ប្រមុខការទូតរុស្ស៊ីទៅដល់ប្រទេសចិនហើយ ដើម្បីពង្រឹងទំនាក់ទំនងការទូត
ប៉េកាំង៖ រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក សឺហ្គៃ ឡាវរូវ នៅថ្ងៃចន្ទនេះ ធ្វើដំណើរទៅដល់ប្រទេសចិនហើយ ដើម្បីបំពេញទស្សនកិច្ចផ្លូវការ ស្របពេលដែលប្រទេសទាំងពីរមានបំណងពង្រឹងទំនាក់ទំនងការទូតទ្វេភាគី។
ក្រសួងការបរទេសចិនបានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍មួយថា លោក ឡាវរូវ នឹងចំណាយពេលពីរថ្ងៃស្នាក់នៅរដ្ឋធានីប៉េកាំង ហើយក៏គ្រោងនឹងជួបជាមួយរដ្ឋមន្រ្តីការបរទេសចិន លោក វ៉ាង យី ផងដែរ។ បើតាមសេចក្តីថ្លែងការណ៍ដដែល ប្រមុខការទូតទាំងពីរត្រូវបានគេរំពឹងថា នឹងធ្វើការផ្លាស់ប្តូរទស្សនៈគ្នាស៊ីជម្រៅទៅលើរបៀបវារៈសំខាន់ៗមួយចំនួន ក្នុងនោះរួមមានសង្គ្រាមនៅអ៊ុយក្រែន និងស្ថានភាពនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក។
បន្ថែមលើនេះ លោក វ៉ាង និង លោក ឡាវរូវ ក៏នឹងជជែកគ្នាទាក់ទងនឹងកិច្ចសហប្រតិបត្តិការទ្វេភាគី ក៏ដូចជាកិច្ចសហប្រតិបត្តិការនៅលើឆាកអន្តរជាតិផងដែរ។
លោក ឡាវរូវ បានទៅបំពេញទស្សនកិច្ចចុងក្រោយនៅទីក្រុងប៉េកាំង ក្នុងខែតុលា ដើម្បីចូលរួមវេទិកាអន្តរជាតិ ស្តីពីគំនិតផ្តួចផ្តើមហេដ្ឋារចនាសម្ព័ន្ធផ្លូវ និងខ្សែក្រវ៉ាត់របស់ប្រធានាធិបតីចិន លោក ស៊ី ជីនពីង។
ពាក់ព័ន្ធនឹងបញ្ហាសង្គ្រាមនៅអ៊ុយក្រែន ប្រទេសចិនបានអះអាងថា ខ្លួនជាភាគីអព្យាក្រឹតក្នុងជម្លោះនេះ ប៉ុន្តែខ្លួនបានក្លាយទៅជាដៃគូពាណិជ្ជកម្មឈានមុខគេរបស់រុស្ស៊ី ក្នុងរយៈពេលពីរឆ្នាំចុងក្រោយនេះ ហើយពេញចិត្តនឹងដំណោះស្រាយនយោបាយ ដើម្បីបញ្ចប់សង្គ្រាមនេះ។ ទោះបីជាយ៉ាងណា បណ្តាប្រទេសលោកខាងលិចតែងតែជំរុញចិន ឱ្យដើរតួនាទីកាន់តែធំ ក្នុងការស្តារសន្តិភាពឡើងវិញនៅអ៊ុយក្រែន ដោយប្រើឥទ្ធិពលរបស់ខ្លួនលើរុស្ស៊ី៕
ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា