សម្តេចតេជោ ហ៊ុន សែន សង្ឃឹមថា ឯកអគ្គរដ្ឋទូតមីយ៉ាន់ម៉ា នឹងខិតខំប្រើប្រាស់តួនាទីថ្មីរបស់ខ្លួនក្នុងការជំរុញទំនាក់ទំនងរវាងប្រទេសទាំងពីរ ឱ្យកាន់តែប្រសើរបន្ថែមទៀត

ភ្នំពេញ៖ ក្នុងឱកាសអនុញ្ញាតឱ្យ ឯកឧត្ដម Kyaw Soe Min ឯកអគ្គរដ្ឋទូតសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា ប្រចាំកម្ពុជា និងប្រតិភូ ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅវិមានព្រឹទ្ធសភា រាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៤ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទី និងប្រធានព្រឹទ្ធសភា កម្ពុជា សង្ឃឹមថា ឯកអគ្គរដ្ឋទូតមីយ៉ាន់ម៉ា នឹងខិតខំប្រើប្រាស់តួនាទីថ្មីរបស់ខ្លួនក្នុងការជំរុញទំនាក់ទំនងរវាងប្រទេសទាំងពីរ ឱ្យកាន់តែប្រសើរបន្ថែមទៀត ។

សម្ដេចតេជោ ហ៊ុន សែន បន្តថា ឯកឧត្តម គឺជាអ្នកការទូតទីមួយ ដែល សម្ដេច បានទទួលជួបដំបូង បន្ទាប់ពី សម្ដេចក្លាយជាប្រធានព្រឹទ្ធសភា កម្ពុជា ហើយក៏ក្នុងពេលដែលសម្ដេចជាប្រមុខរដ្ឋស្ដីទីផងដែរ។

ជាកិច្ចឆ្លើយតប ឯកឧត្តម ឯកអគ្គរដ្ឋទូត បានកោតសរសើរ និងថ្លែងអំណរគុណចំពោះ សម្ដេចតេជោ ដែលបានទទួលជួបឯកឧត្តម និងប្រតិភូនាពេលនេះ និងអបអរសាទរចំពោះ សម្ដេចនិងគណបក្សប្រជាជនកម្ពុជា ដែលការបោះឆ្នោតព្រឹទ្ធសភាកន្លងទៅទទួលបានជោគជ័យ និងជាងនេះទៅទៀតគឺ សម្ដេចតេជោ ត្រូវបានជ្រើសតាំងជាប្រធានព្រឹទ្ធសភាកម្ពុជា។

ឯកឧត្តម ឯកអគ្គរដ្ឋទូត បានសម្ដែងនូវក្ដីរីករាយដោយឃើញកម្ពុជាក្រោមការដឹកនាំរបស់ សម្ដេចតេជោ កន្លងទៅ និង សម្ដេចធិបតី នាយករដ្ឋមន្ត្រី នាពេលនេះ ដែលបានដើរនៅលើផ្លូវត្រូវនាំមកនូវសុខសន្តិភាព ស្ថិរភាពនយោបាយ និងការរីកចម្រើនរបស់ប្រទេសកម្ពុជា។

ឯកឧត្តម ក៏បានសម្ដែងនូវក្ដីរីករាយដែលបានមកធ្វើជាអ្នកការទូតនៅកម្ពុជា ហើយដែលប្រទេសទាំងពីរគឺមានទំនាក់ទំនងដ៏យូរលង់ជាពិសេសទៅលើប្រពៃណី វប្បធម៌ សាសនា ដូចគ្នា ។ ចាប់តាំងពីទំនាក់ទំនងការទូតឆ្នាំ1955 មក គឺយើងបានខិតខំរក្សាទំនាក់ទំនងនេះ ហើយជួយគ្នាទៅវិញទៅមកក្នុងគ្រាលំបាក ហើយយើង ក៏ជាប្រទេសជាសមាជិកអាស៊ានដូចគ្នា តែងតែជួយគ្នាក្នុងនាមជាមិត្តជិតស្និទ្ធ។

នៅពេលដែលកម្ពុជាធ្វើជាប្រធានអាស៊ាននៅឆ្នាំ 2022 កន្លងទៅនេះ ឯកឧត្តម ឯកអគ្គរដ្ឋទូត ក៏បានកោតសរសើរ សម្ដេចតេជោ ក្នុងនាមជាប្រធានអាស៊ាន ដែលបានខិតខំប្រឹងប្រែង ជាពិសេស គឺការចូលរួម គាំទ្រ និងការពារ មីយ៉ាន់ម៉ា រហូតសម្ដេចតេជោ អញ្ជើញបំពេញទស្សនកិច្ចការងារផ្ទាល់នៅប្រទេសមីយ៉ាន់ម៉ា គោលបំណង ដើម្បីស្វែងរកដំណោះស្រាយសន្តិភាពនៅមីយ៉ាន់ម៉ា ។

ជាមួយគ្នានេះដែរ នៅពេលមីយ៉ាន់ម៉ា ជួបក្នុងពេលវិបត្តិកូវីដ សម្ដេចតេជោ ក៏ដូចជា រាជរដ្ឋាភិបាលកម្ពុជា បានផ្ដល់ការជួយគាំទ្រដល់មីយ៉ាន់ម៉ា មានដូចជាថ្នាំពេទ្យ និងសម្ភារៈចាំបាច់ដើម្បីប្រយុទ្ធប្រឆាំងនឹងកូវីដ19។

ឯកឧត្ដម ឯកអគ្គរដ្ឋទូត ក៏បានប្ដេជ្ញាថា ក្នុងនាមជា ឯកអគ្គរដ្ឋទូតរបស់មីយ៉ាន់ម៉ា នឹងខិតខំពង្រឹងទំនាក់ទំនងកិច្ចសហប្រតិបត្តិការទ្វេភាគី ក៏ដូចជាពហុភាគី ក្នុងក្របខណ្ឌអាស៊ាន ក្របខណ្ឌតំបន់ និងពិភពលោក ឱ្យកាន់តែល្អប្រសើរនិងរឹងមាំថែមទៀត ។

សម្ដេចតេជោ ប្រមុខរដ្ឋស្ដីទី បានបញ្ជាក់ថា ឆ្នាំក្រោយនេះ គឺជាខួបលើកទី៧០ នៃការបង្កើតទំនាក់ទំនងការទូតនៃប្រទេសយើងទាំងពីរ ហើយដែលមានចំណាស់ស្មើទៅនឹងអាយុរបស់សម្ដេចផងដែរ។ ប្រទេសយើងទាំងពីរ គឺមានទំនាក់ទំនង ទំនៀមទម្លាប់ វប្បធម៌ និងសាសនា ជាពិសេសគឺ ឥទ្ធិពលនៃសាសនា ដែលប៉ុន្មានថ្ងៃខាងមុខនេះប្រទេសយើងទាំង ៤នៅតាមដងទន្លេមេគង្គមាន កម្ពុជា ឡាវ ថៃ និង មីយ៉ាន់ម៉ានឹងប្រារព្ធពិធីចូលឆ្នាំថ្មី ឬហៅថាសង្ក្រាន្តដូចគ្នា។ កន្លងទៅ គឺយើងបានបង្កើត អាកម៉ិច នៅបាកាន ប្រទេសមីយ៉ាន់ម៉ាដែលមានប្រទេសឡាវ ថៃ កម្ពុជា មីយ៉ាន់ម៉ា ចូលររួម ហើយយើងក៏មានកិច្ចសហប្រតិបត្តិការជាច្រើន ដូច្នេះយើងត្រូវជំរុញកិច្ចសហប្រតិបត្តិការលើវិស័យទាំងនេះ ៕

អត្ថបទ ៖ វណ្ណលុក
រូបភាព ៖ វ៉េង លីមហួត, សួង ពិសិដ្ឋ

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner