ប្រមុខការទូតអាមេរិកទៅបារាំង ពិភាក្សាពីសង្គ្រាមអ៊ុយក្រែន និងហ្គាហ្សា

វ៉ាស៊ីនតោន៖ រដ្ឋមន្ត្រីការបរទេសអាមេរិក ក្នុងថ្ងៃអង្គារនេះ នឹងជួបពិភាក្សាជាមួយប្រធានាធិបតីបារាំងនៅទីក្រុងប៉ារីស ដែលផ្តោតសំខាន់លើការគាំទ្រអ៊ុយក្រែនក្នុងសង្រ្គាមប្រឆាំងនឹងរុស្ស៊ី ក៏ដូចជាជម្លោះរវាងអ៊ីស្រាអែល និងក្រុមហាម៉ាសនៅតំបន់ហ្គាហ្សា។

ការិយាល័យប្រធានាធិបតីបារាំងបានប្រាប់កាសែត AFP ថា រដ្ឋមន្ត្រីការបរទេសអាមេរិក លោក អាន់ថូនី ប្លីងគែន នឹងជួបជាមួយលោកប្រធានាធិបតី អេម៉ានុយអែល ម៉ាក្រុង នៅទីក្រុងប៉ារីស ក្នុងគោលបំណងពិភាក្សាអំពីវិបត្តិអន្តរជាតិដែលកំពុងកើនឡើង ក្នុងរួមមានសង្គ្រាមរវាងរុស្ស៊ី-អ៊ុយក្រែន និងជម្លោះអ៊ីស្រាអែល-ក្រុមហាម៉ាស់នៅតំបន់ហ្គាហ្សា។

ហើយកំឡុងពេលបំពេញទស្សនកិច្ចនៅប្រទេសបារាំងនេះដែរ លោក ប្លីងគែន ក៏នឹងមានជំនួបពិភាក្សាជាមួយរដ្ឋមន្ត្រីការបរទេសបារាំង លោក Stephane Sejourne ផងដែរ។ ក្រសួងការបរទេសបារាំងនិយាយថា ប្រមុខការទូតទាំងពីរនឹងពិភាក្សាអំពីការរៀបចំកិច្ចប្រជុំកំពូលរបស់អង្គការណាតូ ក្នុងទីក្រុងវ៉ាស៊ីនតោន នៅខែកក្កដាខាងមុខ ក៏ដូចជាភ្លើងសង្គ្រាមដ៏ក្តៅគគុកនៅតំបន់មជ្ឈិមបូព៌ា អ៊ុយក្រែន និងស៊ូដង់ជាដើម។

ហើយបន្ទាប់ពីកិច្ចប្រជុំនោះ ពួកលោកក៏នឹងធ្វើសន្និសីទកាសែតរួមគ្នាផងដែរ។
ក្រៅពីប្រទេសបារាំង លោក ប្លីងគែន ក៏នឹងធ្វើដំណើរទៅកាន់ទីក្រុងប្រុចសែល ប្រទេសប៊ែលហ្ស៊ិក សម្រាប់កិច្ចពិភាក្សាថ្នាក់រដ្ឋមន្ត្រីការបរទេសអង្គការណាតូ មុនពេលកិច្ចប្រជុំកំពូលខួបលើកទី ៧៥ របស់សម្ព័ន្ធភាពយោធានេះនៅទីក្រុងវ៉ាស៊ីនតោន ក្នុងខែកក្កដា។

ជាមួយគ្នានេះ លោក ប្លីងគែន ក៏នឹងរៀបចំកិច្ចប្រជុំត្រីភាគីនៅទីក្រុងប្រុចសែល ជាមួយមេដឹកនាំសហភាពអឺរ៉ុប និងនាយករដ្ឋមន្ត្រីអាមេនី លោក Nikol Pashinyan ដែលកំពុងស្វែងរកការផ្តាច់ខ្លួនចេញពីសម្ព័ន្ធភាពជាប្រវត្តិសាស្ត្ររបស់ប្រទេសខ្លួនជាមួយរុស្ស៊ី៕

ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner