ខេត្តកំពង់ធំរៀបចំសិក្ខាសាលាស្ដីពីការផ្សព្វផ្សាយរបាយការណ៍ជាតិ ការអនុវត្តកតិកាសញ្ញាអន្តរជាតិ សិទ្ធិពលរដ្ឋ និងនយោបាយ

កំពង់ធំ:ឯកឧត្តម អ៉ិត រ៉ាឌី អនុប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា លោកញឹក បានខេង អភិបាលរងខេត្ត តំណាងឯកឧត្តម ងួន រតនៈ អភិបាលខេត្តកំពង់ធំ
បានអញ្ជើញចូលរួមក្នុងសិក្ខាសាលាស្ដីពីការផ្សព្វផ្សាយរបាយការណ៍ជាតិ ការអនុវត្តកតិកាសញ្ញាអន្តរជាតិ សិទ្ធិពលរដ្ឋ និងនយោបាយ(ICCPR) កាលពីព្រឹកថ្ងៃព្រហស្បតិ៍ទី៤ ខែមេសា ឆ្នាំ២០២៤ នៅសាលប្រជុំសាលាខេត្ត

ឯកឧត្តម អ៉ិត រ៉ាឌី បានថ្លែងក្នុងសិក្ខាសាលាថា រាជរដ្ឋាភិបាលបានយល់ព្រមជាគោលការណ៍បង្កើតឱ្យមានស្ថាប័នសិទ្ធិមនុស្សជាតិតាមរយៈការរៀបចំឱ្យមានច្បាប់ ស្តីពីការបង្កើតគណៈកម្មាធិការសិទ្ធិមនុស្សជាតិដោយអនុលោមតាមគោលការណ៍ទីក្រុងប៉ារីស ដែលកន្លងមកគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានសហការរៀបចំក្រុមការងារចម្រុះ របស់រាជរដ្ឋាភិបាល និងសង្គមស៊ីវិល ដោយប្រគល់ជូនក្រុមការងារសង្គមស៊ីវិល ជាអ្នកសរសេរសេចក្តី ព្រាងច្បាប់ស្តីពីការបង្កើតស្ថាប័នសិទ្ធិមនុស្សជាតិនេះ។

     ឯកឧត្តមអនុប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានបន្តទៀតថា សេចក្តីព្រាងច្បាប់ ត្រូវបានពិភាក្សាគ្នាជាច្រើនលើក ដែលរហូតមកដល់ពេលនេះនៅមិនទាន់ ត្រូវបានបញ្ចប់នៅឡើយ។ គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា នឹងលើកយកសេចក្តីព្រាងច្បាប់នេះ មកធ្វើការពិគ្រោះយោបល់បន្ត ជាមួយភាគីពាក់ព័ន្ធ ជាពិសេសជាមួយការិយាល័យឧត្តមស្នងការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សប្រចាំនៅកម្ពុជា ដើម្បីធ្វើឱ្យសេចក្តីព្រាងច្បាប់នេះ ស្របទៅនឹងគោលការណ៍ទីក្រុងប៉ារីស ដែលអាចទទួលយកបានស្របតាមស្ថានភាពនៃព្រះរាជាណាចក្រកម្ពុជា។

     ឯកឧត្តម អ៉ិត រ៉ាឌី បានផ្ដាំផ្ញើដល់អ្នកចូលរួមទាំងអស់ ថាសិក្ខាសាលានេះមានសារៈសំខាន់ណាស់ ចំពោះសិទ្ធិមនុស្សនៅកម្ពុជា និងសូមផ្សព្វផ្សាយបន្ថែមដល់អង្គភាពស្ថាប័នមួយចំនួននៅតាមមូលដ្ឋានឱ្យបានទូលំទូលាយ៕
ដោយៈ ប៊ុន រដ្ឋា

ads banner