ប្រធានក្លឹបអ្នកកាសែតកម្ពុជា ៖ អតីតនាយករដ្ឋមន្រ្តី សម្តេចតេជោ ហ៊ុន សែន បន្ទាប់ពីក្លាយជាប្រធានព្រឹទ្ធសភា មានអ្វីប្លែក?
ភ្នំពេញ៖ លោក ពុយ គា ប្រធានក្លឹបអ្នកកាសែតកម្ពុជា បានសរសេរលើបណ្ដាញសង្គមនៅយប់ថ្ងៃទិ០៣ ខែមេសា ឆ្នាំ២០២៤ ថា អតីតនាយករដ្ឋមន្ត្រីកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានក្លាយជាប្រធានព្រឹទ្ធសភា នៅថ្ងៃពុធ ទី៣ ខែមេសា ឆ្នាំ២០២៤ ជាតំណែងដែលផ្តល់តួនាទីកាន់តែទូលាយមិនត្រឹមតែជាដើមខ្សែអូសបន្ទាត់នយោបាយ ទៅលើស្ថាប័ននីតិប្រតិបត្តិប៉ុណ្ណោះទេ ប៉ុន្តែបានប្រឡាយរហូតដល់ស្ថាប័ននីតិប្បញ្ញត្តិដ៏កំពូលមួយទៀត ។
ក្រោយចាកចេញពីកៅអីនយោបាយកំពូលបាន៧ខែ លោកក៏វិលត្រលប់មកវិញ កាន់តំណែងជាប្រធានព្រឹទ្ធសភានៅពេលដែលលោកចូលដល់វ័យចំណាស់៧២ឆ្នាំ «ជាឆ្នាំលេខគូកន្ទុយដូចគ្នា» បន្ទាប់ពីលោកបានក្លាយជានាយករដ្ឋមន្រ្តីកាលពីនៅវ័យ៣២ឆ្នាំ ហើយក៏ជាឆ្នាំគាប់ជួននឹងពេលវេលាបញ្រ្ចាសពី៧២ទៅនឹង២៧ ដែលលោកក្លាយជារដ្ឋមន្ត្រីការបរទេសនៅវ័យ២៧ឆ្នាំ។
បទចម្រៀង «បុរីជូឡុង» បានរៀបរាប់អំពី «ស្នេហ៍វ័យចំណាស់ ចេះថ្នាក់ថ្នមចិត្ត» បានបង្កប់នូវអត្ថន័យបែបមនោសញ្ចេតនាផ្អែមល្ហែមដែលគួរឱ្យទាក់ទាញក្នុងបរិបទស្នេហា ប៉ុន្តែក្នុងបរិបទនយោបាយ ប្រហែលពិបាករកអ្នកនិពន្ធដែលហ៊ានអះអាងថា លោកនឹងផ្អែមល្ហែម ស្រទន់ដូចបទចម្រៀងមួយនេះ ។
ជាប្រធានគណបក្សកាន់អំណាច លោកអាចតែងតាំង ដោះដូរ និងមានឥទ្ធិពលពេញសំណុំទៅលើឥស្សរជននយោបាយគ្រប់រូប សូម្បីតែនាយករដ្ឋមន្ត្រី ដរាបណាឥស្សរជនទាំងនោះមកពីគណបក្សប្រជាជនកម្ពុជា ដែលជាគណបក្សកាន់អំណាច។ ជាប្រធានព្រឹទ្ធសភា លោកនឹងក្លាយជាប្រមុខរដ្ឋស្តីទីនៅពេលដែលព្រះមហាក្សត្រ អវត្តមានពីប្រទេស។ ក្នុងឋានៈជាប្រធានព្រឹទ្ធសភា លោកក៏នឹងចុះហត្ថលេខាលើឯកសារជាតិសំខាន់ៗ ឬព្រះរាជក្រឹត្យនានានៅពេលព្រះមហាក្សត្រអវត្តមាន។ ជាស្វ័យប្រវត្តិ លោកក៏ជាប្រធានក្រុមប្រឹក្សារាជបល្ល័ង្កដែលជាស្ថាប័នជ្រើសរើសអ្នកស្នងរាជ្យនៅពេលវេលាណាមួយចូលមកដល់។ ក្រៅពីនោះ លោកក៏ជាប្រធានក្រុមឧត្តមប្រឹក្សានៃព្រះមហាក្សត្រដែលប្រជុំដោយឥស្សរជនដែលមានបរមងារសុទ្ធសឹងជាសម្តេច និងជាអតីតឧបនាយករដ្ឋមន្រ្តី។
និយាយមួយបែបសម្តេចតេជោ មានអាត់នៅនឹងដៃចំនួន៣រួចទៅហើយ នោះគឺប្រធានគណបក្ស, ប្រធានព្រឹទ្ធសភា និងប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ រីឯអាត់ចុងក្រោយគឺប្រមុខរដ្ឋស្តីទីនោះតែម្តង។ យោងទៅលើមុខតំណែង និងតួនាទីដូចបានរៀបរាប់ខាងលើ សម្តេចតេជោ ប្រៀបដូចជា ប្រទេសមហាអំណាចមួយនៅលើអាណាចក្រនយោបាយនៅកម្ពុជា ព្រោះសូម្បីតែនៅរាល់ព្រឹត្តិការណ៍ជាតិទាំងឡាយ លោកនឹងត្រូវស្ថិតនៅទីតាំងដែលមានឋានានុក្រមខ្ពស់ជាងគេបន្ទាប់ពីព្រះមហាក្សត្រ និងនៅតែខ្ពស់ជាងកូនប្រុសរបស់លោកដែលជានាយករដ្ឋមន្រ្តី។
ក្រោយកាន់អំណាចបាន៣៨ឆ្នាំ សម្តេចតេជោ បានលាលែងពីតំណែងនាយករដ្ឋមន្ត្រីកាលពីខែសីហាឆ្នាំ២០២៣ ហើយតំណែងនេះក៏បានបន្តដោយកូនប្រុសច្បងរបស់លោក គឺសម្តេចធិបតី ហ៊ុន ម៉ាណែត។
ក្នុងនាមជាប្រធានគណបក្សប្រជាជនកម្ពុជា សម្តេចតេជោ អាចគ្រប់គ្រងលើអាសនៈចំនួន១២០ ក្នុងចំណោមអាសនៈរដ្ឋសភាចំនួន១២៥ បន្ទាប់ពីការបោះឆ្នោតសកលកាលពីខែកក្កដា ឆ្នាំ២០២៣ និង៥៥អាសនៈលើ៥៨នៅព្រឹទ្ធសភា ដែលបានប្រកួតប្រជែងកាលពីថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤។
ពីរថ្ងៃមុនក្លាយជាប្រធានព្រឹទ្ធសភា អតីតនាយករដ្ឋមន្រ្តីដ៏មានឥទ្ធិពលរូបនេះ បានថ្លែងនៅឯសភាជាន់ទាបថា លោកបានអង្គុយក្នុងរដ្ឋសភាជាតិអស់រយៈពេល៤៣ឆ្នាំ (ជាងពាក់កណ្តាលជីវិតរបស់លោក) ប៉ុន្តែលោកត្រូវលាលែងទាំងក្តីអាល័យពីអាសនៈដ៏ចំណាស់មួយនេះដើម្បីទៅបំពេញភារកិច្ចថ្មី។
ជំរំថ្មីលើដែនដីចាស់ឥស្សរជននយោបាយជាន់ខ្ពស់ចំនួន៥រូប បានចាកចេញពីជំរំការបរទេស រួមមាន៖ លោក ប្រាក់ សុខុន អតីតរដ្ឋមន្ត្រីក្រសួងការបរទេស និងរដ្ឋលេខាធិការចំនួន៤រូបផ្សេងទៀត ក្នុងនោះពីររូបធ្លាប់ជាតំណាងអចិន្ត្រៃយ៍របស់កម្ពុជាប្រចាំនៅអង្គការសហប្រជាជាតិ (លោក អ៊ុច បូររិទ្ធ និងលោក ចែម វីឌ្យ៉ា, លោក ឡាយ សំកុល និងលោក ឈីវ យីស៊ាង)។
តាំងពីដំបូងមកម្លេះ ខ្ញុំបានសាកល្បងប្រមើលមើលថា វត្តមានមន្ត្រីការទូតកំពូលនិងជាន់ខ្ពស់ទាំង៥រូប ដែលបាន «លាជំរុំចាស់ទៅកាន់ជំរុំថ្មី» ប្រហែលជាការគូសវាសរបស់សម្តេចតេជោដែលនឹងប្រើប្រាស់ព្រឹទ្ធសភាជាខ្សែទំនាក់ទំនងការទូតសម័យថ្មីដើម្បីធ្វើការជាមួយទាំងប្លុកខាងកើតនិងប្លុកខាងលិច ដោយដើរលើផ្លូវស្របតែមួយជាមួយនឹងកូនប្រុសរបស់លោកដែលកំពុងកាន់អំណាចនីតិប្រតិបត្តិ។
ការប្រមើលមើលរបស់ខ្ញុំអាចប្រហែលត្រូវមួយជ្រុងបន្ទាប់ពីសម្តេចតេជោបានថ្លែងនៅឯវិមានព្រឹទ្ធសភានៅថ្ងៃពុធនេះថា «តួនាទីរបស់ព្រឹទ្ធសភា ក៏មានសារៈសំខាន់យ៉ាងខ្លាំងផងដែរ ក្នុងការអភិវឌ្ឍទំនាក់ទំនងអន្តរជាតិ។ ដោយហេតុផលនោះ និងសម្រាប់នីតិកាលនេះ ទូលបង្គំខ្ញុំនឹងយកការលើកកម្ពស់ការទូតសភាជាអាទិភាពមួយក្នុងចំណោមអាទិភាពរបស់ស្ថាប័នយើង»។
បណ្តាំចងចាំមិនភ្លេចថ្លែងដោយជំនឿយ៉ាងមុតមាំ សម្តេចតេជោ បានផ្ញើបណ្តាំដល់សមាជិកព្រឹទ្ធសភាអាណត្តិថ្មីទាំង៦២រូប សូមឱ្យថែរក្សាសុខភាពយ៉ាងហោចណាស់ឱ្យដល់ «ចប់អាណត្តិ» រយៈពេលប្រាំមួយឆ្នាំ។ បណ្តាំមួយនេះ ប្រហែលជាសមាជិកព្រឹទ្ធសភាទាំងអស់មិនអាចបំភ្លេចបានឡើយ។
ទិដ្ឋភាពដ៏កម្រនៃតំណាងប្រទេសមហាអំណាចពីរនៅជាប់គ្នា ពិតជាគួរឱ្យចាប់អារម្មណ៍នូវទិដ្ឋភាពដ៏កម្រ ដែលតំណាងនៃប្រទេសមហាអំណាចពីរ ឯកអគ្គរដ្ឋទូតអាម៉េរិក និងចិន ត្រូវបានគេរៀបចំឱ្យអង្គុយនៅក្បែរគ្នាដោយកាយវិការទន់ភ្លន់រកគ្នា ទោះបីជាកម្តៅនៃទំនាក់ទំនងរវាងប្រទេសទាំងពីរនៅមិនទាន់ធ្លាក់ចុះមកវិញនៅឡើយ។ រូបថតមួយសន្លឹកនេះ នឹងធ្វើឱ្យអ្នកតាមដាននយោបាយបង្កើតជាចម្ងល់ថា ជាចេតនារបស់លោកទូតទាំងពីរ? ជាចេតនារបស់កម្ពុជា ជាប្រទេសម្ចាស់ផ្ទះ? ជាការរៀបចំបែបពិធីការទូតគិតតាមតួអក្សរ (A B C)? ឬពិធីការទូតគិតជាអតីតភាព (Seniority)? ដំបូងឡើយ រួមទាំងឯកអគ្គរដ្ធទូតរុស្សីមួយរូបទៀតដែលត្រូវអង្គុយជាប់នឹងលោកទូតអាម៉េរិក ពោលគឺប្រទេសមហាអំណាចទាំងបីត្រូវនៅជាប់គ្នាតែម្តង ប៉ុន្តែដោយសារមានសំណូមពរ ពិធីការ ក៏រៀបចំឱ្យជំទាវទូតសឹង្ហបុរីនៅកណ្តាលតែម្តងទៅ។ ដូចនេះ ចម្លើយគឺ «ពិធីការទូតគិតជាអតីតភាព» ហ្នឹងឯង៕
ដោយ ៖ វណ្ណលុក