ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ៖ វិស័យមុខងារសាធារណៈជាមូលដ្ឋានចាំបាច់ក្នុងការជំរុញល្បឿននៃការអភិវឌ្ឍសង្គម សេដ្ឋកិច្ចកម្ពុជា

(ភ្នំពេញ)៖ ឯកឧត្ដម ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី បានបង្ហាញនូវមោទនភាពខ្ពស់ចំពោះការបោះជំហានឆ្ពោះ ទៅមុខនៃវិស័យមុខងារសាធារណៈ ដែលបាននិងកំពុងចូលរួមចំណែកដល់ការលើកកម្ពស់អភិបាលកិច្ចក្នុងរដ្ឋបាលសាធារណៈ ដែលជាមូលដ្ឋានចាំបាច់ក្នុងការជំរុញល្បឿននៃការអភិវឌ្ឍសង្គម សេដ្ឋកិច្ចកម្ពុជា។

ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី គូសបញ្ជាក់បន្ថែមថា សមិទ្ធផលទាំងនេះអាចសម្រេចទៅបាន អាស្រ័យដោយកត្តាសំខាន់ ៣ យ៉ាងគឺ៖ (១) កត្តាគោលនយោបាយ និងយុទ្ធសាស្ត្រដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាល ជាពិសេស យុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ដើម្បីកំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព កសាងមូលដ្ឋានគ្រឹះឆ្ពោះទៅសម្រេចចក្ខុវិស័យឆ្នាំ២០៥០ កម្ពុជាក្លាយជាប្រទេសមានចំណូលខ្ពស់ (២) កត្តាផ្ទៃក្នុងនៃក្រសួងមុខងារសាធារណៈ គឺដោយសារតែយើងមានចក្ខុវិស័យ ឆន្ទៈ និងផែនការច្បាស់លាស់ មានរចនាសម្ព័ន្ធការងារត្រឹមត្រូវ មានប្រព័ន្ធការងារល្អ និងជាពិសេស មានថ្នាក់ដឹកនាំនិងមន្ត្រីគ្រប់កម្រិតដែលមានជំនាញ សមត្ថភាពខ្ពស់ និងបំពេញការងារឈរលើ មូលដ្ឋានអភិក្រមបុរេសកម្មនិងសកម្ម យោគយល់ អធ្យាស្រ័យ សហការគ្នា ស្មារតីជាក្រុម និងទទួលខុសត្រូវខ្ពស់ទៅតាមជំនាញនិងភារកិច្ចរៀងៗខ្លួន និងទី(៣) កត្តាចូលរួមរបស់ក្រសួង ស្ថាប័ន រដ្ឋបាលថ្នាក់ក្រោមជាតិ និងភាគីពាក់ព័ន្ធទាំងអស់ជាមួយក្រសួងមុខងារសាធារណៈ គឺជាលក្ខខណ្ឌដ៏ចាំបាច់និងមិនអាចខ្វះបាន ដែលធានាឱ្យសម្រេចបាននូវសមិទ្ធផលជាច្រើន នាពេលកន្លងមក និងដែលត្រូវសម្រេចបន្ថែមទៀតនាពេលខាងមុខ ។

ការលើកឡើងរបស់ ឯកឧត្តម ហ៊ុន ម៉ានី រដ្ឋមន្រ្តីក្រសួងមុខងារសារធារណៈ នៅក្នុងឱកាសអញ្ចើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់បើក «សន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់ក្រសួងមុខងារសាធារណៈ» ដើម្បីត្រួតពិនិត្យ វាយតម្លៃ និងបូកសរុបលទ្ធការងារដែលក្រសួងសម្រេចបាន នៅក្នុងឆ្នាំ២០២៣ និងដាក់ចេញនូវទិសដៅការងារសម្រាប់ឆ្នាំ២០២៤ ។

គួរបញ្ជាក់ថាចាប់តាំងពីត្រូវបានបង្កើតឡើងនៅឆ្នាំ២០១៣ ដោយការរួមបញ្ចូលគ្នានូវស្ថាប័នចំនួន៣ គឺរដ្ឋលេខាធិការដ្ឋានមុខងារសាធារណៈ អគ្គលេខាធិការដ្ឋាន នៃក្រុមប្រឹក្សាកំណែទម្រង់រដ្ឋបាល និងសាលាភូមិន្ទរដ្ឋបាល ក្រសួងមុខងារសាធារណៈមានបេសកកម្មនិងភារកិច្ចដឹកនាំ គ្រប់គ្រង និងអភិវឌ្ឍវិស័យមុខងារសាធារណៈ និងការកែទម្រង់រដ្ឋបាលសាធារណៈនៃព្រះរាជាណាចក្រកម្ពុជា។

នៅក្នុងនីតិកាលទី៧ នៃរដ្ឋសភា ក្រសួងមុខងារសាធារណៈទទួលបាននូវភារកិច្ចថ្មីមួយបន្ថែមទៀត គឺជាលេខាធិការដ្ឋាននៃគណៈកម្មាធិការជាតិជំរុញការអនុវត្តវិធានការគន្លឹះ ក្នុងការកែទម្រង់រដ្ឋបាលសាធារណៈរបស់រាជរដ្ឋាភិបាល នីតិកាលទី៧នៃរដ្ឋសភា (ហៅកាត់ថា គ.វ.រ.) ដែលគណៈកម្មាធិការជាតិនេះដឹកនាំផ្ទាល់ដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងមានសមាសភាពជារដ្ឋមន្ត្រីពីគ្រប់ក្រសួង ស្ថាប័ន និងអភិបាលនៃគណៈអភិបាលរាជធានី ខេត្តទាំង២៥ ៕

ដោយ ៖ ហេង សម្បត្តិ

ហេង សម្បត្តិ
ហេង សម្បត្តិ
ជាការីថត ជាអ្នកយកព័ត៌មាន ក៏ជាអ្នកជំនាញកាត់តវីដេអូ ប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរាផងដែរ។ តាមរយៈបទពិសោធន៍ជាច្រើនឆ្នាំលើវិស័យព័ត៌មាន នឹងនាំមកជូនទស្សនិកជននូវព័ត៌មានសម្បូរបែប ប្រកបដោយវិជ្ជាជីវៈ។
ads banner
ads banner
ads banner