ល្បែងចាប់កូនខ្លែង

ល្បែងនេះគេតែងចាត់មនុស្សម្នាក់ដែលមានមាឌធំ ឲ្យធ្វើជាមេហ្វូង ហៅថា«មេមាន់» ហើយចាត់មនុស្សច្រើននាក់ ឲ្យធ្វើជាកូនមាន់។ បន្ទាប់មក គេជ្រើសរើសមនុស្សម្នាក់ទៀត ឲ្យធ្វើជាខ្លែង ចាំចាប់កូនមាន់។

រៀបលេង៖ មុននឹងលេង ពួកគេនាំគ្នាបង្កាត់ភ្លើងឲ្យបានជាភ្នក់១តូច អ្នកដែលធ្វើមេមាន់ ត្រូវបញ្ជាឲ្យកូនរបស់ខ្លួន តោងចង្កេះតៗគ្នាឈរជាជួរ។ ជាមួយគ្នានេះ មេមាន់ពោលពាក្យចំអកឡកឡឺយ ទៅខ្លែងថា៖«ចាប់កូនខ្លែងប្រលែងកូនអក ពពេចញ៉ែកញ៉ក កូនអញតែមួយ។ ជីកអន្លុងដាំត្រកួន ទន្សាយរត់ពួន ត្រកួនឡើងលាស់។ ទៀន១គូតាំងយូបាំងព្រះ លើកដៃសំពះ ដូនៗសុំភ្លើង»។


ចំណែកឯ អ្នកដែលធ្វើខ្លែង ឈរធ្វើព្រងើយ។ កាលបានឮមាន់និងកូនមាន់ស្រែកដូច្នេះ អ្នកដែលធ្វើជាខ្លែងក៏ដើរចូលទៅរកភ្នក់ភ្លើង ហើយនិយាយសុំភ្លើងថា «ដូនៗសុំភ្លើង!»។ ពេលនោះ មាន់ឆ្លើយថា «រលត់»។ បន្ទាប់មក ខ្លែងក៏បន្តទៀតថា : «សុំមួយអង្កត់»។
កាលបានលឺមេមាន់ពោលថា «ឲ្យកូនណាដែលកំបាក់កំបែក» ខ្លែងក៏តាំងដេញចាប់បេះយកកូន ណាដែលនៅក្រោយគេ។ រីឯ មេមាន់ខំការពារកូនរបស់ខ្លួន កុំឲ្យខ្លែងបេះយកបាន ហើយកូនមាន់ ក៏ខំប្រឹងតោងចង្កេះគ្នាយ៉ាងជាប់ រត់ពេនចុះពេនឡើង ខ្លាចខ្លែងចាប់បេះយកខ្លួនម្នាក់ៗបាន។

#សច្ចធម៌ប្រវត្ដិសាស្រ្ដ #ព្រះរាជាណាចក្រកម្ពុជា #ដំណើរកម្ពុជា #ចាប់កូនខ្លែង #ល្បែងប្រជាប្រិយខ្មែរ

Facebook Page: សច្ចធម៌ប្រវត្ដិសាស្រ្ដ

To all social media

ly-bunheng
ly-bunheng
លី ប៊ុនហេង ប្រធានផ្នែកផ្សព្វផ្សាយ នៃសច្ចធម៌ប្រវត្តិសាស្រ្ដ
ads banner
ads banner
ads banner