កម្ពុជា ជាប្រទេសរងគ្រោះពីការប្រែប្រួលអាកាសធាតុ ដែលប្រទេសធំៗ គឺជាអ្នកបង្កឡើង

(ខេត្តសៀមរាប)៖ ប្រទេសកម្ពុជាជាប្រទេសដែលរងគ្រោះពីការប្រែប្រួលអាកាសធាតុ មិនមែនជាប្រទេសដែលបង្កឱ្យមានការប្រែប្រួលអាកាសធាតុនោះទេ ហើយប្រទេសដែលបង្កឱ្យមានការប្រែប្រួលអាកាសធាតុនោះគឺជាប្រទេសធំៗដែលមានឧស្សាហកម្មជឿនលឿន ។

គួរបញ្ជាក់ថា ការថ្លែងបែបនេះធ្វើឡើងពីសំណាក់ ឯកឧត្តម ជួប ប៉ារីស៍ រដ្ឋលេខាធិការក្រសួងបរិស្ថានក្នុងបទសំភាសន៍ជាបណ្តាញសារព័ត៌មានក្រោយបញ្ចប់នៃសិក្ខាសាលាបញ្រ្ជាបចំណេះដឹងស្តីពី «ការប្រែប្រួលអាកាសធាតុទៅកាន់យុវជន និងអ្នកជំនាញសារព័ត៌មានក្នុងស្រុក»នាខេត្តសៀមរាប ក្នុងថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២៤នេះ ។

ឯកឧត្តម រដ្ឋលេខាធិការបានមានប្រសាសន៍ថា ៖ តាមរយៈការទទួលរងគ្រោះពីការប្រែប្រួលអាកាសធាតុនេះដែរអ្វីដែលអាចជួយកសិករបានគឺយើងធ្វើយ៉ាងណាឱ្យពួកគាត់មានភាពបន្សាំទៅនឹងការប្រែប្រួលអាកាសធាតុព្រោះការប្រែប្រួលអាកាសធាតុនេះមានជាដ៏រាបមិនមានការប្រួលប្រួលនោះទេ ។ អញ្ចឹងហើយការងារសំខាន់ដែលយើងធ្វើនោះគឺត្រូវធ្វើយ៉ាងណាឱ្យកសិករចេះបន្សាំខ្លួនឯង ចេះរស់នៅជាមួយការប្រែប្រួលអាកាសធាតុតាមរយៈការដាំដុះ ការចិញ្ចឹមសត្វ ការចេះបង្កើតអេកូទេសចរណ៍ឬយើងហៅថាគោលដៅលំហែកម្សាន្តដើម្បីធ្វើយ៉ាងណាឱ្យពួកគាត់ទាញចំណូលមិនរំខានដល់ព្រៃឈើទេ ។

ឯកឧត្តម បានថ្លែងថា ៖ ដើម្បីថែរក្សាព្រៃឈើបានគង់វង្សយើងចាំបាច់ត្រូវឱ្យប្រជាសហគមន៍សហការជាមួយមន្រ្តីឧទ្យានុរក្សដោយក្នុងនេះធ្វើយ៉ាងណាល្បាត និងអភិរក្សព្រៃឈើឱ្យខានតែបាន ។

ដោយឡែកដើម្បីសម្រេចឱ្យបាននៃទិសដៅរបស់រាជរដ្ឋាភិបាលអាណត្តិថ្មី ទៅលើការដាំដុះព្រៃឈើ ក្នុងឆ្នាំ២០៥០ ឲ្យបានគម្របព្រៃឈើ៦០ភាគរយ និងដើម្បីឲ្យក្លាយទៅជាប្រទេស ដែលមានអព្យាក្រឹតកាបូននោះត្រូវបានត្រូវបានឯកឧត្តម ជួប ប៉ារីស៍ បញ្ជាក់ថាក្រសួងបរិស្ថានបានដាក់ចេញនូវមុំចំនួន ៣ គឺទី១ត្រូវដាំដើមឈើឡើងវិញ ទី២ ត្រូវការពារព្រៃឈើ ដែលយើងមានឱ្យគង់វង្ស និងទី៣ ជួយដល់សហគមន៍ ឲ្យពួកគាត់មានជីវភាពល្អប្រសើរ និងឲ្យពួកគាត់បានស្វែង យល់ពីអត្ថប្រយោជន៍ នៃព្រៃឈើ ដើម្បីកុំឲ្យរំខានឬកាប់ព្រៃឈើនោះទេ ។

ជុំវិញបញ្ហានេះ ឯកឧត្តមបានធ្វើការពន្យល់ដែរថា សម្រាប់ការបាត់បង់ព្រៃឈើ គឺជាការបាត់បង់ធនធានធម្មជាតិដ៏សំខាន់ ដែលអាចជួយទប់ស្កាត់ នៃការហូរច្រោះ ធ្វើឲ្យដីល្អ និងរក្សាបានទឹកក្រោមដី ជាជម្រកសត្វព្រៃដ៏សំខាន់ ។ ព្រៃឈើក៏មានសារៈសំខាន់បន្ថែមទៀត ទៅលើការស្រូបកាបូន ជាពិសេសព្រៃឈើបានផ្ដល់សម្រស់ដ៏ស្រស់ត្រកាល និងទាក់ទាញភ្ញៀវទេសចរណ៍ខ្លាំងបំផុត ។

ដោយឡែក ឯកឧត្តម យុន លីនណេ អភិបាលរងនៃគណៈអភិបាលខេត្តសៀមរាបបានលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជានីតិកាលទី៧នៃរដ្ឋសភា បានដាក់ចេញនូវកម្មវិធីនយោបាយ សម្រាប់ការកសាង និងការការពារមាតុភូមិ ឆ្នាំ២០២៣-២០២៨ និងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ឆ្នាំ២០២៣-២០២៨ ដើម្បីកំណើនសេដ្ឋកិច្ច បង្កើតការងារ ធានាសមធម៌ បង្កើនប្រសិទ្ធិភាព និងរក្សាចីរភាព ។ ការកែទម្រងការងារគ្រប់គ្រងធនធានធម្មជាតិ និងបរិស្ថាន ជាការងារអាទិភាពមួយក្នុងចំណោមការងារអាទិភាពរបស់រាជរដ្ឋាភិបាល ដែលមានក្រសួងបរិស្ថានដឹកនាំអនុវត្តរួមមាន៖ ការកាត់បន្ថយការបំពុលបរិស្ថាន ការពង្រឹងការគ្រប់គ្រងតំបន់ការពារធម្មជាតិ ការអប់រំផ្សព្វផ្សាយនិងការប្រែប្រួលអាកាសធាតុ ទំនើបកម្មរដ្ឋបាលនិងហិរញ្ញវត្ថុប្រកបដោយចីរភាព និងការលើកម្ពស់ការទូតបៃតង ។

គួរបញ្ជាក់ថា ឯកឧត្តម អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថានធ្លាប់បានថ្លែងថា រាជរដ្ឋាភិបាលអាណត្តិទី៧ នៃរដ្ឋសភាមានគោលជំហរច្បាស់លាស់ក្នុងការជំរុញភាពបៃតងរបស់កម្ពុជា ដែលក្នុងនោះក្រសួងបរិស្ថានបានរៀបចំបណ្តុះកូនឈើរួចហើយ សម្រាប់យុទ្ធនាការចែកកូនឈើជាង ១ លានដើម ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ ដើម្បីដាំស្តារព្រៃ ដាំនៅតាមគេហដ្ឋាន និងតាមមូលដ្ឋាន ចាប់ពីដើមរដូវវស្សា ឆ្នាំ២០២៤ តទៅ ៕

អត្ថបទ ៖ ម៉ាដេប៉ូ
រូបភាព ៖ លោក គ្រីសម្បត្តិ និង សែម បូរិន

ជិន ម៉ាដេប៉ូ
ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។
ads banner
ads banner
ads banner