អតិផរណាអាល្លឺម៉ង់ធ្លាក់ចុះទាបបំផុត ចាប់តាំងពីឆ្នាំ២០២១

ប៊ែរឡាំង៖ អតិផរណានៅក្នុងប្រទេសអាល្លឺម៉ង់ បានធ្លាក់ចុះបន្ថែមទៀតនៅក្នុងខែមីនា ដល់ ២.២ភាគរយ ខណៈដែលនៅក្នុងខែកុម្ភៈ មានចំនួន ២.៥ភាគរយ និងនៅក្នុងខែមករា មានចំនួន ២.៩ភាគរយ នេះបើយោងតាមទិន្នន័យបឋមដែលចេញផ្សាយដោយការិយាល័យស្ថិតិសហព័ន្ធ នៅថ្ងៃអង្គារ។

នេះគឺជាតួលេខទាបបំផុតចាប់តាំងពីខែមេសា ឆ្នាំ២០២១ ជាឆ្នាំដែលអតិផរណាអាល្លឺម៉ង់មានចំនួន ២ភាគរយ។ វិទ្យាស្ថាន ifo ដែលស្រាវជ្រាវសេដ្ឋកិច្ចមានមូលដ្ឋាននៅទីក្រុងមុយនិច បានព្យាករណ៍ពីការធ្លាក់ចុះអតិផរណាបន្ថែមទៀតក្នុងប៉ុន្មានខែខាងមុខនេះ។

ប្រធានផ្នែកស្រាវជ្រាវសេដ្ឋកិច្ចនៅវិទ្យាស្ថាន ifo លោក Timo Wollmershäuser បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយថា អតិផរណាអាល្លឺម៉ង់ទំនងជានឹងធ្លាក់ចុះបន្ថែមទៀត ដល់ក្រោម ២ភាគរយនៅក្នុងរដូវក្តៅ។ ជាមធ្យម វិទ្យាស្ថានស្រាវជ្រាវសេដ្ឋកិច្ចអាល្លឺម៉ង់ឈានមុខគេមួយនេះ បានរំពឹងថា អតិផរណាអាល្លឺម៉ង់នឹងធ្លាក់ចុះខ្លាំងមកត្រឹម ២.៣ភាគរយប៉ុណ្ណោះ សម្រាប់រយៈពេលពេញមួយឆ្នាំ២០២៤ បន្ទាប់ពីអតិផរណាកើនដល់ ៥.៩ភាគរយកាលពីឆ្នាំមុន។

គួរបញ្ជាក់ថា អាល្លឺម៉ង់បានវ៉ាដាច់ជប៉ុន ជាប្រទេសមហាអំណាចសេដ្ឋកិច្ចធំជាងគេទី៣ របស់ពិភពលោក បន្ទាប់ពីសហរដ្ឋអាមេរិក និងចិន ក្រោយពេលដែលប្រទេសអាស៊ីមួយនេះ ធ្លាក់ចូលទៅក្នុងវិបត្តិសេដ្ឋកិច្ចមិនធ្លាប់មាន។ យោងតាមទិន្នន័យផ្លូវការចុងក្រោយបង្អស់បានបង្ហាញថា ផលិតផលក្នុងស្រុកសរុប (GDP) របស់ប្រទេសជប៉ុនក្នុងឆ្នាំ២០២៣ មានចំនួន ៤.២ទ្រីលានដុល្លារ ខណៈអាល្លឺម៉ង់វិញមានរហូតដល់ ៤.៥ទ្រីលានដុល្លារ៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner