ដល់រដូវផ្លែគុយ ក្លាយជាប្រភពចំណូលសម្រាប់អ្នកភូមិ
កំពង់ធំ៖ ផ្លែគុយ គឺជារុក្ខជាតិព្រៃម្យ៉ាង ដែលបងប្អូនប្រជាពលរដ្ឋខ្មែរ និយមចូលចិត្តបរិភោគ ទោះបីបច្ចុប្បន្នមានតម្លៃ ១៨.០០០រៀល ទៅ ២០.០០០រៀល ក្នុងមួយគីឡូក្រាម ក៏នៅតែមានភ្ញៀវទិញយកទៅបរិភោគដែរ ។ ខណៈពេលនេះជារដូវផ្លែគុយទុំ។
លោកស្រី ប្រាក់ កេន អាយុ៤១ឆ្នាំ ដែលជាអ្នកលក់ផ្លែគុយនៅតាមដងផ្លូវជាតិលេខ៦២ បានឱ្យដឹងនៅថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៤ ថា រាល់ថ្ងៃពួកគាត់ បានទទួលទិញផ្លែគុយ ពីអ្នកទៅរកបេះផ្លែរុក្ខជាតិនេះនៅក្នុងព្រៃជ្រៅៗ ក្នុងភូមិសាស្ត្រខេត្តកំពង់ធំ ហើយគាត់ទទួលទិញក្នុងតម្លៃ ១២.០០០រៀល ទៅ ១៦.០០០រៀល ក្នុងមួយគីឡូក្រាម ហើយគាត់លក់បន្តទៅវិញបានតម្លៃ ១៨.០០០រៀល រហូតដល់ ២០.០០០រៀលក្នុងមួយគីឡូក្រាម។
លោកស្រីបានបន្តថា រដូវផ្លែគុយនេះ គាត់អាចរកចំណូលបានចន្លោះពី១០ម៉ឺនរៀល ដល់៣០ម៉ឺនរៀលក្នុងមួយថ្ងៃ ហើយមានប្រាក់ចំណូលដល់សេដ្ឋកិច្ចគ្រួសារបានល្អប្រសើរផងដែរ ។
ចំណែកលោក មាន យៀន អ្នករកបេះផ្លែគុយ បានឱ្យដឹងថា ការទៅរកបេះផ្លែគុយនេះ គឺវាមិនងាយស្រួលនោះទេ ជួនកាលផ្សងនឹងគ្រោះថ្នាក់ក៏មានដែរ ចំណែកការធ្វើដំណើរវិញ គឺត្រូវតែក្រោកពីម៉ោង៣ទាបភ្លឺ បើមិនដូច្នោះ គឺមិនអាចបេះបានទេ ព្រោះមានអ្នកផ្សេងជាច្រើន ក៏បានទៅ រកបេះដូចគ្នា។ លោកបានបន្តថា ប្រភពផ្លែគុយ ដែលគាត់ទៅបេះ មាននៅតាមព្រៃធំៗ ដូចជា៖ តំបន់ទេសចរណ៍អូរខ្លាដេក តំបន់ទេសចរណ៍អូរក្បាលខ្មោច តំបន់ព្រៃឡង់ និងតាមព្រៃសហគមក្នុងភូមិសាស្ត្រខេត្តកំពង់ធំ។
សូមបញ្ជាក់ថា ក្នុងមួយឆ្នាំផ្លែឈើព្រៃប្រភេទនេះ គឺអាចទទួលផលបានតែម្តងប៉ុណ្ណោះ ហើយផ្លែគុយនេះ ជាផ្លែឈើមួយប្រភេទដែលដុះលូតលាស់ដោយធម្មជាតិ ក្នុងតំបន់ព្រៃភ្នំ ជារុក្ខជាតិវល្លិធំៗ ដែលឱ្យផលផ្លែ ចាប់ពីខែកុម្ភៈ រហូតដល់ចុងខែមេសាតែប៉ុណ្ណោះ ៕
ដោយៈ ប៊ុន រដ្ឋា