អភិបាលខេត្តកំពង់ធំ ជំរុញឱ្យពន្លឿនការចុះបញ្ជីក្បាលដី និង បង្ក្រាបទីតាំងល្បែងផ្សងសំណាង, ហាងបញ្ចាំ មិនមានច្បាប់ អនុញ្ញាតិ
កំពង់ធំ៖ប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត និងជា អភិបាលខេត្តកំពង់ធំ បានជំរុញដល់មន្ត្រីជំនាញឱ្យ ខិតខំ ពន្លឿន ការ ចុះបញ្ជីក្បាលដីជូនប្រជាពលរដ្ឋ និងបន្តបង្ក្រាប ទីតាំងល្បែងផ្សងសំណាង,ទីតាំងហាងបញ្ចាំដែលមិនមានច្បាប់អនុញ្ញាតព្រមទាំង បទល្មើសគ្រប់ប្រភេទ។
នៅក្នុងកិច្ចប្រជុំប្រចាំខែរបស់គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកំពង់ធំកាលពីព្រឹកថ្ងៃពុធទី៣ ខែមេសា ឆ្នាំ២០២៤ នៅ សាលា ប្រជុំសាលាខេត្តកំពង់ធំ ឯកឧត្តម ងួន រតនៈ ក៏បាន ក្រើនរំលឹកដល់អភិបាលស្រុកពាក់ព័ន្ធជុំវិញបឹងទន្លេសាបសហការ ជាមួយមន្ត្រី ជំនាញចុះជួបប្រជាពលរដ្ឋ និងធ្វើការ ផ្សព្វ ផ្សាយ ឱ្យបានច្បាស់លាស់ អំពីនីតិវិធីនៃការឆ្វៀលដីក្នុងតំបន់៣ ជាពិសេសនៅឆ្នាំក្រោយ ដីតំបន់៣ដែលមិនមានការឆ្វៀល ហាមដាច់ខាតមិនឱ្យមានការអាស្រ័យផលទេ ។អាជ្ញាធរ ស្រុកពាក់ព័ន្ធ ត្រូវធ្វើការទប់ស្កាត់ និង មានទំនួលខុស ត្រូវ លើការងារនេះ។
ទាក់ទងនឹងបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ឯកឧត្តម ងួន រតនៈ បានស្នើដល់គណៈកម្មការរៀបចំសង្ក្រាន្តកំពង់ធំ មន្ត្រីពាក់ព័ន្ធ អាជ្ញាធរក្រុងស្ទឹងសែន ត្រូវពន្លឿនការរៀបចំស្ដង់ពិព័រណ៍ ទំនិញ ចម្រុះ កន្លែងប្រគំតន្ត្រី និងកន្លែងកម្សាន្តនានា ឱ្យបាន សមរម្យ បង្កភាពរីករាយជូនប្រជាពលរដ្ឋជិតឆ្ងាយ ។ពិសេស ដើម្បីទាក់ទាញទេសចរជាតិនិងអន្តរជាតិឱ្យមកទស្សនាខេត្តកំពង់ធំ៕
អត្ថបទនិងរូបភាព៖ប៊ុន រដ្ឋា