លិចទូក ស្លាប់មនុស្សជិត១០០នាក់នៅម៉ូសំប៊ិក

មនុស្ស៩៨នាក់បានស្លាប់ បន្ទាប់ពីទូកផ្ទុកលើសទម្ងន់មួយគ្រឿង បានក្រឡាប់ នៅទីក្រុង Nampula នៃប្រទេស ម៉ូសំប៊ិក កាលពីថ្ងៃចន្ទ។ មនុស្ស១២នាក់ត្រូវបានសង្គ្រោះ និងជាច្រើននាក់ទៀតនៅបាត់ខ្លួន។

អាជ្ញាធរបានអះអាងថា មនុស្ស១៣០នាក់បាននាំគ្នាសម្រុកជិះលើទូកមួយគ្រឿងនេះ ដើម្បីព្យាយាមរត់គេច ចេញពីដីគោក បន្ទាប់ពីមានព័ត៌មានមិនពិត អំពីជំងឺអាសន្នរោគ ដែលនាំឱ្យមានការភ័យស្លន់ស្លោ ហើយពួកគេប៉ុនប៉ង ជិះទូក ទៅកាន់កោះមួយ។ នេះបើយោងមន្ត្រីជាន់ខ្ពស់ប្រចាំទីក្រុង Nampula។

ប្រទេសដែលស្ថិតក្នុងទ្វីបអាហ្វ្រិកខាងត្បូងមួយនេះ បានកត់ត្រាករណីជំងឺអាសន្នរោគ ជិត ១៥០០០នាក់ និងស្លាប់ ៣២នាក់ ចាប់តាំងពីខែតុលាឆ្នាំមុនមក។ ម៉ូសំប៊ិកត្រូវបានគេស្គាល់ថា ជាប្រទេសក្រីក្របំផុតមួយ ក្នុងពិភពលោក៕

ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner