សម្តេចតេជោ ហ៊ុន សែន ដាក់ពាក្យសុំលាឈប់ពីសមាជិក​សភា​នីតិកាលទី៧

ភ្នំពេញ៖សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្ស​ប្រជាជនកម្ពុជានៅថ្ងៃអង្គារទី២ ខែមេសា ឆ្នាំ២០២៤ នេះបានដាក់លិខិតលាឈប់ពីសមាជិករដ្ឋសភានីតិកាលទី៧ ដោយត្រូវជាប់ទៅបំពេញភារកិច្ចថ្មី។ នេះបើយោងតាមពាក្យសុំលាឈប់ផ្លូវការរបស់សម្តេចតេជោ ហ៊ុន សែន ជម្រាបជូនសម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា។សម្តេចតេជោ ហ៊ុន សែន រំពឹងថា នឹងកា្លយជាប្រធានព្រឹទ្ធសភានីតិកាលទី៥នេះ។

សូមរំលឹកដែរថា កាលពីព្រឹកថ្ងៃចន្ទទី១ ខែមេសាសម្តេចតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាតំណាងរាស្រ្តមណ្ឌលខេត្តកណ្តាលបានសរសេរលើលិខិតចុះវត្តមានបញ្ជីសមាជិកសភាចូលរួមប្រជុំ ថា «លាហើយរដ្ឋសភា ដែលខ្ញុំអង្គុយ និងធ្វើការជាងពាក់កណ្តាលជីវិត ដំណាក់កាលទី១ ខែមិថុនា ១៩៨១ ដល់ខែឧសភា ឆ្នាំ១៩៩៣ ហើយនិងចាប់ពីថ្ងៃ១៤មិថុនា ឆ្នាំ១៩៩៣ ដល់ថ្ងៃទី២មេសា ឆ្នាំ២០២៤»។

ដោយឡែកយោងតាមសេចក្តីជូនដំណឹងរបស់អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា បានឱ្យដឹងថា ព្រឹទ្ធសភានឹងប្រារព្ធពិធីបើកសម័យប្រជុំដំបូងនីតិកាលទី៥ក្រោមព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុតរបស់ព្រះករុណា ព្រះបាទសម្តេចព្រះ បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជានាថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៤ វេលាម៉ោង ៨ព្រឹក នៅវិមានព្រឹទ្ធសភា។

យោងតាមរដ្ឋធម្មនុញ្ញ ព្រឹទ្ធសភាជាអង្គការដែលមានអំណាចនីតិប្បញ្ញត្តិ ហើយបំពេញភារកិច្ចរបស់ខ្លួន ដូចបានកំណត់ ក្នុងរដ្ឋធម្មនុញ្ញ និងច្បាប់ជាធរមាន។ព្រឹទ្ធសភាមានសមាជិកស្មើនឹងពាក់កណ្ដាលនៃចំនួនសមាជិករដ្ឋសភាទាំងមូល ។

នីតិកាលទី៥នេះព្រឹទ្ធសភាមានសមាជិកចំនួន៦២រូប។ក្នុងនេះសមាជិកព្រឹទ្ធសភាចំនួនពីររូប ត្រូវបានចាត់តាំងដោយ ព្រះមហាក្សត្រ, ចំនួនពីររូបត្រូវបានរដ្ឋសភាជ្រើសតាំងតាមមតិភាគច្រើនដោយប្រៀប។ រីឯសមាជិកព្រឹទ្ធសភាឯទៀត ត្រូវបានជ្រើសតាំងដោយការបោះឆ្នោតអសកល (ដោយអង្គបោះឆ្នោត ជាសមាជិកក្រុមប្រឹក្សាឃុំសង្កាត់និងសមាជិក រដ្ឋសភាក្នុងតំណែង) ។

សូមបញ្ជាក់ថា ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ កាលពីថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤មានគណបក្ស នយោបាយចំនួនបួន ចូលរួមប្រកួតប្រជែងកៅអីចំនួន៥៨ ។ជាលទ្ធផល គណបក្សប្រជាជនកម្ពុជា ទទួលបាន ៥៥អាសនៈ និងគណបក្សឆន្ទៈខ្មែរទទួលបាន ៣អាសនៈ។ចំណែកគណបក្សហ្វុនស៊ិនប៉ិច និងគណបក្សកម្លាំងជាតិដែលចូលរួមដែរ នោះ មិនទទួលបានអាសនៈទេ៕
ដោយ៖ពលជ័យ

ads banner