សម្តេចតេជោ ហ៊ុន សែន រំលឹកប្រវត្តិនៃការបង្កើតស្ថាប័នព្រឹទ្ធសភា (Video Inside)
សម្តេចតេជោ ហ៊ុន សែន បានរំលឹកអតីតកាល នៃការបង្កើតស្ថាប័នរដ្ឋសភា ដែលបានក្លាយជាស្ថាប័នគន្លឹះដ៏ធំ ជួយដោះស្រាយភាពទ័លច្រកនយោបាយក្នុងអតីតកាល។
ប្រសាសន៍របស់សម្តេចតេជោ ហ៊ុន សែន បានធ្វើនាព្រឹកថ្ងៃទី៣មេសា នៅវិមានព្រឹទ្ធសភា ក្នុងឱកាសកិច្ចប្រជុំព្រឹទ្ធសភានីតិកាលទី៥ លើកដំបូង ក្រោមព្រះរាជវត្តមានដ៏ខ្ពង់ខ្ពស់របស់ព្រះមហាក្សត្រខ្មែរ។
សម្តេចតេជោ ហ៊ុន សែន ត្រូវបានជ្រើសតាំងជាប្រធានព្រឹទ្ធសភាអាណ្ណត្តិថ្មី រីឯលោក ប្រាក់ សុខុន ជាអនុប្រធានទី១ និងលោក អ៊ុច បូររិទ្ធ គឺជាអនុប្រធានទី២។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា គំនិតនៃការបង្កើតព្រឹទ្ធសភា បានកើតចេញពីគំនិតរបស់សម្តេចវិបុលបញ្ញា សុខ អាន ដើម្បីបំបែកនូវភាពទ័លច្រកនយោបាយ ដែលកើតឡើងក្នុងអតីតកាលឆ្នាំ១៩៩៨។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងរំលឹកថា ក្រោយគំនិតបង្កើតព្រឹទ្ធសភា ដើម្បីបំបាត់ភាពជាប់គាំងនយោបាយនោះរួចមក, សម្តេចអគ្គមហាធម្មពោធិសាល ជា ស៊ីម បានធ្វើជាប្រធានព្រឹទ្ធសភា…ចំណែកសម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ បានធ្វើជាប្រធានរដ្ឋសភា រីឯរូបសម្តេចផ្ទាល់ គឺជានាយករដ្ឋមន្ត្រី។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា បើគ្មានតួអង្គសម្តេចព្រះបរមរតនកោដ្ឋសម្តេចព្រះ នរោត្តម សីហនុ ក្នុងការជួយសម្របសម្រួលនយោបាយក្នុងពេលនោះទេ ម្ល៉េះវិបត្តិជាប់គាំងនយោបាយអាចនឹងបន្តជាប់គាំង ហើយក្លាយជាអំពើបង្ហូរឈាមថែមទៀត គ្រាដែលក្រុមឧទ្ទាមខ្មែរក្រហមបានស្ថិតក្នុងព្រៃនៅឡើយ។
នារសៀលថ្ងៃទី៣មេសាដដែលនេះផងដែរ ប្រធានព្រឹទ្ធសភា, អនុប្រធានទាំង២រូប រួមនឹងសមាជិកព្រឹទ្ធសភាសរុបទាំង ៦២រូប បានចូលធ្វើពិធីសច្ចាប្រណិធាន នៅព្រះបរមរាជវាំង។