សម្តេចតេជោ ហ៊ុន សែន ៖ កម្ពុជា នឹងបន្តពង្រឹងពង្រីកទំនាក់ទំនងជាមួយជប៉ុន ឱ្យកាន់ចតែខ្លាំងក្លាថែមទៀត ជាពិសេសស្ថាប័នសភាប្រទេសទាំង២
(ភ្នំពេញ)៖ កម្ពុជា នឹងបន្តពង្រឹងពង្រីកទំនាក់ទំនងជាមួយជប៉ុនអោយកាន់តែខ្លាំ ង ក្លាថែមទៀត ជាពិសេស ស្ថាប័នសភា ដើម្បីជាប្រយោជន៍ដល់ប្រទេស និងប្រជាជននៃ ប្រទេស ទាំងពីរ ។ នេះជាការបញ្ជាក់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាប្រធានគណបក្សប្រជាជនកម្ពុជា ក្នុងឱកាសអនុញ្ញាតអោយ ឯកឧត្តម អូអីណូ អាហ្សឹហ្ស៊ី ឯកអគ្គរាជទូតជប៉ុនប្រចាំ នៅកម្ពុជា ចូលសម្តែងការគួរសម និងពិភាក្សាការងារនៅវិមាន ៧មករា រាជធានីភ្នំពេញ ព្រឹកថ្ងៃទី០២ ខែមេសា ឆ្នាំ២០២៤ ។
ក្នុងជំនួបនេះ ឯកឧត្តមឯកអគ្គរាជទូតជប៉ុន បានអបអរសាទរចំពោះ សម្តេចតេជោ ដែលនឹងត្រូវក្លាយជាប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជានៅថ្ងៃស្អែកនេះ ហើយសង្ឃឹមថាទំនាក់ទំនងរវាងជប៉ុន និងកម្ពុជានឹងត្រូវបានពង្រឹងពង្រីកថែមទៀតទាំងក្របខណ្ឌសភា រដ្ឋាភិបាល និងប្រជាជននៃប្រទេសទាំងពីរ។
ជាការឆ្លើយតប សម្តេចតេជោ ហ៊ុន សែន បានស្វាគមន៍ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ឯកឧត្តម ឯកអគ្គរាជទូតជប៉ុន ដែលបានសម្របសម្រួលរៀបចំបានយ៉ាងល្អ ជូនចំពោះ សម្តេច នៅពេលដែលសម្តេច បានអញ្ជើញទៅពិនិត្យកែវភ្នែកនៅប្រទេសជប៉ុន កាលពីដើមឆ្នាំ២០២៤កន្លងទៅ។ អរគុណជប៉ុន ដែលបានរៀបចំឱ្យ សម្តេច ជួបមិត្តភក្តិទាំងឡាយ ជាពិសេសអរគុណចំពោះ ឯកឧត្តមនាយករដ្ឋមន្រ្តីជប៉ុន គីស៊ីដា ហ៊ីមីអូ ដែលបានទទួលជួប សម្តេច ទោះបីជា សម្តេច មិនមានតួនាទីជានាយករដ្ឋមន្រ្តីក៏ដោយ។
សម្តេចតេជោ បានគូសបញ្ជាក់ថា នៅពេលដែល សម្តេច ធ្វើជាប្រធានព្រឹទ្ធសភា សម្តេច នឹងបន្តពង្រឹងពង្រីកទំនាក់ទំនងជាមួយជប៉ុនអោយកាន់តែខ្លាំងក្លាថែមទៀត ជាពិសេសស្ថាប័នសភា ដើម្បីជាប្រយោជន៍ដល់ប្រទេស និងប្រជាជននៃប្រទេសទាំងពីរ ។
សម្តេចតេជោ តាមរយៈឯកឧត្តមឯកអគ្គរាជទូតជប៉ុន សូមផ្តាំផ្ញើការសួរសុខទុក្ខរបស់សម្តេច ជូនចំពោះឯកឧត្តមនាយករដ្ឋមន្រ្តីជប៉ុន គីស៊ីដា ហ្វីមីអូ និងបានជូនពរដល់ ឯកឧត្តមឯកអគ្គរាជទូតសូមអោយមានសុខភាពល្អបរិបូរណ៍ និងទទួលបានជោគជ័យគ្រប់ភារកិច្ច ៕
អត្ថបទ ៖ វណ្ណលុក
រូបភាព ៖ វ៉េង លីមហួត, សួង ពិសិដ្ឋ