សម្ពោធមហាកុដិ និងសមិទ្ធផលនានាក្នុង វត្តពោធិ៍សិលារ៉ាម ហៅវត្តសំរោងក្នុង
កំពង់ឆ្នាំង:សម្ដេចពិជ័យសេនា ទៀ បាញ់ ឧត្តមក្រុមប្រឹក្សផ្ទាល់ ព្រះមហាក្សត្រ មានប្រសាសន៍ថា ក្នុងស្មារតីចូលរួមកសាងនិងអភិវឌ្ឍ ទីអារាម ឳ្យមានការរីកចម្រើន គឺជាការរួមចំណែក ជាមួយរាជរដ្ឋាភិបាលក្នុងការកសាងទាំងពុទ្ធចក្រនិងអាណាចក្រ ប្រកបដោយសុខដុមរមនា ទាំងផ្លូវកាយផ្លូវចិត្ត សុវត្ថិភាព និងសន្តិភាព ។សម្ដេចមានប្រសាសន៍បែបនេះនៅក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ មហាកុដិនិងសមិទ្ធផលនានា ក្នុងវត្តពោធិ៍សិលារាមហៅ វត្តសំរោង នៃសង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំងនាព្រឹកថ្ងៃទី៧ ខែមេសាឆ្នាំ ឆ្នាំ២០២៤ ។
សម្ដេចពិជ័យសេនា ទៀ បាញ់ បន្តថា សមិទ្ធផលដែលចេញជាផ្លែផ្កា ដ៏ត្រចះត្រចង់ នេះបានបង្ហាញពីគុណូបការៈ ដែលមិនអាចកាត់ថ្លៃបាន អំពីការបរិច្ចាគធនធានរបស់ថ្នាក់ដឹកនាំ ក៏ដូចជាសប្បុរសជន មន្ត្រីរាជការ ព្រះសង្ឃនិងពុទ្ធបរិស័ទ ដែលបានរួមសាមគ្គីគ្នាបរិច្ចាគធនធានទ្រព្យសម្បត្តិផ្ដល់ខ្លួន ដើម្បីកសាងទីអារាមមួយនេះ។
ឆ្លៀតឱកាសនេះសូមរំលឹកពីទសវត្សរ៍ ៦០ គឺនៅក្នុងអំឡុងឆ្នាំ ១៩៧០ ដល់ឆ្នាំ ១៩៧៩ ទីអារាមបានក្លាយជាគោលដៅវាយប្រហារ ទាំងការទម្លាក់គ្រាប់បែកពីលើអាកាស ទាំងគ្រាប់កាំភ្លើងត្បាល់កាំភ្លើងផ្លោង គ្រាប់បែកគីមី បំភ្លេចបំផ្លាញ ទីអារាមនិងអាយុជីវិត ប្រជាពលរដ្ឋស្លូតត្រង់ ។ ក្នុងសម័យប៉ុលពត ព្រះវិហារ ព្រះពុទ្ធសាសនា វិហារអ៊ីស្លាម និង វិហារគ្រិះសាសនា សុទ្ធតែត្រូវបាន បនប្រល័យពូជសាសន៍ បំផ្លាញស្ទើរទាំងស្រុងក្នុង នោះ វត្តពោធិសិលារាម ហៅវត្តសំរោង ដែលយើងកំពុងសម្ពោធសមិទ្ធផលមួយនេះក៏ត្រូវបានបនប្រល័យពូជសាសន៍ប៉ុលពត យកធ្វើជាកន្លែងកាប់សម្លាប់មនុស្សផងដែរ។
យោងតាមរបាយការណ៍ដែលអានដោយលោក យិន សាវ៉េន អភិបាលរងខេត្តកំពង់ឆ្នាំង បានឲ្យដឹងថា នៅមុនឆ្នាំ ១៩៧៥ វត្តពោធិ៍សិលារាម ហៅវត្តសំរោងនេះ មានព្រះសង្ឃគង្គ នៅច្រើនអង្គ មានព្រះវិហារ មានសាលាបាលី ក្លោងទ្វារ កុដិនឹងសាលាដំណាក់មុខវត្តជាដើម។ប៉ុន្តែ ចាប់ពីឆ្នាំ១៩៧៥ដល់ឆ្នាំ១៩៧៩ ហេដ្ឋា
រចនាសម្ព័ន្ធទាំងអស់នៅក្នុងវត្តត្រូវបានបំផ្លាញទាំងស្រុងដោយសារតែរបបប្រល័យពូជសាសន៍ប៉ុលពត។ក្រោយឆ្នាំ ១៩៧៩ដល់ឆ្នាំ ២០០៦ មានការដឹកនាំកសាងដោយព្រះគ្រូចៅអធិការចំនួន៥ អង្គ នឹងបានកសាងជាបន្តបន្ទាប់ ។សមិទ្ធផលចុងក្រោយដែលទីអារាមួយនេះទទួលបាន គឺមហាកុដិមួយខ្នងត្រូវបានបញ្ចប់ការកសាង នៅថ្ងៃទី ៩ខែកុម្ភៈ ឆ្នាំ ២០២៤ដោយចំណាយថវិកា ២៤ម៉ឹន ៣ពាន់៣រយដុល្លារ អាមេរិកដែលជាសទ្ធាជ្រះថ្លារបស់ឯកឧត្តមនាយឧត្តមសេនីយ៍ ឥត សារ៉ាត់ និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារដែលត្រូវបានសម្ពោធកាត់ខ្សែបូដាក់ ឲ្យប្រើប្រាស់នៅពេលនេះផងដែរ៕
ដោយ:សុខ គឹមសៀន