រដ្ឋលេខាធិការ៖សារៈសំខាន់នៃការងារអភិវឌ្ឍន៍ជនបទ

កំពត៖ការងារអភិវឌ្ឍន៍ជនបទ គឺជាផ្នែកមួយយ៉ាងសំខាន់ ដើម្បីឆ្លើយតបបាននូវចក្ខុវិស័យរបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំ ដ៏ប៉ិនប្រសប់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បាន ដាក់ចេញនូវយុទ្ធសាស្ត្រ បញ្ចកោណ ដំណាក់កាលទី១ គឺ កំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព ព្រមទាំង កំណត់អាទិភាពគន្លឹះចំនួន៥ រួមមាន៖ មនុស្ស ផ្លូវ ទឹក ភ្លើង និង បច្ចេកវិទ្យាឌីជីថល ដែលជាមូលដ្ឋានសម្រាប់ការ រៀបចំ គោលនយោបាយនិងផែនការ យុទ្ធសាស្ត្រតាមវិស័យ ក្នុង គោលបំណងអភិវឌ្ឍន៍កម្ពុជាជាប្រទេសមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ ២០៣០ និងប្រាក់ចំណូលកម្រិតខ្ពស់ នៅឆ្នាំ២០៥០។នេះជាការលើករបស់ ឯកឧត្តម សាន វិសាល រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ ជនបទបានលើក ឡើង ក្នុងកិច្ចប្រជុំផ្សព្វផ្សាយលទ្ធផលសន្និបាតបូក សរុបលទ្ធ ផលការងារឆ្នាំ២០២៣និងលើកទិសដៅការងារឆ្នាំ២០២៤ របស់ក្រសួងអភិវឌ្ឍន៍ជនបទកាលពីថ្ងៃចន្ទទី១ ខែមេសា ឆ្នាំ ២០២៤ នាសាលាខេត្តកំពត។

ឯកឧត្តមរដ្ឋលេខាធិការបន្តថា ផ្អែកតាមចក្ខុវិស័យរបស់រាជ រដ្ឋាភិបាលក្រសួងអភិវឌ្ឍន៍ជនបទក៏បានដាក់ចុះនូវផែនការ យុទ្ធសាស្ត្ររយៈពេល៥ឆ្នាំចំនួន៤សំខាន់គឺ១.អភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធនិងគមនាគមន៍,២.លើកកម្ពស់លក្ខខណ្ឌនៃ ការរស់នៅរបស់សហគមន៍ជនបទ ,៣.ធ្វើពិពិធកម្ម សកម្ម ភាព សេដ្ឋកិច្ចជនបទ និងទី៤ ពង្រឹងសេវាគាំទ្ររដ្ឋបាល និង កិច្ចការទូទៅ ក្នុងគោលដៅលើកកម្ពស់សមត្ថភាព ធនធាន មនុស្ស និងស្ថាប័ន។យុទ្ធសាស្ត្រទាំងបួននេះ ជាផ្នែកមួយ សំខាន់ក្នុងការឈានទៅសម្រេចចក្ខុវិស័យេរបស់រាជរដ្ឋាភិបាល។  

ចំណែកលោក សេង សិរីបុត្រ អភិបាលរងខេត្តកំពត បាន លើកឡើងថាលោកសូមវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ក្រសួងក៏ដូចជាមន្ទីរអភិវឌ្ឍន៍ ជនបទ និងអង្គការ ដៃគូរដែលបានចូលរួមសហការគ្នាសម្រេចបានលទ្ធផលការងារគួរជាទីមោទន។ ការងារអភវិឌ្ឍន៍ជនបទសំខាន់ ណាស់ ក្នុងការបើកច្រកទ្ចារនៅគ្រប់មូលដ្ឋាននិងតភ្ជាប់ទំនាក់ទំនងសេដ្ឋកិច្ច កាត់បន្ថយភាពក្រីក្រ និងការលើកកម្ពស់ ជីវភាព របស់ប្រជាពលរដ្ឋ៕
ដោយ៖សិលា សារិន

ads banner