បារាំងចាយជាង ១០០លានដុល្លារ ដំឡើងស្ថានីយ៍សាកថ្មរថយន្តអគ្គិសនី
ប៉ារីស៖ អង្គភាពមួយនៃធនាគារអភិវឌ្ឍន៍ជាតិរបស់ប្រទេសបារាំង នៅថ្ងៃ ចន្ទនេះនិយាយថា ខ្លួនបានសហការជាមួយប្រតិបត្តិករដំឡើងស្ថានីយ៍សាកថ្មរថយន្តអគ្គិសនី ដើម្បីផ្តល់ហិរញ្ញប្បទានដល់ការដាក់ពង្រាយនៅតាមទីតាំងជិត ១០,០០០កន្លែង នៅឯអាជីវកម្មប្តូរកងយានយន្ត។
Banque des Territoires ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ Caisse des Depots របស់ប្រទេសបារាំង បានបញ្ជាក់ថា ខ្លួននឹងបណ្តាក់ទុនរួមគ្នាជាមួយ Bump ក្នុងទំហំទឹកប្រាក់ ១០០លានអឺរ៉ូ ឬ១០៨លានដុល្លារ ដើម្បីជួយក្រុមហ៊ុនផលិតផលយានយន្តផ្លាស់ប្តូរទៅរករថយន្តអគ្គិសនី។ ការដំឡើងស្ថានីយ៍សាកថ្មនេះ ទាមទារឱ្យមានការបណ្តាក់ទុនយ៉ាងច្រើន សម្រាប់ក្រុមហ៊ុនទាំងឡាយដែលពិចារណាផ្លាស់ប្តូររថយន្តប្រើសាំងរបស់ពួកគេ ទៅជាប្រភេទរថយន្តអគ្គិសនី។
ដូច្នេះការបណ្តាក់ទុនរួមគ្នានេះ នឹងផ្តល់ហិរញ្ញប្បទានដល់ការដំឡើងស្ថានីយ៍សាកថ្មរបស់ Bump នៅតាមទីតាំងក្រុមហ៊ុន Caisse des Depots។ បើតាមការគ្រោងទុក Bump នឹងដំឡើងស្ថានីយ៍សាកថ្មជាង ១០០,០០០ទីតាំងនៅទូទាំងប្រទេសបារាំង រួមជាមួយនឹងការផ្តល់ផ្លាកសញ្ញាសម្រាប់បង់ថ្លៃសេវា និងយានដ្ឋានចតរថយន្តផងដែរ។
គួរបញ្ជាក់ថា ក្រុមហ៊ុនអគ្គិសនីគ្រប់គ្រងដោយរដ្ឋរបស់ប្រទេសបារាំង EDF ក៏បានប្រកាសកាលពីខែកុម្ភៈផងដែរថា ខ្លួនបានសហការជាមួយក្រុមហ៊ុនហេដ្ឋារចនាសម្ព័ន្ធ Morrison ដើម្បីសាងសង់ស្ថានីយ៍សាកថ្មលឿនជិត ៨,០០០ទីតាំង នៅតាមចំណតសាធារណៈនានា គិតចាប់ពីពេលនេះរហូតដល់ឆ្នាំ២០៣០៕
ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា