អ៊ុយក្រែន-ហ្វាំងឡង់ចុះព្រមព្រៀងសន្តិសុខ ១០ឆ្នាំ
បរទេស៖ ប្រទេសហ្វាំងឡង់ និងអ៊ុយក្រែនបានប្រកាសពីការចុះកិច្ចព្រមព្រៀងសន្តិសុខ រយៈពេល ១០ឆ្នាំ កាលពីថ្ងៃពុធ។
ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky និងសមភាគីហ្វាំងឡង់ លោក Alexander Stubb បានធ្វើសន្និសីទសារព័ត៌មានរួមគ្នា បន្ទាប់ពីបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងរយៈពេលវែង ស្តីពីកិច្ចសហប្រតិបត្តិការសន្តិសុខ។ សន្ធិសញ្ញាទ្វេភាគីនេះ គឺជាកិច្ចព្រមព្រៀងចុងក្រោយបង្អស់ ក្នុងការបន្ត ការប្តេជ្ញាចិត្តរវាងអ៊ុយក្រែន និងអ្នកគាំទ្រនៅលោកខាងលិច របស់ខ្លួន។
ថ្លែងនៅក្នុងទីក្រុង Kyiv លោកប្រធានាធិបតីហ្វាំងឡង់បាននិយាយផងដែរថា ប្រទេសហ្វាំងឡង់នឹងផ្តល់កញ្ចប់ជំនួយយោធាចំនួន ១៨៨លានអឺរ៉ូ ឬ ២០២ លានដុល្លារអាមេរិក រួមមានទាំងប្រព័ន្ធការពារដែនអាកាស និងគ្រាប់រំសេវធុនធ្ងន់ ដល់កងទ័ពអ៊ុយក្រែន ដើម្បីជួយឱ្យយក «ឈ្នះសង្គ្រាម»។
អ៊ុយក្រែនកំពុងប្រឈមនឹងការខ្វះខាតអាវុធនៅជួរមុខ ចំពេលមានការពន្យារពេលជំនួយ ពីលោកខាងលិច។ កញ្ចប់ថវិកាចំនួន ៦០ពាន់លានដុល្លាររបស់អាមេរិក នៅតែជាប់គាំងត្រឹមសភាអាមេរិក៕ ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត