មន្ទីរព័ត៌មានខេត្តកំពង់ធំ រៀបចំពិធីសូត្រមន្តលើករាសីឆ្នាំថ្មី និងប្តេជ្ញាពង្រឹងវិស័យព័ត៌មានខេត្ត ឲ្យកាន់តែមានគុណភាព និងទំនើប
កំពង់ធំ៖ លោកស្រី ង៉ែត ណារីន ប្រធានមន្ទីរព័ត៌មានខេត្តកំពង់ធំ ព្រមទាំងប្រធាន អនុប្រធានការិយាល័យ និងមន្ត្រីរាជការមន្ទីរព័ត៌មានទាំងអស់ នៅចុងសប្ដាហ៍នេះបានប្រារព្ធពិធីសូត្រមន្ត ចម្រើនព្រះបរិត្ត ជម្រុះនូវឧបទ្រុពចង្រៃក្នុងឆ្នាំចាស់ និងទទួលនូវពរជ័យសេរីមង្គលពីទេវតាឆ្នាំថ្មី ព្រះនាមមហាទរាទេវី បុត្រីទី៧ នៃកបិលមហាព្រហ្ម ឆ្នាំរោង ឆស័ក ព.ស២៥៦៧ ដែលនឹងឈានមកដល់នាពេលឆាប់ៗខាងមុខនេះ។
ជារៀងរាល់ឆ្នាំមន្ទីរព័ត៌មានកំពង់ធំ តែងតែរៀបចំពិធីសូត្រមន្តចម្រើនព្រះបរិត្ត ដើម្បីបួងសួងសូមឱ្យទេវតាឆ្នាំថ្មីប្រោះព្រំ ប្រសិទ្ធពរជ័យ សិរីសួស្តី ជ័យមង្គលមហាប្រសើរ ជូនដល់មន្ត្រីរាជការឱ្យមានសេចក្តីសុខ សេចក្តីចម្រើន ប្រាជ្ញាឈ្លាសវៃ ដើម្បីបន្តបំពេញតួនាទី ភារកិច្ចជូនមន្ទីរព័ត៌មានឱ្យទទួលបានជោគជ័យថ្មីៗបន្ថែមទៀត។
នៅក្នុងរយៈពេល១ឆ្នាំកន្លងមកនេះ មន្ត្រីរាជការមន្ទីរព័ត៌មានខេត្តកំពង់ធំ បានខិតខំបំពេញភារកិច្ចរបស់ខ្លួនដោយស្មារតីយកចិត្តទុកដាក់ ធ្វើឱ្យមន្ទីរព័ត៌មានទាំងមូលទទួលបាននូវលទ្ធផលជោគជ័យជាច្រើន ពិសេសគឺមានភាពទំនាក់ទំនងយ៉ាងល្អជិតស្និទ្ធ ពីមន្ត្រី១ទៅមន្ត្រី១ ក្នុងការអភិវឌ្ឍសមត្ថភាព និងជំនាញប្រកបដោយត្រឹមត្រូវ និងយុត្តិធម៌ ហើយមន្ត្រីព័ត៌មានខេត្តទាំងអស់ ប្តេជ្ញាពង្រឹងវិស័យព័ត៌មានខេត្ត ឲ្យកាន់តែមានគុណភាព និងទំនើប ។
គួរបញ្ជាក់ថា ក្រោយពីសូត្រមន្ត និងចម្រើនព្រះបរិត្ត សូមពរជ័យទេវតាឆ្នាំថ្មីរួចមក បាននិមន្តព្រះសង្ឃប្រោសព្រំតាមបន្ទប់ការិយាល័យធ្វើការនីមួយៗ ដើម្បីជំរុះនូវឧបទ្រុពចង្រៃក្នុងឆ្នាំចាស់ និងទទួលនូវពរជ័យសិរីមង្គលពីទេវតាឆ្នាំថ្មី ព្រះនាមមហាទរាទេវី បុត្រីទី៧ ព្រមទាំងមានរាំលេងកម្សាន្តនិងលេងល្បែងប្រជាប្រិយខ្មែរក្នុងបរិវេណមុខមន្ទីរព័ត៌មានខេត្តកំពង់ធំយ៉ាងសប្បាយរីករាយ ៕
ដោយ:ប៊ុន រដ្ឋា