សម្តេចតេជោ ហ៊ុន សែន ដាក់លិខិតលាឈប់ ពីសមាជិករដ្ឋសភា
(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន ដាក់លិខិតលាឈប់ ពីសមាជិករដ្ឋសភា ដើម្បីទៅ កាន់ តំណែងប្រធានព្រឹទ្ធសភា នីតិកាលទី៥ ដោយទទួលបានយល់ព្រមពីប្រធានរដ្ឋសភា ។ នេះបើតាមលិខិត នៃពាក្យសុំលាឈប់ ពីសមាជិករដ្ឋសភា ដែលបណ្ដាញព័ត៌មាន ទទួលបាន នៅព្រឹកថ្ងៃទី០២ ខែមេសា ឆ្នាំ២០២៤ ។
លិខិត នៃពាក្យសុំលាឈប់ ពីសមាជិករដ្ឋសភា របស់សម្ដេចតេជោ ហ៊ុន សែន មានខ្លឹម សារ ដូច្នេះថា ខ្ញុំ ហ៊ុន សែន ជាតំណាងរាស្ត្រនីតិកាលទី៧ នៅមណ្ឌលខេត្តកណ្តាល ។ ជម្រាបជូន សម្តេចមហារដ្ឋសភាធិការធិបតី យួន សុដារី ប្រធានរដ្ឋសភានៃ ព្រះរាជា ណាចក្រកម្ពុជា, សំណើសុំលាឈប់ ពីសមាជិករដ្ឋសភា នីតិកាលទី៧ ។
លិខិត នៃពាក្យសុំលាឈប់ ពីសមាជិករដ្ឋសភារបស់សម្ដេចតេជោ បានបន្តថា សេចក្តីដូចមានចែងក្នុងកម្មវត្ថុខាងលើ ខ្ញុំសូមជម្រាបជូន សម្តេចមហារដ្ឋសភាធិការធិបតី ប្រធានរដ្ឋសភា ជ្រាបថា ដោយខ្ញុំត្រូវជាប់ទៅបំពេញភារកិច្ចថ្មី ដូច្នេះសូម សម្តេចប្រធានរដ្ឋសភា អនុញ្ញាតឱ្យខ្ញុំបានលាឈប់ពី សមាជិករដ្ឋសភា នីតិកាលទី៧ ចាប់ពី ពេលនេះតទៅ ដោយសេចក្ដីអនុគ្រោះ ។
គួរបញ្ជាក់ថា កាលពីថ្ងៃទី១ ខែមេសា ឆ្នាំ២០២៤ ក្នុងបញ្ជីវត្តមានតំណាងរាស្រ្ត ក្នុងសម័យប្រជុំ លើកទី២ នៃរដ្ឋសភា នីតិកាលទី៧ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ បានសរសេរថា «លាហើយរដ្ឋសភា ដែលខ្ញុំអង្គុយ និងធ្វើការជាងពាក់កណ្តាលជីវិត ដំណាក់កាលទី១ ខែមិថុនា ១៩៨១ ដល់ខែឧសភា ឆ្នាំ១៩៩៣ ហើយនិងចាប់ពីថ្ងៃ១៤មិថុនា ឆ្នាំ១៩៩៣ ដល់ថ្ងៃទី២មេសា ឆ្នាំ២០២៤» ។
សូមជម្រាបថា យោងតាមសេចក្តីជូនដំណឹង របស់អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា បានឱ្យដឹងថា ព្រឹទ្ធសភា នឹងប្រារព្ធពិធីបើកសម័យប្រជុំដំបូង នីតិកាលទី៥ ក្រោមព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុត របស់ព្រះករុណា ព្រះបាទសម្តេចព្រះ បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា នាថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៤ វេលាម៉ោង ៨ព្រឹក នៅវិមានព្រឹទ្ធសភា។
យោងតាមរដ្ឋធម្មនុញ្ញ ព្រឹទ្ធសភា ជាអង្គការដែលមានអំណាច នីតិប្បញ្ញត្តិ ហើយបំពេញភារកិច្ចរបស់ខ្លួន ដូចបានកំណត់ ក្នុងរដ្ឋធម្មនុញ្ញ និង ច្បាប់ជាធរមាន។ ព្រឹទ្ធសភា មានសមាជិក ស្មើនឹងពាក់កណ្ដាល នៃចំនួនសមាជិករដ្ឋសភាទាំងមូល ។
សមាជិកព្រឹទ្ធសភាចំនួន ២រូប ត្រូវបានចាត់តាំងដោយ ព្រះមហាក្សត្រ។ សមាជិកព្រឹទ្ធសភាចំនួន ២រូប ត្រូវបានរដ្ឋសភា ជ្រើសតាំងតាមមតិភាគច្រើនដោយប្រៀប។។ រីឯសមាជិក ព្រឹទ្ធសភាឯទៀត ត្រូវបានជ្រើសតាំង ដោយការបោះឆ្នោតអសកល (ដោយអង្គបោះឆ្នោត ជាសមាជិកក្រុមប្រឹក្សាឃុំសង្កាត់ និងសមាជិករដ្ឋសភាក្នុងតំណែង) ។
សូមរំលឹកថា ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ កាលពីថ្ងៃទី២៥ ខែគុម្ភៈ ឆ្នាំ២០២៤ មានគណបក្សនយោបាយចំនួន៤ ចូលរួមប្រកួតប្រជែង ដើម្បីប្រជែងកៅអីចំនួន៥៨ ក្នុងនោះគណបក្សប្រជាជនកម្ពុជា ទទួលបាន ៥៥អាសនៈ និងគណបក្សឆន្ទៈខ្មែរទទួលបាន ៣អាសនៈ។ ដោយឡែក គណបក្សហ្វ៊ុនស៊ិនប៉ិច និងគណបក្សកម្លាំងជាតិ ដែលចូលរួមប្រកួតប្រជែងដែរនោះ មិនទទួលបានអាសនៈនោះទេ ៕
ដោយ វណ្ណលុក