គ្រោះចៃដន្យ: ចងខ្សែមេក្រូសម្រាប់ព្រះសង្ឃសូត្រមន្ត តែឆក់ខ្សែភ្លើងស្លាប់ទាំងឪពុកនិងកូន

កំពង់ធំ:បុរសជាឪពុក និងកូនប្រុសម្នាក់បានបាត់បង់ជីវិតកាលពីព្រឹកថ្ងៃទី៧ ខែ មេសា ឆ្នាំ២០២៤ដោយសារខ្សែភ្លើងឆក់ក្នុងពេលកំពុងចងមេក្រូដងដែកនៅជិតខ្សែភ្លើងក្នុងពេលរៀបចំនិមន្តព្រះសង្ឃឆាន់ពេលព្រឹកនិងសូត្រត្រៀមបុណ្យចូលឆ្នាំថ្មី។ករណីនេះកើតឡើងនៅភូមិអូរកន្ធរជើង សង្កាត់អូរកន្ធរ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ។

លោក ចីវ គឹមអុន មេឃុំអូរកន្ធរបានឱ្យដឹងថាជនរងគ្រោះឈ្មោះ យុន យាត ភេទប្រុស អាយុ៧៥ឆ្នាំជាឪពុកនិងកូនប្រុស យាត យ៉ន ភេទប្រុស អាយុ៤១ឆ្នាំ ។
ក្រុមគ្រួសារតែងនិមន្តព្រះសង្ឃសូត្រមន្តនិងបង្សុកូលជារៀងរាល់ឆ្នាំ។ ជាអកុសលឪពុកនិងកូនបានប្តូរទីតាំងមេក្រូ ចៃដន្យខ្វះការប្រុងប្រយ័ត្ន យកដែកទីបចងមេក្រូ លើកឡើងប៉ះនឹងខ្សែភ្លើងបណ្ដាលឱ្យឆក់ភ្លាមៗស្លាប់នៅកន្លែង។

លោក ខាត់ ព្រំ មេប៉ុស្តិ៍សង្កាត់អូរកន្ធរ បានបានបញ្ជាក់ថា ឪពុកនិងកូននេះ បានមរណភាពដោយសារខ្សែភ្លើងឆក់ពិតប្រាកដមែន៕
ដោយ:ប៊ុន រដ្ឋា

ads banner