កូរ៉េខាងត្បូងប្រើគ្រាប់រ៉ុក្តែត SpaceX បញ្ជូនផ្កាយរណបស៊ើបការណ៍ទី២ ទៅកាន់គន្លងផែនដី

សេអ៊ូល៖ កូរ៉េខាងត្បូង នៅថ្ងៃចន្ទនេះ បានទទួលជោគជ័យ ក្នុងការប្រើប្រាស់គ្រាប់រ៉ុក្កែត Falcon 9 របស់ក្រុមហ៊ុន SpaceX បញ្ជូនផ្កាយរណបស៊ើបការណ៍ទី២ផលិតក្នុងស្រុក ចូលទៅកាន់គន្លងផែនដី ក្រោយបាញ់បង្ហោះនៅឯមជ្ឈមណ្ឌលអវកាសមួយរបស់សហរដ្ឋអាមេរិក នេះបើតាមការបញ្ជាក់របស់ក្រសួងការពារជាតិកូរ៉េខាងត្បូង។

ក្រសួងការពារជាតិកូរ៉េខាងត្បូង បានបញ្ជាក់នៅក្នុងសេចក្ដីថ្លែងការណ៍មួយថា ផ្កាយរណបស៊ើបការណ៍ទី២ នៃយោធារបស់យើង បានផ្ដាច់ខ្លួនដោយជោគជ័យ ចេញពីយានបាញ់បង្ហោះនៅម៉ោង ៩៖០២នាទី (ម៉ោងក្នុងតំបន់) និងបានចូលទៅដល់គន្លងផែនដី។

ការរត់ប្រណាំងគ្នាបាញ់បង្ហោះផ្កាយរណបស៊ើបការណ៍នៅលើឧបទ្វីបកូរ៉េ កើតមានឡើងបន្ទាប់ពីកូរ៉េខាងជើងបានបាញ់បង្ហោះផ្កាយរណបស៊ើបការណ៍ដំបូងបំផុត កាលពីខែវិច្ឆិកា ឆ្នាំ២០២៣។

តួយ៉ាង កាលពីខែធ្នូឆ្នាំមុន កូរ៉េខាងត្បូងក៏បានប្រកាសផងដែរពីជោគជ័យ ក្នុងការបាញ់បង្ហោះផ្កាយរណបស៊ើបការណ៍ដំបូងបំផុតរបស់ខ្លួន ទៅដាក់នៅគន្លងផែនដី ដោយប្រើប្រាស់គ្រាប់រ៉ុក្កែត SpaceX Falcon 9 របស់ក្រុមហ៊ុនលោក Elon Musk។

ទីភ្នាក់ងារសារព័ត៌មាន Yonhap បានចេញផ្សាយថា ផ្កាយរណបស៊ើបការណ៍ដំបូងរបស់កូរ៉េខាងត្បូង ត្រូវបានរំពឹងថា នឹងចាប់ផ្ដើមធ្វើបេសកកម្មពេញលេញ នៅខែមិថុនាខាងមុខនេះ ដើម្បីអាចតាមដានកូរ៉េខាងជើង។ បើតាមការគ្រោងទុក កូរ៉េខាងត្បូងមានផែនការបាញ់បង្ហោះផ្កាយរណបស៊ើបការណ៍សរុបចំនួន៥ នៅត្រឹមឆ្នាំ២០២៥៕

ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner