អ្នកឧកញ៉ា គិត ម៉េង ៖ កិច្ចប្រជុំកំពូលធុរកិច្ចអាស៊ាន-កម្ពុជា សបញ្ជាក់ពីការប្តេជ្ញាចិត្តជំរុញកំណើន និងកិច្ចសហប្រតិបត្តិការក្នុងតំបន់អាស៊ាន
ភ្នំពេញ៖ សភាពាណិជ្ជកម្មកម្ពុជា និងក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ាន-កម្ពុជា សហការជាមួយសភាពាណិជ្ជកម្មអន្តរជាតិ សមាគមពាណិជ្ជកម្មនៅកម្ពុជា និងអាស៊ាន នៅល្ងាចថ្ងៃទី១ ខែមេសា បានរៀបចំពិធីជប់លៀង COCKTAILS នៅសណ្ឋាគារសូហ្វីតែលភ្នំពេញភូគីត្រា ដើម្បីទទួលស្វាគមន៍ សំណេះសំណាលជជែកពិភាក្សាការងារ និងបង្កើនភាពស្និទ្ធស្នាល ជាមួយគណៈប្រតិភូធុរកិច្ចជាតិ និងអន្តរជាតិ ដែលអញ្ជើញចូលរួមកិច្ចប្រជុំកំពូលធុរកិច្ចអាស៊ាន-កម្ពុជា នៅរាជធានីភ្នំពេញ។
ថ្លែងក្នុងពិធីនេះ អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ានសម្រាប់កម្ពុជា មានប្រសាសន៍ថា ការរៀបចំព្រឹត្តិការណ៍ដ៏មានសារៈសំខាន់នេះ គឺជាសក្ខីភាពសម្រាប់ទំនាក់ទំនងដ៏មានអត្ថន័យ និងទទួលបានការបំផុសគំនិតនៅក្នុងទស្សនៈទានសម្បូរបែបដែលត្រូវបានលើកបង្ហាញនៅក្នុងរាត្រីនេះ។ អ្នកឧកញ៉ា គិត ម៉េង បន្តថា ចូរយើងទាំងអស់គ្នាបង្កើតសម្ព័ន្ធភាពដែលឆ្លងកាត់ព្រំដែន និងស្វែងរកដំណោះស្រាយប្រកបដោយនវានុវត្តន៍ ដើម្បីដោះស្រាយបញ្ហាប្រឈម និងសម្រាប់ឱកាសដ៏គួរឱ្យរំភើបដែលមាននាពេលអនាគត។
ឆ្លៀតក្នុងឱកាសនេះ អ្នកឧកញ៉ា ក៏បានជំរុញឱ្យមានលំហូរនៃការសន្ទនា ឱ្យមានការចាប់យកនូវគោលគំនិត និងការបង្កើតមូលដ្ឋានគ្រឹះសម្រាប់សហគមន៍អាជីវកម្មដែលកាន់តែរឹងមាំ និងកាន់តែមានទំនាក់ទំនងគ្នាទៅវិញទៅមក នាពេលរាត្រីនេះផងដែរ។ ជាមួយគ្នានេះ អ្នកឧកញ៉ាប្រធានក៏បានថ្លែងអំណរគុណចំពោះដៃគូសហការពាក់ព័ន្ធ និងអ្នកឧបត្ថម្ភទាំងអស់ ដែលបានគាំទ្រដោយសប្បុរសនូវកិច្ចខិតខំប្រឹងប្រែងនេះ។ ហើយការប្តេជ្ញាចិត្តនេះ នឹងផ្តល់ថាមពលដល់សក្តានុពលសម្រាប់កំណើន និងវឌ្ឍនភាព។ ហើយចំពោះសភាពាណិជ្ជកម្ម និងសមាគមពាណិជ្ជកម្មអន្តរជាតិរបស់យើង ការគាំទ្ររបស់អ្នកក្នុងការជំរុញទំនាក់ទំនងអាជីវកម្មសកល គឺពិតជាមានតម្លៃដែលមិនអាចកាត់ថ្លៃបាន។
គួរបញ្ជាក់ថា កិច្ចប្រជុំកំពូលធុរកិច្ចអាស៊ាន-កម្ពុជាឆ្នាំ ២០២៤ មានគោលដៅជំរុញសក្តានុពលអាស៊ាន ដែលកម្ពុជា គឺជាចំណុចស្នូល និងលើកយកប្រធានបទសំខាន់ៗ មកជជែកពិភាក្សា រួមមាន៖ តំណភ្ជាប់ខ្សែបញ្ជូនថាមពលអាស៊ាន ចីរភាព និងថាមពលកកើតឡើងវិញរបស់អាស៊ាន (ASEAN energy grid connectivity and ASEAN renewable energy and sustainability) កម្ពុជា គឺជាច្រកទ្វារទៅកាន់អាស៊ាន (Cambodia-Gateway to ASEAN) និងការប្រើប្រាស់បច្ចេកវិទ្យាដើម្បីកំណើនប្រកបដោយបរិយាប័ន្ន (Leveraging Technology for Inclusive Growth)៕
អត្ថបទ៖ ឈឹម ទីណា