ថ្នាក់ដឹកនាំ មន្ដ្រី និងគណៈកម្មការបច្ចេកទេស សហព័ន្ធប្រដាល់គុនខ្មែរ សូត្រមន្ដក្នុងឱកាសឆ្នាំថ្មីប្រពៃណីជាតិ

ភ្នំពេញ៖ ឯកឧត្តម តែម ម៉ឺន ប្រធានកិត្តិយស សហព័ន្ធ ឯកឧត្តមខូវ ឆាយ ប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរ   ថ្នាក់ដឹកនាំ មន្ត្រីបច្ចេកទេស អាជ្ញាកណ្តាល ចៅក្រម នៃសហព័ន្ធកីឡាប្រដាល់គុនខ្មែរជាច្រើនរូប កាលពីព្រឹកថ្ងៃសុក្រទី៥ ខែមេសា ឆ្នាំ២០២៤នេះ បានមកជួបជុំគ្នានៅស្នាក់ការសហព័ន្ធកីឡាប្រដាល់គុនខ្មែរ ក្នុង ពហុកីឡដ្ឋានជាតិ ចូលរួមពិធីសូត្រមន្ត បង្សុកូលឧទ្ទិសកុសល ជូនដល់បុព្វការីជន គ្រូបង្វឹក កីឡាករកីឡាការិនី ស្ថាបនិក វីរៈជន ក្នុងវិស័យប្រដាល់គុនខ្មែរ  ។ នេះគឺជាការតបស្នងនិងដឹងគុណ ដល់បុព្វការីជន វីរៈជន និងស្ថាបនិកកីឡា គុនខ្មែរ  បានរួមចំណែក កសាងនិងអភិវឌ្ឍប្រភេទកីឡានេះឲ្យដំណើរការរីកចម្រើនដូចបច្ចុប្បន្ន ។

ឆ្លៀតឱកាសនោះឯកឧត្តម ខូវ ឆាយ ប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរ បានថ្លែងអំណរគុណដល់គ្រូបង្វឹកកីឡាករកីឡាការិនី មន្ដ្រីបច្ចេកទេស ដៃគូសហការនិងអ្នកពាក់ព័ន្ធទាំងអស់ដែលបានរួមចំណែកជ្រោមជ្រែងលើកកម្ពស់ ប្រដាល់គុនខ្មែរឳ្យរីកចម្រើនគួរកត់សម្គាល់ ។ ក្នុងនាមប្រធានសហព័ន្ធថ្មី ឯកឧត្តម បានប្ដេជ្ញាថា និងបន្ដដឹកនាំកីឡាប្រដាល់គុនខ្មែរ ប្រកបដោយតម្លាភាព យុត្តិធម៌ ដោយតម្កល់ប្រផលប្រយោជន៍រួម ផលប្រយោជន៍ជាតិជាធំ ។

ជាមួយនេះ ឯកឧត្តមប្រធានសហព័ន្ធ បានសំណូមពរដល់កីឡាករកីឡាការិនី គ្រូបង្វឹក មន្ដ្រីបច្ចេកទេស ចៅក្រម អាជ្ញាកណ្ដាល សូមអនុវត្តឲ្យបានត្រឹមត្រូវតាម ជំនាញរបស់ខ្លួនប្រកបដោយ ក្រមសីលធម៌វិជ្ជាជីវៈ យុត្តិធម៌ តម្លាភាព ហើយអ្វីដែលខុសឆ្គងសូមកែតម្រូវ តែបើមិនកែតម្រូវទេ លោក នឹងធ្វើការព្យាបាលវះកាត់ ចេញមិនទុកឲ្យសាច់ដែលមិនល្អនោះ រីករាលដាលតទៅទៀតទេ ។ ឯកឧត្តមសូមប្រឆាំងដាច់ខាតចំពោះទង្វើដែលរាំងស្ទះដល់ ការអភិវឌ្ឍវិស័យកីឡាប្រដាល់គុនខ្មែរយើង ។
ដើម្បីជាការលើទឹកចិត្ត ដល់មន្ដ្រី គណៈកម្មការបច្ចេកទេសសហព័ន្ធ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ ចំពោះការខិតខំប្រឹងប្រែង បំពេញការងារនាពេលកន្លងមក  ឯកឧត្តម ខូវ ឆាយ បានប្រកាសឧបត្ថម្ភដល់មន្ដ្រីទាំងអស់ ចំនួន ១៥០នាក់ ក្នុងម្នាក់ ថវិកា១០ម៉ឺនរៀល និង ស្រាបៀមួយកេស ។ចំណែក សមាជិកគណៈកម្មាធិការប្រតិបត្តិសហព័ន្ធកីឡាប្រដាល់គុនខ្មែរ ឧបត្ថម្ភជូនក្នុងម្នាក់ ៣០ម៉ឺនរៀល ៕
រូបភាពៈជីម ភារ៉ា អត្ថបទ៖ ជាវ ចន្ធូ

ជាវ ចន្ធូ
ជាវ ចន្ធូ
អ្នកយកព័ត៌មានកីឡា ពិធីករព័ត៌មានកីឡា រាយការព័ត៌មានកីឡា ថត សសេរអត្ថបទព័ត៌មាន កាត់ត អានព័ត៌មាន។ បទពិសោធន៍ការងារ៖ ធ្លាប់ធ្វើការងារផ្នែកវិស័យព័ត៌មានកីឡាជាង១០ឆ្នាំ ធ្វើការក្នុងស្ថានប័នធំៗជាច្រើនខាងផ្នែកទូរទស្សន៍ និងទទួលបានការបណ្តុះបណ្តាលវគ្គព័ត៌មានកីឡាខ្លីៗពីស្ថានប័នជំនាញជាច្រើនវគ្គផងដែរ។
ads banner
ads banner
ads banner