សៀមរាបសង្រ្កាន្ត ពាងទឹកធំៗបានក្លាយជាចំណែកនៃការ តុបតែង លំអពហុប្រយោជន៍

សៀមរាប៖ ស្របពេលថ្ងៃបុណ្យចូលឆ្នាំថ្មី ឆ្នាំរោងនឹងចូលមក ដល់ នៅរាត្រីថ្ងៃសៅរ៍ទី១៣ ខែមេសាឆាប់ៗខាងមុខ ,រដ្ឋបាល ខេត្ត សៀមរាប សហការជាមួយសហភាព សហព័ន្ធយុវជន កម្ពុជា(ស.ស.យ.ក)ខេត្តសៀមរាបនឹងរៀបចំសៀមរាបសង្ក្រាន្តរយៈពេលបួនថ្ងៃ ចាប់ពីថ្ងៃទី១៣ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៤ នៅទីធ្លាសួនច្បារព្រះរាជដំណាក់ក្រុងសៀមរាបនិង មហា វិថី ប្របមាត់ ស្ទឹង។

ការតុបតែងលំអកំពុងតែមមាញឹក ខណៈដែលផ្នែកខ្លះបាន រៀប ចំរួច រាល់ និងផ្នែកខ្លះកំពុងតែជំរុញយ៉ាងញាប់ដៃ។ជាការកត់ សម្គាល់ ការកែច្នៃសោភណភាពឆ្នាំនេះ ក៏ប្លែកភ្នែក ខុសពីបណ្ដាឆ្នាំមុនៗដែរ។ពាងទឹកធំធ្វើពីស៊ីម៉ងត៍ ត្រូវបានយក មក តម្រៀប ជា ជួរលើចិញ្ចើមមហាវិថីដ៏វែងនៃកន្លែងប្រារព្ធពិធី ដែលរំពឹងថា ជាទីប្រមូលផ្តុំអ្នកមកកម្សាន្តច្រើនជាងគេក្នុង ក្រុងសៀមរាប។ពាង ទឹក ទាំងនេះត្រូវបានគូរំលេចទៅដោយ រូបភាពនានានិងលាយចម្រុះពណ៌គួរជាទីគយគន់ក្រៃលែង។ប៉ុន្តែការយកពាងទឹកមកធ្វើជាគ្រឿងលំអនៅពេលនេះ មិនមែន ដើម្បីល្អមើលប៉ុណ្ណោះទេ តែពាងធំៗចំនួនរាប់រយទាំងនេះ នឹង ផ្ទុក ពេញទៅដោយទឹកស្អាត សម្រាប់អ្នកទេសចរជាតិ អន្តរជាតិ អាចដងយកមកស្រោចស្រពខ្លួនក្នុងពេល ដែល អាកាសធាតុក្តៅអំលុងបុណ្យចូលឆ្នាំនេះ។នេះអាចចាត់ ទុក ថា ជាគំនិតច្នៃប្រឌិតមួយដ៏ប្រសើរ។

យោងតាមសេចក្ដីជូនដំណឹងរបស់រដ្ឋបាលខេត្ដសៀមរាបបានអធិប្បាយថា ដើម្បីលើកស្ទួយវប្បធម៌ ទំនៀមទម្លាប់ និង ប្រពៃណី ជាតិ ក៏ដូចជាផ្តល់ឱកាស ជូនប្រជាពលរដ្ឋ ព្រមទាំង ការ ទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ បានចូលរួម កម្សាន្តសប្បាយ អបអរ សាទពិធីបុណ្យចូលឆ្នាំថ្មី ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៧ នាពេលខាងមុននេះ រដ្ឋបាលខេត្ត សៀមរាប សហការជា មួយ សហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តសៀមរាបនឹងរៀបចំសៀមរាបសង្ក្រានឆ្នាំថ្មីរយៈពេលបួនថ្ងៃ គឺចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៤ ដែលធ្វើឡើងនៅសួនច្បារព្រះរាជដំណាក់ក្រុងសៀមរាប។ នៅក្នុងឱកាសព្រឹត្តិការណ៍នេះដែរ រដ្ឋបាលខេត្ត បានរៀបចំនូវកម្មវិធីកម្សាន្តជាច្រើនកន្លែង មានរៀបចំពិធីសាសនា ល្បែងប្រជាប្រិយ ,សួនកុមារ ដែលរៀបចំឡើងនៅ សួនព្រះ រាជ ដំណាក់ តាមបណ្តោយដងស្ទឹងសៀមរាបទៅដល់ស្ពានវត្តដំណាក់  ។

សេចក្ដីជូនដំណឹង ក៏បានឱ្យដឹងថា រដ្ឋបាលខេត្ដក៏បាន សហការ ជាមួយរដ្ឋបាលស្រុកបន្ទាយស្រី រដ្ឋបាលស្រុក ប្រាសាទ បាគង និងក្រុមហ៊ុន Agent21 Global នឹងរៀបចំ “សង្ក្រាន្តក្រុងរុនតាឯកតេជោសែន” រយៈពេលបីថ្ងៃ ចាប់ពី ថ្ងៃទី១១ ដល់ ថ្ងៃទី១៣ ខែមេសា នៅផ្សារតំបន់ អភិវឌ្ឍន៍ រុនតាឯក ស្ថិតក្នុងភូមិតានី ឃុំរុនតាឯក ស្រុកបន្ទាយស្រី។ នៅក្នុងព្រឹត្តិការណ៍នេះ នឹងមានកម្មវិធី កម្សាន្តសប្បាយជាច្រើន រួមមាន៖ ការលេងល្បែងប្រជាប្រិយខ្មែរ ចាប៉ីដងវែង ដោយ គ្រូស្ម័គ្រចិត្តក្នុង ក្រុមសិល្បៈមរតកតេជោរុន តាឯក ,ការដើរម៉ូត សម្លៀកបំពាក់ប្រពៃណីខ្មែរ (ហូល) ការបកស្រាយចម្រៀង ប្រពៃណីដោយក្រុមសិល្បៈតេជោរុនតាឯក ល្ខោនបាសាក់ ស្គរដៃ និងកម្មវិធីផ្សេងៗទៀត ។

សូមបញ្ជាក់ថា ការរៀបចំព្រឹត្តិការណ៍សៀមរាបសង្ក្រាន្តឆ្នាំនេះ គឺជាលើកទី៣ហើយរបស់រដ្ឋបាលខេត្តសៀមរាប ក្នុងគោល បំណង ផ្តល់ឱកាសឱ្យយុវជន សាធារណជនខ្មែរទូទៅ បាន ចូលរួមអបអរសាទរ ពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិនៅ លើទឹកដី ប្រវត្តិសាស្ត្រ សៀមរាប អង្គរ ជាលក្ខណៈមហាគ្រួសារ ខ្មែរតែមួយ ។  ព្រឹត្តិការណ៍សៀមរាបសង្ក្រាន្ត ក៏នឹងផ្តល់ ឱកាស ឱ្យ ព្រះរាជាណាចក្រ កម្ពុជា បានផ្សព្វផ្សាយលើកតម្កើងពី អរិយធម៌ វប្បធម៌ ទំនៀមទម្លាប់ ប្រពៃណីដ៏ផូរផង់របស់ ប្រជាពលរដ្ឋខ្មែរ ជូនភ្ញៀវជាតិ អន្តរជាតិស្វែងយល់ ដើម្បីពង្រីក កិត្យានុភាពនៅក្នុងតំបន់ និងទៅលើពិភពលោក ៕
អត្ថបទនិងរូបភាព៖ ស៊ាន សុផាត

ads banner