ប្រធានយុវជនសង្គមស៊ីវិល និងក្រុមសេដ្ឋកិច្ចក្រៅប្រព័ន្ធ រំលេចពីវីរភាពរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នីតិកាលទី៥

ភ្នំពេញ៖ លោក ហេង សំណាង ប្រធានយុវជនសង្គមស៊ីវិល និងក្រុមសេដ្ឋកិច្ចក្រៅប្រព័ន្ធ បានថ្លែងថា តាមរយៈតំណែងថ្មីរបស់សម្ដេចអគ្គមហាសនាបតីតេជោ ហ៊ុន សែន ជាប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា សម្រាប់នីតិកាលទី៥ សម្តេចនឹងបន្តដឹកនាំស្ថាប័ននីតិប្បញ្ញត្តិជាន់ខ្ពស់របស់កម្ពុជាមួយនេះ ចូលរួមកាន់ចង្កូតនាវាកម្ពុជា ឱ្យស្ថិតស្ថេរគង់វង្សលើមាគ៌ាសន្តិភាព និងការអភិវឌ្ឍ។

លោកបានលើកឡើងពីវីរៈភាពរបស់សម្ដេចតេជោ ហ៊ុន សែន ដោយលោកបានមើលឃើញថា វត្តមានដ៏ខ្ពស់ខ្ពស់របស់សម្តេច ដែលបានបូជាសាច់ស្រស់ឈាមស្រស់ ដើម្បីបុព្វហេតុជាតិមាតុភូមិកន្លងមក បានកែប្រែមុខមាត់កម្ពុជាជាប្រវត្តិសាស្ត្រ ងើបមុខលើឆាកអន្តរជាតិ បង្ហាញពីភាពរីកចម្រើនលើគ្រប់វិស័យរក្សាបាននូវសុខសន្តិភាព ឯករាជ្យភាព អធិបតេយ្យ បូរណភាពទឹកដី យ៉ាងពេញលេញ។

ក្នុងនាមជាអ្នកជំនាន់ក្រោយលោក ហេង សំណាង និងក្រុមយុវជនសង្គមស៊ីវិលនៅទូទាំងប្រទេស បានសម្តែងនូវក្តីកត្តញ្ញូកតវេទីដ៏ជ្រាលជ្រៅបំផុត ចំពោះការលះបង់កម្លាំងកាយ ចិត្ត ធ្វើពលិកម្មសព្វបែបយ៉ាងដើម្បីជាតិមាតុភូមិ និងប្រជាជនរបស់សម្តេចតេជោ។ បន្ទាប់ពីបេសសកម្មដឹកនាំជាតិរយៈពេលជាង៤០ឆ្នាំ ក្នុងឋានៈជានាយករដ្ឋមន្ត្រី សម្តេចនឹងបន្តដឹកនាំស្ថាប័ននីតិប្បញ្ញត្តិជាន់ខ្ពស់ ដើម្បីចូលរួមចំណែកក្នុងការកាន់ចង្កូតនាវាកម្ពុជាឱ្យស្ថិតស្ថេរគង់វង្សលើមាគ៌ាសន្តិភាព និងការអភិវឌ្ឍ។

លោកបានបញ្ជាក់ថា ការបោះឆ្នោតផ្តល់សេចក្តីទុកចិត្តជូនសម្តេចតេជោ ហ៊ុន សែន ដើម្បីដឹកនាំស្ថាប័ននីតិប្បញ្ញត្តិកំពូលមួយនេះ គឺពិតជាបង្ហាញយ៉ាងជាក់ច្បាស់នូវតួនាទីដ៏ឧត្តុង្គឧត្តមរបស់សមេ្តចតេជោ ដែលប្រជារាស្ត្រខ្មែរច្រើនលើសលប់គោរព ស្រឡាញ់ដ៏ជ្រាលជ្រៅ និងតែងតែមានជំនឿចិត្តយ៉ាងមុតមាំលើគតិបណ្ឌិត និងភាពវៃឆ្លាតរបស់សម្តេចតេជោក្នុងការដឹកនាំប្រទេសជាតិ។ លោក ហេង សំណាង បន្តថា សម្តេចតេជោ ជាប្រធានព្រឹទ្ធសភា នឹងជំរុញកម្ពុជាឱ្យក្លាយជាប្រទេសមានចំណូលខ្ពស់ និងជឿនលឿនលើគ្រប់វិស័យយ៉ាងសុខសាន្ត៕
ដោយ៖ពលជ័យ

ads banner