មេធំក្រុមហ៊ុនហិរញ្ញវត្ថុអាមេរិក JPMorgan ព្រមានថា សហរដ្ឋអាមេរិកនឹងធ្លាក់ក្នុងវិបត្តិអតិផរណារយៈពេលយូរ
វ៉ាស៊ីនតោន៖ នាយកប្រតិបត្តិក្រុមហ៊ុនសេវាកម្មហិរញ្ញវត្ថុដ៏ធំរបស់អាមេរិក JPMorgan Chase លោក Jamie Dimon នៅថ្ងៃចន្ទនេះព្រមានថា អតិផរណាអាចនឹងបន្តកើនឡើងក្នុងរយៈពេលយូរជាងការរំពឹងទុក ដែលទំនងជាបង្កផលប៉ះពាល់ដល់កំណើនសេដ្ឋកិច្ចរបស់សហរដ្ឋអាមេរិក។
នៅក្នុងលិខិតប្រចាំឆ្នាំរបស់ខ្លួនផ្ញើទៅកាន់ភាគទុនិក នាយកប្រតិបត្តិក្រុមហ៊ុន JPMorgan Chase លោក Dimon បានចង្អុលទៅលើសម្ពាធអតិផរណា ដែលទំនងជាប៉ះពាល់ទំនុកចិត្តរបស់ទីផ្សារភាគហ៊ុន អំពីទស្សនវិស័យកំណើន ហើយអាចនាំឱ្យមានអត្រាការប្រាក់កាន់តែខ្ពស់។ លោក Dimon បានលើកឡើងពីការផ្លាស់ប្តូរគោលនយោបាយពាណិជ្ជកម្ម និងការចំណាយលើសេដ្ឋកិច្ចបៃតង គឺជាកត្តាជំរុញដល់កំណើនអតិផរណារបស់សហរដ្ឋអាមេរិក ទោះបីជាមានសូចនាករសេដ្ឋកិច្ចជាច្រើនដែលនៅតែល្អក៏ដោយ។
![](https://asset.ams.com.kh/central/media/2024/04/photo_2024-04-09_14-42-02-1024x768.jpg)
បន្ថែមលើនេះ លោក Dimon ក៏បានលើកឡើងពីបរិយាកាសភូមិសាស្ត្រនយោបាយ ដែលមិនច្បាស់លាស់ផងដែរ ក្នុងនោះរួមមានសង្គ្រាមរុស្ស៊ី និងអ៊ុយក្រែន ក៏ដូចជាជម្លោះនៅតំបន់មជ្ឈិមបូព៌ា។
សូមរម្លឹកថា កាលពីឆ្នាំមុន ក្រុមហ៊ុន JPMorgan Chase (JPM) ទទួលបានប្រាក់ចំណេញច្រើនជាងអ្វីដែលខ្លួនធ្លាប់មានពីមុន។
ជាក់ស្តែងក្រុមហ៊ុនផ្តល់ប្រាក់កម្ចីធំជាងគេនៅសហរដ្ឋអាមេរិកមួយនេះ បានរាយការណ៍ថា ខ្លួនទទួលបានប្រាក់ចំណូលសុទ្ធប្រចាំឆ្នាំរហូតដល់ ៤៩.៦ពាន់លានដុល្លារ ដែលនេះជាចំនួនច្រើនបំផុតមិនធ្លាប់មាននៅក្នុងប្រវត្តិសាស្ត្រ នៃឧស្សាហកម្មធនាគារអាមេរិក នេះបើយោងតាមការចេញផ្សាយពីគេហទំព័រ finance.yahoo៕
![](https://asset.ams.com.kh/central/media/2024/04/photo_2024-04-09_14-42-09-1024x682.jpg)
![](https://asset.ams.com.kh/central/media/2024/04/photo_2024-04-09_14-42-04-1024x714.jpg)
ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា