អង្គការណាតូស្វែងរកប្រាក់ជាង ១០០ពាន់លានដុល្លារជួយអ៊ុយក្រែន
ប្រុចសែល៖ ក្រុមរដ្ឋមន្រ្តីការបរទេសនៃរដ្ឋជាសមាជិកអង្គការណាតូ នៅថ្ងៃពុធ និងថ្ងៃព្រហស្បតិ៍នេះ បានពិភាក្សាគ្នាអំពីការបង្កើតមូលនិធិចំនួន ១០០ពាន់លានអឺរ៉ូ ឬប្រហែល ១០៨ពាន់លានដុល្លារសម្រាប់អ៊ុយក្រែន។
អគ្គលេខាធិការអង្គការណាតូ លោក Jens Stoltenberg បានស្នើឱ្យបង្កើតមូលនិធិគាំទ្រផ្នែកយោធារយៈពេល ៥ឆ្នាំ ក្នុងទំហំទឹកប្រាក់ប្រមាណ ១០០ពាន់លានអឺរ៉ូ ឬប្រហែល ១០៨ពាន់លានដុល្លារសម្រាប់អ៊ុយក្រែន ហើយថែមទាំងបានជំរុញឱ្យពួកគេ ធានាដល់ការផ្គត់ផ្គង់អាវុធរយៈពេលវែង សម្រាប់កងកម្លាំងទីក្រុងគៀវ។
សំណើនេះ ត្រូវបានលើកយកមកពិភាក្សានៅក្នុងកិច្ចប្រជុំនាទីក្រុងប្រ៊ុចសែល នៅថ្ងៃពុធ និងថ្ងៃព្រហស្បតិ៍នេះ ក្នុងគោលបំណងរៀបចំកញ្ចប់ជំនួយថ្មីមួយឲ្យទាន់ពេលវេលា សម្រាប់លើកដាក់ក្នុងកិច្ចប្រជុំកំពូលរបស់អង្គការណាតូនៅទីក្រុងវ៉ាស៊ីនតោននាខែកក្កដាខាងមុខ។
នៅក្រោមផែនការនេះ អង្គការណាតូនឹងកាន់កាប់ការងារសម្របសម្រួលមួយចំនួនពីក្រុមចម្រុះដឹកនាំដោយសហរដ្ឋអាមេរិក ដែលគេស្គាល់ថា ជាក្រុមយោធា Ramstein។ អ្នកការទូតនិយាយថា ជំហាននេះត្រូវបានរៀបចំឡើងជាផ្នែកមួយដើម្បីការពារប្រឆាំងនឹងការកាត់បន្ថយជំនួយគាំទ្ររបស់សហរដ្ឋអាមេរិក ប្រសិនបើលោក ដូណាល់ ត្រាំ ឈ្នះការបោះឆ្នោតប្រធានាធិបតី។
ទោះបីជាយ៉ាងណា ការពិភាក្សាលើសំណើនេះ គឺស្ថិតនៅដំណាក់កាលដំបូងនៅឡើយ ហើយវាមិនច្បាស់ទេថាតើទឹកប្រាក់ជាង ១០៨ពាន់លានដុល្លារ នឹងត្រូវបានផ្តល់ហិរញ្ញប្បទានឫយ៉ាងណា ខណៈរាល់ការសម្រេចចិត្តរបស់ណាតូទាមទារឲ្យមានការឯកភាពគ្នា ក្នុងចំណោមសមាជិកទាំង៣២៕
ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា