អតីតយុទ្ធជនពិការ  គ្រួសារអតីតយុទ្ធជនពលី  និងចាស់ជរាគ្មានទីពឹង បានទទួលអំណោយរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី 

កំពង់ធំ:នៅរសៀលថ្ងៃអាទិត្យឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករង ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ខេត្តកំពង់ធំ និងសហការីបានអញ្ជើញសំណេះសំណាលសាកសួរសុខទុក្ខ និងនាំអំណោយរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ផ្តល់ជូនអតីតយុទ្ធជនពិការ គ្រួសារអតីតយុទ្ធជនពលី និងចាស់ជរាគ្មានទីពឹងចំនួន១៦គ្រួសារ ដែលស់នៅជុំវិញទីតាំងបន្ទាយ ស្ថិតក្នុងនៅឃុំត្រពាំងឬស្សី  ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ នៅក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ដែលនឹងឈានមកដល់នៅពេលខាងមុខនេះ  ។

ក្នុងឳកាសនេះឧត្តមសេនីយ៍ទោ សោម ស៊ុន បានពាំនាំនូវការផ្ដាំផ្ញើសាកសួរសុខទុក្ខ ពីសំណាក់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ  ចន្ទ មុន្នី ដែលលោកទាំងទ្វេតែងតែព្រួយបារម្ភពីសុខទុក្ខនិងជីវភាពរស់នៅរបស់បងប្អូនអតីតយុទ្ធជន និងប្រជាពលរដ្ឋនៅគ្រប់ពេលវេលា និងនៅគ្រប់ទីកន្លែង ហើយបានសំណូមពរដល់បងប្អូនទាំងអស់ ត្រូវថែទាំសុខភាព រស់នៅស្អាត មានអនាម័យ ដើម្បីជៀសផុតពីជម្ងឺផ្សេងៗ និងត្រូវខិតខំប្រកបរបររកទទួលទានដោយសុចរិតទៀងត្រង់ ព្រមទាំងខិតខំបង្កបង្កើនផលដាំដំណាំចិញ្ចឹមសត្វ ដើម្បីដោះស្រាយជីវភាពរស់នៅប្រចាំថ្ងៃឲ្យបានល្អ ប្រសើរ ។ ហើយត្រូវចូលរួមអនុវត្តឱ្យបានជោគជ័យនូវគោលនយោបាយភូមិ.ឃុំ មានសុវត្ថិភាពរបស់រាជរដ្ឋាភិបាល។

នៅក្នុងឱកាសនេះឧត្តមសេនីយ៍ទោ សោម ស៊ុន បាននាំយកនូវស្បៀងអាហារគ្រឿងឧបភោគបរិភោគរបស់សម្តេចធិបតី ហ៊ុន ម៉ណែត និងលោកជំទាវ ឧបត្ថម្ភ ជូនក្រុមគ្រួសារអតីតយុទ្ធជន និងចាស់ជរាគ្មានទីពឹងទាំង១៦គ្រួសារ ដោយក្នុងមួយគ្រួសារទទួលបាន៖ អង្ករចំនួន២៥គីឡូក្រាម មីជាតិចំនួនមួយកេស ត្រីខកំប៉ុងមួយយួរ ទឹកត្រីទឹកស៊ីអ៊ីវចំនួនពីរយួរ ព្រមទាំងថវិកាមួយចំនួន៕
ដោយ ប៊ុន រដ្ឋា

ads banner