សហរដ្ឋអាមេរិក ជប៉ុន និងហ្វីលីពីន គ្រោងបើកកិច្ចប្រជុំកំពូលលើកដំបូង ដើម្បីពង្រឹងទំនាក់ទំនងការពារជាតិត្រីភាគី
តូក្យូ៖ មេដឹកនាំជប៉ុន និងហ្វីលីពីន គ្រោងធ្វើដំណើរទៅកាន់ទីក្រុងវ៉ាស៊ីនតោន សហរដ្ឋអាមេរិក ក្នុងសប្តាហ៍នេះ សម្រាប់កិច្ចប្រជុំកំពូលត្រីភាគី ក្នុងគោលបំណងជំរុញទំនាក់ទំនងការពារជាតិ ស្របពេលប្រទេសទាំងបី រួមជាមួយអូស្រ្តាលីដឹកនាំការធ្វើសមយុទ្ធយោធាចតុភាគីនៅតំបន់សមុទ្រចិនខាងត្បូង។
សេតវិមានបានលើកឡើងថា កិច្ចពិភាក្សារវាងមេដឹកនាំអាមេរិក ជប៉ុន និងហ្វីលីពីនក្នុងសប្តាហ៍នេះ នឹងជំរុញភាពជាដៃគូត្រីភាគី ដែលឈរលើការបង្កើតទំនាក់ទំនងជាប្រវត្តិសាស្ត្រដ៏ស៊ីជម្រៅ នៃទំនាក់ទំនងមិត្តភាព ទំនាក់ទំនងសេដ្ឋកិច្ចដ៏រឹងមាំ និងរីកចម្រើន ក៏ដូចជាចក្ខុវិស័យរួមសម្រាប់តំបន់ឥណ្ឌូប៉ាស៊ីហ្វិកដែលសេរី និងបើកចំហ។
រដ្ឋមន្ត្រីការពារជាតិអាមេរិក លោក ឡូយដ៍ អូស្ទីន បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍រួមមួយថា កាលពីថ្ងៃអាទិត្យម្សិលមិញ យោធាអាមេរិក ជប៉ុន ហ្វីលីពីន និងអូស្ត្រាលីបានដឹកនាំការធ្វើសមយុទ្ធរួមគ្នាមួយ ដើម្បីធានាថា ប្រទេសទាំងអស់មានសេរីភាព ក្នុងការហោះហើរ ជិះទូក និងធ្វើប្រតិបត្តិការគ្រប់ទីកន្លែង ដែលច្បាប់អន្តរជាតិអនុញ្ញាត។
គួរបញ្ជាក់ថា ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន នឹងត្រូវធ្វើជាម្ចាស់ផ្ទះស្វាគមន៍នាយករដ្ឋមន្ត្រីជប៉ុន លោក ហ៊្វូមីអូ គីស៊ីដា និងប្រធានាធិបតីហ្វីលីពីន លោក ហ្វើឌីណាន់ ម៉ាកូស ក្នុងកិច្ចប្រជុំត្រីភាគីមួយដែលនឹងប្រព្រឹត្តនៅក្នុងថ្ងៃពុធសប្តាហ៍នេះ មានគោលបំណងពិភាក្សាពីទំនាក់ទំនងសេដ្ឋកិច្ច និងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា