កម្ពុជា ត្រៀមខ្លួនជាស្រេច ធ្វើជាដៃគូយុទ្ធសាស្ត្ររបស់ធុរជន និងវិនិយោគិន និងប្តេជ្ញាសហការជាមួយរដ្ឋជាសមាជិកអាស៊ាន និងដៃគូសន្ទនា ដើម្បីផលប្រយោជន៍រួមសម្រាប់តំបន់

(ភ្នំពេញ)៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា កម្ពុជា ត្រៀមខ្លួនជាស្រេច ធ្វើជាដៃគូយុទ្ធសាស្ត្ររបស់ធុរជន និងវិនិយោគិន ក្នុងការចាប់យកកាលានុវត្តភាពសេដ្ឋកិច្ច ប្រកបដោយជវភាពរបស់អាស៊ាន ហើយប្តេជ្ញាសហការយ៉ាងជិតស្និទ្ធ ជាមួយរដ្ឋជាសមាជិកអាស៊ាន និងដៃគូសន្ទនា ដើម្បីកសាងសហគមន៍សេដ្ឋកិច្ចអាស៊ានប្រកបដោយភាពធន់ ចីរភាព បរិយាប័ន្ន និងភាពប្រកួតប្រជែង ដើម្បីផលប្រយោជន៍រួមសម្រាប់តំបន់ ។ សម្ដេចមហាបវរធិបតី នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងដូច្នេះ ក្នុងឱកាសអញ្ជើញបើកកិច្ចប្រជុំកំពូល ធុរកិច្ចអាស៊ាន-កម្ពុជា ឆ្នាំ២០២៤ ឆ្នាំ២០២៤ នៅសណ្ឋាគារ សូហ្វីតែល ភ្នំពេញភូគីត្រា នៅថ្ងៃទី២ ខែមេសា ឆ្នាំ២០២៤ ក្រោមមូលបទ «បញ្ចេញសក្តានុពលអាស៊ាន ៖ ការតភ្ជាប់បច្ចេកវិទ្យា និងកំណើនប្រកបដោយបរិយាប័ន្ន» ។

សម្តេចធិបតី បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅជូនចំពោះគណៈប្រតិភូជាតិ និងអន្តរជាតិ ដែលបានអញ្ជើញមកកាន់កម្ពុជា ធ្វើការពិភាក្សាក្រោមមូលបទ «បញ្ចេញសក្តានុពលអាស៊ាន ៖ ការតភ្ជាប់បច្ចេកវិទ្យា និងកំណើនប្រកបដោយបរិយាប័ន្ន» ដែលជារបៀបវារៈត្រូវតាមកាលៈទេសៈ និងមាន មហិច្ឆតា ដើម្បីពង្រឹងភាពជាដៃគូ ក្នុងការលើកស្ទួយការជឿនលឿននៃបច្ចេកវិទ្យា និងជំរុញសហគមន៍អាស៊ានឱ្យកាន់តែមានវិបុលភាព និងសមធម៌ ។ លើសពីនេះ វេទិការនេះ ក៏ជាសក្តានុពលក្នុងការបង្កើតជាកាតាលីករ សម្រាប់ការបង្កើនកិច្ចសហការធុរកិច្ច និងពង្រឹងទំនាក់ទំនងរវាងប្រជាជាតិអាស៊ាន និងដៃគូសកល និងជាមូលដ្ឋានគ្រឹះសម្រាប់វិបុលភាពរួម និងអនាគតសេដ្ឋកិច្ច ដែលមានភាពធន់ជាងមុន សម្រាប់គ្រប់តួអង្គពាក់ព័ន្ធ ។

សម្តេចនាយករដ្ឋមន្ត្រី បានបន្តថា កម្ពុជា គឺជាដៃគូដ៏រស់រវើក និងដ៏ទាក់ទាញ ក្នុងសហគមន៍អាស៊ាន ។ ជាមួយទីតាំងប្រកបដោយឧត្តមភាព និងយុទ្ធសាស្ត្ររបស់កម្ពុជា ផ្តល់នូវការតភ្ជាប់ដោយរលូន និងបង្កើតឱ្យមានប្រព័ន្ធអេកូឡូស៊ីនៃ កិច្ចសហការ ដែលផ្តោតលើការផ្តល់ផលប្រយោ ជន៍ទៅវិញទៅ មក និងសុខុមាលភាពរួម នៅទូទាំងតំបន់ ។ ទន្ទឹមនេះ សមាជិកភាពជាយុទ្ធសាស្ត្ររបស់កម្ពុជានៅក្នុងកិច្ចព្រមព្រៀង ពាណិជ្ជកម្មសំខាន់ៗ ក្នុងតំបន់ និងសកលលោក ដូចជា តំបន់ពាណិជ្ជកម្មសេរីអាស៊ាន RCEP និង WTO ធ្វើឱ្យកម្ពុជាក្លាយទៅជាតួអង្គប្រកបដោយសមាហរណកម្មខ្ពស់មួយ នៅក្នុងទីផ្សារសកលដែលពោរពេញដោយ ជវភាព ។

សម្ដេចបញ្ជាក់ថា ផលិតផលដែល «ផលិតនៅកម្ពុជា» ដូចជា សម្លៀកបំពាក់ និងកង់ មានការ ទទួលស្គាល់នៅទូទាំងសកលលោកនាបច្ចុប្បន្ន ដោយសារគុណភាព និងតម្លៃ ដែលមាន ភាពប្រកួតប្រជែង ដែលការណ៍នេះ បានបង្ហាញឱ្យឃើញពីវត្តមានកាន់តែខ្លាំងឡើងរបស់កម្ពុជា នៅលើទីផ្សារសកល ។ លើសពីនេះ កម្ពុជា ជឿជាក់យ៉ាងមុតមាំថា សហគមន៍សេដ្ឋកិច្ចអាស៊ាន ដែលមានភាពរឹងមាំ ភាពធន់ និងសមាហរណកម្ម អាចនាំមកនូវវិបុលភាពរួម សម្រាប់រដ្ឋជាសមាជិកទាំងអស់ ។

ក្នុងស្មារតីនេះ រាជរដ្ឋាភិបាលកម្ពុជា បាន និងកំពុងជំរុញការអនុវត្ត “យុទ្ធសាស្ត្រប្រទេស បូក” (Plus-One Strategy) តាមរយៈការទាក់ទាញការវិនិយោគ ជាពិសេសក្នុងឧស្សាហកម្មដែល ប្រើ បច្ចេកវិទ្យាមធ្យម ឱ្យមកសាងសង់រោងចក្រនៅកម្ពុជា ដើម្បីផ្គត់ផ្គង់គ្រឿងបន្លាស់ ឬផលិតផលពាក់កណ្តាលសម្រេច ទៅឱ្យរោងចក្រធំៗនៅក្នុងប្រទេសជិតខាងក្នុងតំបន់អាស៊ាន ព្រមទាំងបានអនុម័តច្បាប់ស្តីពីការវិនិយោគ នៃព្រះរាជាណាចក្រកម្ពុជា ដើម្បីផ្តល់ជូនវិនិយោគិននូវសក្តានុពល និងឧត្តមភាពជាយុទ្ធសាស្រ្ត ដ៏គួរឱ្យទាក់ទាញ ជាមួយនឹងការលើកទឹកចិត្តជាច្រើនដល់គម្រោងវិនិយោគក្នុងវិស័យអាទិភាពសំខាន់ៗ ។

សម្ដេចធិបតី ហ៊ុន ម៉ាណែត បានបន្ថែមថា កម្ពុជា ក៏បាននិងកំពុងធ្វើការវិនិយោគជាយុទ្ធសាស្ត្រ លើបណ្តាញហេដ្ឋារចនាសម្ព័ន្ធ ដែលតភ្ជាប់គ្នាទៅវិញទៅមក ដោយរួមបញ្ចូលការអភិវឌ្ឍផ្លូវលឿន កំពង់ផែទឹកជ្រៅ អាកាសយានដ្ឋានអន្តរជាតិ និងមជ្ឈមណ្ឌលឡូជីស្ទីកទំនើប ជាដើម ដែលអភិក្រមគ្រប់ជ្រុងជ្រោយនេះ នឹងជំរុញការតភ្ជាប់ក្នុងតំបន់ដោយរលូន និងមានប្រសិទ្ធភាព ទៅកាន់ច្រករបៀងសេដ្ឋកិច្ចសំខាន់ៗនៅកម្ពុជា និងតំបន់អាស៊ានទាំងមូល ហើយការវិនិយោគ ជាយុទ្ធសាស្ត្រទាំងនេះ នឹងជំរុញ ឱ្យមានការកាត់បន្ថយចំណាយឡូជីស្ទីក និងបង្កើនប្រសិទ្ធភាពប្រតិបត្តិការនៃធុរកិច្ច ដែលកំពុងប្រតិបត្តិការនៅកម្ពុជា ដើម្បីឱ្យពួកគេអាចទាញយក សក្តានុពលដ៏ធំពីទីផ្សារក្នុងតំបន់ ៕

អត្ថបទ ៖ វណ្ណលុក
រូបភាព ៖ វ៉េង លីមហួត, សួង ពិសិដ្ឋ និង ង៉ាន ទិត្យ

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner