ការបណ្តុះបណ្តាលធនធានថ្នាលកីឡាវាយកូនគោលគឺមានគោលបំណងច្បាស់លាស់ ឆ្ពោះទៅធ្វើម្ចាស់ផ្ទះ កីឡាយុវជនអាស៊ី ឆ្នាំ២០២៩ សម្រាប់វេបសាយ

អត្ថបទដោយ៖
ជាវ ចន្ធូ

(ភ្នំពេញ)៖ ឯកឧត្តម ជា បូរ៉ា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអគ្គលេខាធិការ សហព័ន្ធកីឡាវាយកូនគោលកម្ពុជាមានប្រសាសន៍ថា ការបណ្តុះបណ្តាលកីឡាករកីឡា ការិនី ថ្នាល ជាគោលបំណងចម្បងរបស់សហព័ន្ធកីឡាវាយកូនគោលកម្ពុជា គឺមានគោល ដៅច្បាស់លាស់ ក្នុងការស្វែងរកធនធានកីឡាករ កីឡាការិនីវ័យក្មេងៗដែលល្អៗ ចេញពី ថ្នាលយុវជនឱ្យក្លាយជាកីឡាករ កីឡាការិនីវាយកូនគោលកម្រិតអាជីព ដើម្បីត្រៀមឆ្ពោះ ទៅ ទទួលរៀបចំធ្វើម្ចាស់ផ្ទះ ការប្រកួតកីឡាយុវជនអាស៊ី (Asian Youth Games) លើកទី៥ នាឆ្នាំ២០២៩។

នេះជាការគូសបញ្ជាក់របស់ឯកឧត្តម នៅក្នុងឱកាសអញ្ជើញចុះពិនិត្យវឌ្ឍនភាពនៃការហ្វឹក ហាត់ របស់យុវជន និងកុមារថ្នាល នៅទីលានហ្វឹកហាត់កីឡាវាយកូនគោល The K Ground ស្ថិតនៅខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ នៅថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២៤ ដោយមានការចូលរួមគាំទ្រលើកទឹកចិត្តពីអាណាព្យាបាលផងដែរ។

ឯកឧត្តម អះអាងថា កាលពីពេលមុនៗ យើងជ្រើសរើសកីឡាករ ដែលហ្វឹកហាត់ខ្លួនឯង ដែលល្អៗយកមកបំប៉នបច្ចេកទេសន្ថែមចូលរួមក្នុងក្រុមជម្រើសជាតិកម្ពុជា។ ប៉ុន្តែឥឡូវនេះ ជាគោលបំណងធំរបស់យើងតែម្តង គឺជ្រើសរើសចេញពីថ្នាលយុវជន ដើម្បីបណ្តុះបណ្តាលពួកគាត់ឱ្យក្លាយជាកីឡាករអាជីព នាថ្ងៃខាងមុខ។

ក្នុងដំណើរត្រៀមឆ្ពោះទៅរកគោលដៅធ្វើម្ចាស់ផ្ទះ កីឡាយុវជនអាស៊ី នាឆ្នាំ២០២៩ ជាមួយនឹងក្តីសង្ឃឹមខ្ពស់ ដោយយើងបានគិតគូពីអាយុថ្នាល និងបណ្តុះបណ្តាល ពីគុណភាពបច្ចេកទេសពួកគាត់ឱ្យក្លាយជាកីឡាករ កីឡាការិនីអាជីព។ ឯកឧត្តម ជា បូរ៉ា បានលើកឡើងបន្ថែមថា ក្នុងរយៈពេលរង់ចាំ៥ឆ្នាំទៀត មុនដល់ឆ្នាំ២០២៩ គឺជារយៈពេល មួយថាយូរក៏ឆាប់ ប៉ុន្តែក្នុងការបណ្តុះបណ្តាលធនធានមនុស្សរបស់យើងនេះ គឺយើងត្រូវ ការពេលវេលាច្រើន។ ការបណ្តុះបណ្តាលធានធានកីឡាករ កីឡាការិនីមិនមែនទើប តែ ចាប់ផ្តើម នៅពេលនេះទេ ពោលគឺយើងបានធ្វើជាបន្តបន្ទាប់ នាពេលកន្លងមកដែរ។ ដូច្នេះ ធនធានថ្នាលក៏មានមូលដ្ឋានគ្រឹះលើប្រភេទកីឡាវាយកូនគោលនេះដែរ ហើនៅពេល ដែលពួកគាត់បានចម្រើនវ័យជាបន្តបន្ទាប់ ពេលនោះយើងនឹងបន្ថែមការបណ្តុះ បណ្តាល បច្ចេកទេសបន្ថែម ជាមួយនឹងក្តីសង្ឃឹមខ្ពស់ថានឹងអាចឈានទៅរកកម្រិតអាជីពពិតប្រាកដ នាថ្ងៃខាងមុខនេះ។

បន្ថែមពីលើនេះ ឯកឧត្តមក៏បានបង្ហាញក្តីសោមន្សរីករាយជាខ្លាំង ដែលក្នុងនាមសហព័ន្ធ បានជួបជុំជាមួយអាណាព្យាបាល គ្រូបង្វឹក កីឡាករ កីឡាការិនី និងម្ចាស់ទីលាន ដោយសារ តែដំណើរការអភិវឌ្ឍមួយត្រូវបានការចូលរួមទាំងអស់គ្នា ដើម្បីរួមគ្នា ឱ្យមាននិរន្តរភាពយូរអង្វែង។

ឯកឧត្តម ជា បូរ៉ា បានបង្ហាញពីការប្តេជ្ញាចិត្តខ្ពស់ ក្នុងការខិតខំប្រឹងប្រែងនៃទំនាក់ទំនងល្អ ជាមួយម្ចាស់ទីលាននានា ដើម្បីបំផុសស្មារតីដល់កុមារ យុវជន ចូលរួមលេងកីឡាវាយ កូន គោល និងបណ្តុះបណ្តាលធនធានឱ្យកាន់តែច្រើនបន្ថែមទៀត។

ឯកឧត្តមមានប្រសាសន៍ថា កុមារ និងយុវជន ដែលនិយមចូលចិត្តប្រភេទ កីឡាវាយកូន គោលនេះ ដែលវ័យចន្លោះពី៦ឆ្នាំ ដល់១៦-១៧ឆ្នាំ ហើយសហព័ន្ធក៏កំពុងសិក្សា អំពី ពេល វេលាបន្ថែម ដើម្បីផ្តល់ឱកាសជូនដល់ពួកគាត់ឱ្យទទួលបានការហ្វឹកហាត់បានច្រើន ក្រៅ ពីការសិក្សា។ នៅក្នុងឱកាសជួបជុំ និងការប្រមូលផ្តុំហ្វឹកហាត់ឡើងវិញនេះ ឯកឧត្តមចាត់ ទុកថា ជាពេលវេលាដ៏មានសារៈសំខាន់ខ្លាំងណាស់ ដោយមានការចូលរួមពីម្ចាស់ទីលាន កីឡាករ កីឡាការិនី និងអាណាព្យាបាល ដើម្បីពិភាក្សាគ្នាបន្ថែម ក្នុងជួយដល់ការជំរុញ ការហ្វឹកហាត់ពួកគាត់ឱ្យបានច្រើន។

ឯកឧត្តមអគ្គលេខាធិការក៏បានស្នើឱ្យអាណាព្យាបាលជួយជំរុញកូនៗឱ្យហ្វឹកហាត់បន្ថែម និងចូលរួមគ្រប់សកម្ម ភាពរបស់សហព័ន្ធ ដើម្បីពង្រឹងសមត្ថភាពអាចចូលរួមប្រកួតទាំង ថ្នាក់ជាតិ និងអន្តរជាតិ នាពេលអនាគត ៕

រូបភាព ៖ ជីម ភារ៉ា
អត្ថបទ៖ជាវ ចន្ធូ

ជាវ ចន្ធូ
ជាវ ចន្ធូ
អ្នកយកព័ត៌មានកីឡា ពិធីករព័ត៌មានកីឡា រាយការព័ត៌មានកីឡា ថត សសេរអត្ថបទព័ត៌មាន កាត់ត អានព័ត៌មាន។ បទពិសោធន៍ការងារ៖ ធ្លាប់ធ្វើការងារផ្នែកវិស័យព័ត៌មានកីឡាជាង១០ឆ្នាំ ធ្វើការក្នុងស្ថានប័នធំៗជាច្រើនខាងផ្នែកទូរទស្សន៍ និងទទួលបានការបណ្តុះបណ្តាលវគ្គព័ត៌មានកីឡាខ្លីៗពីស្ថានប័នជំនាញជាច្រើនវគ្គផងដែរ។
ads banner
ads banner
ads banner