ជប៉ុនចង់ពង្រឹងទំនាក់ទំនងសន្តិសុខស៊ីជម្រៅជាមួយឥណ្ឌូនេស៊ី

តូក្យូ៖ ជប៉ុននឹងពង្រឹងទំនាក់ទំនងសន្តិសុខឱ្យកាន់តែស៊ីជម្រៅជាមួយឥណ្ឌូនេស៊ី។ នេះជាការបញ្ជាក់របស់នាយករដ្ឋមន្ត្រីជប៉ុន លោក Fumio Kishida ប្រាប់ទៅកាន់ប្រធានាធិបតីជាប់ឆ្នោតឥណ្ឌូនេស៊ី លោក Prabowo Subianto នៅថ្ងៃពុធសប្តាហ៍នេះ។

ក្រសួងការបរទេសជប៉ុនបានលើកឡើងថា ក្នុងអំឡុងកិច្ចប្រជុំជាមួយលោក Prabowo នៅថ្ងៃពុធសប្តាហ៍នេះ លោក Kishida និយាយថា ប្រទេសជប៉ុនបានយកចិត្តទុកដាក់យ៉ាងខ្លាំង ចំពោះកិច្ចសហប្រតិបត្តិការជាមួយឥណ្ឌូនេស៊ី ក្នុងការរក្សា និងពង្រឹងសណ្តាប់ធ្នាប់អន្តរជាតិ ដោយសេរី និងបើកចំហដោយផ្អែកលើនីតិរដ្ឋ។

លោក Kishida បន្ថែមថា ជប៉ុននឹងជំរុញកិច្ចសហប្រតិបត្តិការសន្តិសុខឱ្យកាន់តែស៊ីជម្រៅជាមួយឥណ្ឌូនេស៊ី ក្រៅពីការផ្តល់នាវាល្បាតដ៏ធំមួយសម្រាប់ឥណ្ឌូនេស៊ី ដែលបានប្រកាសកាលពីខែធ្នូ ឆ្នាំ២០២៣។

នាឱកាសនោះដែរ លោក Prabowo បានបង្ហាញនូវការអរគុណសម្រាប់ជំនួយរបស់ជប៉ុន ព្រមជាមួយក្តីសង្ឃឹមរបស់គាត់ ក្នុងការពង្រឹងបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការទ្វេភាគី ក្នុងវិស័យជាច្រើន រួមទាំងសន្តិសុខ កសិកម្ម និងនេសាទ ជាពិសេសការការពារគ្រោះមហន្តរាយ។

ការបំពេញទស្សនកិច្ចនៅក្នុងប្រទេសជប៉ុន កើតឡើងបន្ទាប់ពីលោក Prabowo ដែលបច្ចុប្បន្នកាន់តំណែងជារដ្ឋមន្ត្រីការពារជាតិឥណ្ឌូនេស៊ីបណ្តោះអាសន្ន បានជួបជាមួយប្រធានាធិបតីចិន លោក ស៊ី ជីនពីង កាលពីថ្ងៃចន្ទ ដែលជាដំណើរទស្សនកិច្ចលើកដំបូងរបស់គាត់ ទៅកាន់ដៃគូពាណិជ្ជកម្មដ៏សំខាន់មួយចាប់តាំងពីគាត់បានឈ្នះការបោះឆ្នោតប្រធានាធិបតីឥណ្ឌូនេស៊ី ដែលបានធ្វើឡើងនៅក្នុងខែកុម្ភៈ។

នៅក្នុងកិច្ចពិភាក្សាទាំងនោះ ទីក្រុងប៉េកាំងបាននិយាយថា ខ្លួនមានឆន្ទៈក្នុងការធ្វើឱ្យស៊ីជម្រៅនូវកិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយជាមួយឥណ្ឌូនេស៊ី៕

ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner