ក្រុមហ៊ុនផលិតម៉ូតូ និងម៉ូតូកង់បីរបស់ឥណ្ឌាលំដាប់ពិភពលោក វាយលុកទីផ្សារកម្ពុជា
ភ្នំពេញ៖ TVS Motor (TVSM) ដែលជាក្រុមហ៊ុនផលិតម៉ូតូ និងម៉ូតូកង់បីរបស់ឥណ្ឌា ធំជាងគេបង្អស់នៅលើពិភពលោក នៅពេលថ្មីៗនេះ បានសម្ពោធក្រុមហ៊ុនចែកចាយលក់ម៉ូតូទំនើបជាផ្លូវការនៅលើទីផ្សារប្រទេសកម្ពុជា មានទីតាំងស្ថិតនៅសង្កាត់វាលវង់ ខណ្ឌ៧មករា ឬជិតផ្សារទំនើបអូឡាំព្យា រាជធានីភ្នំពេញ។
ក្រុមហ៊ុន TVS Motor (TVSM) បានចាប់ដៃគូជាមួយក្រុមហ៊ុន Silverline Global Venture Co. Ltd ដើម្បីក្លាយជាតំណាងចែកចាយម៉ូតូនាំមុខគេក្នុងប្រទេសកម្ពុជា។ ទន្ទឹមគ្នា ក្រុមហ៊ុនេះក៏បានដាក់សម្ពោធជាផ្លូវការ នូវបន្ទប់តាំងបង្ហាញ (Showroom) ថ្មីដំបូង សម្រាប់ដាក់តាំងបង្ហាញផលិតផលម៉ូតូនៅក្នុងទីក្រុងភ្នំពេញផងដែរ។ កន្លងមក ក្រុមហ៊ុន TVS Motor (TVSM) ធ្លាប់បានដាក់លក់ផលិតផលម៉ូតូកង់បីរបស់ខ្លួននៅកម្ពុជា អស់រយៈពេលជាច្រើនឆ្នាំមកហើយ។
ថ្លែងក្នុងពិធីនេះ លោក ជេ តាំងហ្គារ៉ាចាន់ (J. Thangarajan) អគ្គនាយកក្រុមហ៊ុន PT TVS Motor Company មានប្រសាសន៍ថា យើងរីករាយក្រៃលែង ក្នុងការពង្រីកទីផ្សារ នៅក្នុងប្រទេសកម្ពុជាឱ្យកាន់តែទូលំទូលាយ ដោយមានការគាំទ្រ និងភាពជឿទុកចិត្តពីអតិថិជន ជាពិសេសការចាប់ដៃគូជាមួយក្រុមហ៊ុន Silverline Global Venture Co. Ltd. យើងជឿជាក់យ៉ាងមុតមាំថា បច្ចេកវិទ្យាទំនើបរបស់យើង នឹងផ្ដល់នូវបទពិសោធន៍ដ៏ អស្ចារ្យ ជាមួយគុណភាពខ្ពស់បំផុត។ លោក តាំងហ្គារ៉ាចាន់ មានទំនុកចិត្តខ្ពស់ថា TVS Motor នឹងកាន់តែទទួលបានការគាំទ្រខ្លាំងឡើងៗនៅទូទាំងពិភពលោក ក៏ដូចជាអតិថិជនក្នុងប្រទេសកម្ពុជា។
ហើយយើងសូមអំពាវនាវឱ្យអតិថិជនទាំងអស់ បន្តការគាំទ្រ ការលើកទឹកចិត្ត និងអបអរសាទរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់យើង។ នាឱកាសនោះដែរ លោក អានៀល ចាន់ដ្រាន (Anil Chandran) នាយកប្រតិបត្តិនៃក្រុមហ៊ុន Silverline Global Venture Co. Ltd បានបញ្ជាក់ថា យើងមានមោទនភាពខ្លាំងណាស់ ដែលត្រូវបានជ្រើសរើសជាដៃគូចែកចាយផ្តាច់មុខពីក្រុមហ៊ុន TVS Motor (TVSM) នៅកម្ពុជា។លោក ចាន់ដ្រាន បន្ថែមថា ស្របតាមការប្តេជ្ញាចិត្តរបស់យើង ក្នុងការជំរុញលើកទឹកចិត្តដល់ម្ចាស់កម្មសិទ្ធិ ដើម្បីទទួលបាននូវបទពិសោធន៍ល្អៗ យើងរីករាយក្នុងការប្រកាសបើកដំណើរការជាផ្លូវការ Showroom ថ្មី ក្នុងការដាក់តាំងបង្ហាញផលិតផលរបស់យើង។ Showroom ថ្មីនេះ នឹងផ្តល់នូវបទពិសោធន៍ដ៏អស្ចារ្យ ជាមួយការគាំទ្ររាល់គ្រប់ផលិតផលរបស់យើង រួមទាំងសេវាកម្មដ៏ល្អបំផុតគ្មានគូប្រៀបទៅលើសេវាតំហែរទាំ និងគ្រឿងបន្លាស់។
សូមជម្រាបថា ក្រុមហ៊ុន TVS Motor Company គឺជាក្រុមហ៊ុនផលិតម៉ូតូ និងម៉ូតូកង់បីដ៏ល្បីល្បាញនៅលើពិភពលោក មានរោងចក្រដែលមានចង្វាក់ផលិតកម្មទំនើបបំផុតចំនួន៤នៅក្នុងប្រទេសឥណ្ឌា និងឥណ្ឌូនេស៊ី។ ផលិតផលរបស់ក្រុមហ៊ុន TVS Motor (TVSM) បានចរាចរណ៍លើទីផ្សារជាង ៨០ប្រទេសរួចមកហើយ នៅទូទាំងមជ្ឈិមបូព៌ា អាហ្វ្រិក អាស៊ីអាគ្នេយ៍ ឧបទ្វីបឥណ្ឌា អាមេរិកឡាទីន និងអាមេរិកកណ្តាល៕
អត្ថបទ៖ ឈឹម ទីណា