភ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៧ និងពិធីបុណ្យភ្ជុំបិណ្ឌ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ។
ក្រសួងមុខងារសាធារណៈ សូមជម្រាបជូន សម្តេច ឯកឧត្តម លោកជំទាវ ឧបនាយករដ្ឋមន្ត្រី ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី នៃ ក្រសួង ស្ថាប័ន ឯកឧត្តម លោកជំទាវ អភិបាលនៃគណៈ អភិបាល រាជធានី ខេត្ត លោក លោកស្រី អភិបាលនៃ គណៈអភិបាលក្រុង ស្រុក ខណ្ឌ ប្រធានមន្ទីរ និង អង្គភាពពាក់ព័ន្ធមេត្តាជ្រាបថា នៅក្នុង ខែមេសា ឆ្នាំ២០២៤ រាជរដ្ឋាភិបាលបានរៀបចំដំឡើងប្រាក់បំណាច់មុខងារ និងផ្តល់ប្រាក់ឧបត្ថម្ភក្នុងឱកាស បុណ្យចូលឆ្នាំប្រពៃណី ជាតិជូនមន្ត្រីរាជការ។
សេចក្តីដូចបានជម្រាបជូនខាងលើ គ្រប់ក្រសួង ស្ថាប័ន ថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ត្រូវរៀបចំ ការបើកផ្តល់ប្រាក់ ឧបត្ថម្ភក្នុងឱកាសបុណ្យចូលឆ្នាំដំណាលគ្នាជាមួយនឹងការបើកប្រាក់បៀវត្សសរុប ប្រចាំខែមេសា តែមួយលើក ឱ្យបានដល់សាមីជនម្នាក់ៗ យ៉ាងយូរបំផុត ត្រឹមថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៤ និងត្រូវរៀបចំបើក ផ្តល់ប្រាក់បៀវត្ស លើកទី១ សម្រាប់ខែឧសភា ឆ្នាំ២០២៤ ឱ្យបានក្នុង សប្តាហ៍ទី១ និងលើកទី២ ឱ្យបានក្នុងសប្តាហ៍ទី៣ នៃខែ ជូនមន្ត្រីរាជការរបស់ខ្លួន។
ដោយឡែក ការបើកផ្តល់បៀវត្សសម្រាប់ខែ មិថុនា ឆ្នាំ ២០២៤ សូមអនុវត្តតាមនីតិវិធី ដែលបានកំណត់ជាធរមាន ៕ ដោយ៖ វណ្ណលុក