ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា៖ ទិវាព្រះពុទ្ធសាសនាអន្តរជាតិប្រារព្ធឡើងដើម្បីឯកភាព និងសាមគ្គីភាពរវាងនិកាយទាំងអស់នៃព្រះពុទ្ធសាសនា

ភ្នំពេញ៖ តាមរយៈព្រះរាជសារប្រទានជូនជនរួមជាតិ ក្នុងទិវាព្រះពុទ្ធសាសនាអន្តរជាតិ នៅថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៤ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់ថា ទិវាព្រះពុទ្ធសាសនាអន្តរជាតិ ជាអភិលក្ខិតសម័យមួយទៀត តាមប្រតិទិនសុរិយគតិ ដែលជាឱកាសដ៏វិសេសវិសាលមួយ ប្រារព្ធឡើងដើម្បីឯកភាពនិងសាមគ្គីភាពរវាងនិកាយទាំងអស់នៃព្រះពុទ្ធសាសនា និងដឹកនាំពុទ្ធបរិស័ទគ្រប់និកាយ ត្រឡប់ទៅបតិបត្តិឱ្យបានខ្ជាប់ ខ្ជួនតាមពាក្យប្រៀនប្រដៅដើមដំបូងរបស់ព្រះសម្មាសម្ពុទ្ធបរមគ្រូនៃយើង និងផ្សព្វផ្សាយ ព្រះពុទ្ធឱវាទឱ្យបានទូលំទូលាយ កាន់តែសកម្មផុសផុលឡើង ដើម្បីបុព្វហេតុនៃការរីកចម្រើន ព្រះពុទ្ធសាសនា និងការកសាងសន្តិភាពនៅក្នុងសង្គមជាតិយើងផង និងនៅលើសកលលោកទាំងមូលផង។

នៅក្នុងឱកាសដ៏មហានក្ខត្តឫក្សនៃទិវាព្រះពុទ្ធសាសនាអន្តរជាតិ នៅថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៤នេះ ព្រះមហាក្សត្រ សូមសម្តែងនូវហឫទ័យសោមនស្សរីករាយ ឥតឧបមា សូមអបអរសាទរជាអនេកប្បការ រួមជាមួយសម្តេចព្រះមហាសង្ឃរាជទាំងពីរគណៈ សម្តេចព្រះសង្ឃនាយក ព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គ ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី លោកតា លោកយាយ មាមីង បងប្អូន ក្មួយៗ ជនរួមជាតិ ទាំងអស់ ជាទីស្រឡាញ់ ដ៏ជ្រាលជ្រៅបំផុត។

សូមជម្រាបថា ការប្រារព្ធទិវាពុទ្ធសាសនាអន្តរជាតិ ៨មេសា នេះ គឺរំលឹកនូវព្រះរាជបូជនីយកិច្ចដ៏ឧត្តមថ្លៃថ្លារបស់ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា ដែលទ្រង់បានបំពេញចំពោះ ជាតិ មាតុភូមិ និងព្រះពុទ្ធសាសនា ទាំងក្នុងប្រទេស និងក្រៅប្រទេស ហើយទ្រង់ទទួលបាននូវព្រះរាជបរមងារកិត្តិយសដ៏ខ្ពង់ខ្ពស់បំផុតជា «ព្រះស្រីលោកធម្មិករាជ»។ មួយវិញទៀត ការប្រារព្ធទិវានេះ គឺជាការរួមចំណែកជំរុញការផ្សព្វផ្សាយ ការផ្ទេរ ចំណេះដឹង ចំណេះធ្វើ ជំនាញ បទពិសោធន៍ បច្ចេកទេស ទេពកោសល្យ វប្បធម៌ គុណធម៌ ចរិយាធម៌ ព្រះពុទ្ធសាសនា ក៏ដូចជាការក្រើនរំលឹកបំផុសស្មារតី និងមនសិកាដល់ប្រជាពលរដ្ឋទាំងអស់ ជាពិសេសយុវបព្វជិត យុវពុទ្ធ សាសនិក ដែលជាទំពាំងស្នងឫស្សី មានកាតព្វកិច្ច ថែរក្សាការពារ ទ្រទ្រង់ព្រះពុទ្ធសាសនា ដែលជា សាសនារបស់រដ្ឋឲ្យបានគង់វង្ស និងរួមចំណែកដល់ការអភិវឌ្ឍជាតិទាំងមូល៕
ដោយ៖ពលជ័យ

ads banner