ប្រធានសហព័ន្ធកីឡាវាយសី ៖ការចាញ់នោះ វាជារឿងធម្មតាសម្រាប់អ្នកកីឡា

ភ្នំពេញ៖ ប្រធានសហព័ន្ធកីឡាវាយសី ឯកឧត្តម លី កុសល បានលើកទឹកដល់សិស្សដែលមិនទទួលបានជ័យលាភីឳ្យបន្តខិតខំប្រឹងប្រែងហ្វឹកហាត់ ព្រោះការចាញ់នោះ វាជារឿងធម្មតាសម្រាប់កីឡា ។

ឯកឧត្តម លី កុសល រដ្ឋលេខាធិការក្រសួងការពារជាតិបានបន្តដោយលើក ទឹកចិត្តដល់កីឡាករ កីឡាការិនីកីឡាវាយសី សិស្សបឋមសិក្សាដែលមិនទទួលបានជ័យលាភី ក្នុងការប្រកួតប្រជែង ការប្រកួតកីឡាវាយសីសិស្សបឋមជ្រើសរើសជើងឯកថ្នាក់ជាតិឆ្នាំ២០២៤ ព្រោះការប្រកួតកីឡាមានតែលទ្ធផលឈ្នះនិងចាញ់ប៉ុណ្ណោះ ។ ចាញ់សម្រាប់ការប្រកួតពេលនេះ មិនមានន័យថាយើងនៅតែបន្តចាញ់នោះទេ ឪ្យតែយើងតស៊ូខិតខំហ្វឹកហាត់នោះជ័យជម្នះនឹងកើតមានឡើងសម្រាប់អ្នកប្រឹងប្រែងជាក់ជាមិនខាន។

ឯកឧត្តម ប្រធានសហព័ន្ធបានបន្តថា ដើម្បីអនុវត្តគោលដៅជាយុទ្ធសាស្ត្រឈានសម្រេចបានជោគជ័យទៅថ្ងៃអនាគត សហព័ន្ធកីឡាវាយសីកម្ពុជាតែងតែមានការសាមគ្គីភាពសហការល្អជាមួយក្រសួងអប់រំ យុវជន និងកីឡាក្នុងការលើកកម្ពស់ស្មារតីនៃការហ្វឹកហ្វឺន និងការប្រកួតនានា ជា ពិសេសការប្រកួតកីឡាសិស្សដែលក្រសួងអប់រំ យុវជន និងកីឡា តែងតែដាក់ចេញនូវកម្ម វិធីប្រកួតជារៀងរាល់ឆ្នាំដោយមានកិច្ចសហការរៀបចំយ៉ាងហ្មត់ចត់ជាមួយសហព័ន្ធកីឡា វាយសីកម្ពុជា ដើម្បីដំណើរការទៅតាមនីតិវិធីនៃការប្រកួតស្ដង់ដារជាតិ និងអន្តរជាតិ។
ឯកឧត្តមបានគូសបញ្ជាក់ថា គោលដៅសំខាន់ដែលរៀបចំការប្រកួតនេះ គឺចង់ពិនិត្យវាយតម្លៃលទ្ធផល សិទ្ធផលរបស់ កីឡាករ កីឡាការិនីម្នាក់ៗ ដែលបានហ្វឹកហាត់កន្លងមកថាតើឈានដល់កម្រិតណា ?ដើម្បីជ្រើសរើសយកមកហ្វឹកហាត់ជម្រើសជាតិ សម្រាប់ឈានទៅប្រកួតលក្ខណៈ អន្តរជាតិជាបន្តបន្ទាប់ទៀត។
លោកបន្ថែមថា ប្រភពធនធានសំខាន់នៃមូលធនមនុស្ស គឺត្រូវតែជ្រើសរើសចម្រាញ់ចេញពីកីឡា សិស្ស ពីព្រោះសិស្សគឺជាធនធានមនុស្សដែលមានការអប់រំ អោយគោរពវិន័យយ៉ាងត្រឹមត្រូវរបស់សាលា។ម្យ៉ាងទៀតសិស្សមានអាយុវ័យក្មេងជាកម្លាំងដែលមានសក្ដានុពលទៅអនាគតសម្រាប់បន្តវេន សមស្របក្នុងការបណ្ដុះបណ្តាលជំនាញវិស័យកីឡាវាយសីនេះ ឳ្យកាន់តែមានភាពល្អប្រសើរឡើង។
ឯកឧត្តម ប្រធានបានបន្ថែមទៀតថា ការលេងកីឡាមិនត្រឹមតែនាំមកនូវសុខភាពទេ តែបង្កើតឳ្យមានសាមគ្គីភាព ស្រឡាញ់រាប់អានគ្នារវាងមិត្តភក្តិនឹងមិត្តភក្តិ ពីកន្លែងមួយទៅកន្លែងមួយ។

ឯកឧត្តមប្រធានក៏បាន រំលឹកពីការខិតខំប្រឹងប្រែងរបស់សហព័ន្ធកីឡាវាយសីកន្លងមក ដោយផ្តើមចេញពីការបណ្តុះថ្នាលយុវជន គឺវាយសីកម្ពុជា ក្នុងព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣ ដែលកម្ពុជាទទួលធ្វើជាម្ចាស់ផ្ទះ វាយសីកម្ពុជាទទួលបានមដាយមាសចំនួនមួយគ្រឿងដែលជាមោទនភាពយ៉ាងខ្លាំងសម្រាប់មុខមាត់ប្រទេសជាតិ យើង ។ មេដាយមាសបានមកនេះមិនមែនជាការងាយស្រួលឡើយ គឺយើងទាំងអស់គ្នាខិតខំទាំងថ្នាក់ដឹកនាំរបស់សហព័ន្ធនិងគណៈកម្មាធិការប្រតិបត្តិសហព័ន្ធទាំងគ្រូបង្វឹកបរទេស ក្នុងស្រុក ក្រៅស្រុក ទាំងកីឡាករ កីឡាការិនី គិតគូរទាំងបច្ចេកទេស ក្នុងការរិះរកគ្រប់មធ្យោបាយធ្វើយ៉ាងណា ដើម្បីដណ្ដើមឲ្យបានជ័យជំនះក្នុង ស៊ីហ្គេមលើកនេះ។ ប៉ុន្តែ យ៉ាងណាក៏ ដោយ លោកសូមកោតសសើរ និងវាយតម្លៃខ្ពស់ចំពោះស្មារតីខិតខំរបស់ គណៈកម្មការ សហព័ន្ធវាយសីកម្ពុជា ក្រុមការងារទាំងអស់ និងគណៈកម្មការរៀបចំការ ប្រកួតជាមួយនឹងអន្តរជាតិនេះ គឺយើងបានទទួលជោគជ័យទាំងស្រុងសម្រាប់ការប្រកួត កីឡាវាយសីជាក្រុមចម្រុះ។ដូច្នេះដើម្បីបន្តគំរូវីរភាពជ័យជំនះឲ្យបានមេដាយមាស បន្តបន្ទាប់ទៅមុខទៀត។ កីឡាករ កីឡាការិនីយើងទាំងអស់ដែលជាអ្នកបន្តវេនធ្វើយ៉ាងណា ខិតខំអស់ស្មារតី កុំធ្វេសប្រហែសឲ្យសោះ គឺត្រូវហ្វឹកហាត់ និងប្រកួតជាប្រចាំ ដើម្បីពង្រឹង កម្រិតសមត្ថភាពរបស់យើងអោយខ្លាំងក្លារឹងមាំជាប់ជានិច្ច។ជាមួយគ្នានេះ ឯកឧត្តម ប្រធានក៏បានអំពាវនាវដល់មជ្ឈមណ្ឌលកីឡាសូមផ្តល់បន្ថែមនូវចំនួនកីឡាការិនីបន្ថែមជូនដល់សហព័ន្ធ ព្រោះសហព័ន្ធមានការខ្វះខាត់នូវចំនួនកីឡាការិនីដើម្បីហ្វឹកហាត់បំប៉នពង្រឹងសមត្ថភាពត្រៀមសម្រាប់ចូលរួមការប្រកួតលើឆាកអន្តរជាតិ៕
រូបភាពៈជីម ភារ៉ា
អត្ថបទ៖ជាវ ចន្ធូ

ជាវ ចន្ធូ
ជាវ ចន្ធូ
អ្នកយកព័ត៌មានកីឡា ពិធីករព័ត៌មានកីឡា រាយការព័ត៌មានកីឡា ថត សសេរអត្ថបទព័ត៌មាន កាត់ត អានព័ត៌មាន។ បទពិសោធន៍ការងារ៖ ធ្លាប់ធ្វើការងារផ្នែកវិស័យព័ត៌មានកីឡាជាង១០ឆ្នាំ ធ្វើការក្នុងស្ថានប័នធំៗជាច្រើនខាងផ្នែកទូរទស្សន៍ និងទទួលបានការបណ្តុះបណ្តាលវគ្គព័ត៌មានកីឡាខ្លីៗពីស្ថានប័នជំនាញជាច្រើនវគ្គផងដែរ។
ads banner
ads banner
ads banner