នាយឧត្តមសេនីយ៍ ហ៊ីង ប៊ុនហៀង៖ កិច្ចការពារសន្តិសុខ សណ្ដាប់ធ្នាប់ គឺគ្រឹះដ៏សំខាន់ នៃសុខសន្តិភាព
(កណ្ដាល)៖ កិច្ចការពារសន្តិសុខ សណ្ដាប់ធ្នាប់ គឺគ្រឹះសំខាន់ នៃសុខសន្តិភាព ។ ជាក់ស្ដែងការអនុវត្តគោលនយោបាយភូមិ-ឃុំ មានសុវត្ថិភាព ធានាសន្តិសុខ សុវត្តិភាព សណ្តាប់ធ្នាប់សង្គម ពិសេសការបង្ក្រាបបញ្ហាគ្រឿងញៀន នៅក្នុងមូលដ្ឋាន ពិតជាកិច្ចការដ៏សំខាន់បំផុត ដើម្បីបង្កលក្ខណៈសប្បាយរីករាយជូនបងប្អូនប្រជាពលរដ្ឋ នៅក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ។
នេះជាការបញ្ជាក់របស់ ឯកឧត្ដម នាយឧត្តមសេនីយ៍ កិត្តិសង្គហបណ្ឌិត ហ៊ីង ប៊ុនហៀង ប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានស្រុកកណ្តាលស្ទឹង ក្នុងឱកាសអញ្ជើញជួបសំណេះសំណាល ជាមួយកងកម្លាំងប្រដាប់អាវុធទាំងបី និងកម្លាំងប្រជាការពារ នៅទូទាំងស្រុកកណ្ដាលស្ទឹង ខេត្តកណ្តាល នាព្រឹកថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២៤ ។
លោកអភិបាលស្រុកកណ្តាលស្ទឹង បានឲ្យដឹងថា ក្នុងខែមីនា កន្លងទៅនេះ ស្រុកកណ្តាលស្ទឹង មានបទល្មើសនានា ធៀបក្នុងខែមុនមានការកើនឡើង ៣លើក ។ គ្រោះថ្នាក់ចរាចរណ៍រ មានការថយចុះ ១លើក បណ្តាលឲ្យស្លាប់ ០២នាក់ របួស ០៨នាក់។ ការបង្ក្រាបបទល្មើសគ្រឿងញៀនបានកើនឡើង ១លើក ឃាត់ខ្លួនជនសង្ស័យចាត់វិធានការផ្លូវច្បាប់ចំនួន ៧នាក់ ។
ឯកឧត្ដម កិត្តិសង្គហបណ្ឌិត ហ៊ីង ប៊ុនហៀង បានបញ្ជាក់ថា ក្រៅពីការថែរក្សាសមិទ្ធផលសន្តិភាព សន្តិសុខ និងសេដ្ឋកិច្ចសង្គម ប្រមុខរាជរដ្ឋភិបាល នីតិកាលទី៧ នៃរដ្ឋសភា បានយកចិត្តទុកដាក់ខ្ពស់ ដោយបានដាក់ចេញ នូវបទបញ្ជាការប្រយុទ្ធប្រឆាំងគ្រឿងញៀន ដើម្បីចូលរួមចំណែកធានាប្រសិទ្ធភាព នៃការអនុវត្តយុទ្ធនាការ ប្រឆាំងគ្រឿងញៀនខុសច្បាប់លើកទី៩ ក៏ដូចជាការលើកកម្ពស់ ជំនឿទុកចិត្ត ប្រសិទ្ធភាពការងារ និងអភិបាលកិច្ចល្អនៅក្នុងស្ថាប័នរដ្ឋ ទាំងថ្នាក់ជាតិ ទាំងថ្នាក់ក្រោកមតិ ទាំងជួរកងកម្លាំងប្រដាប់អាវុធ និងមន្ត្រីរាជការស៊ីវិល ។
ឯកឧត្ដម បន្តថា ដើម្បីឲ្យកិច្ចការប្រយុទ្ធប្រឆាំងគ្រឿងញៀន សម្រេចទៅបាន ទាល់តែមានការចូលរួមពីមន្ត្រីអាជ្ញាធរដែនដី កងកម្លាំងប្រដាប់អាវុធ ប្រជាការពារ ព្រមទាំងក្រុមគ្រួសារ បងប្អូនប្រជាពលរដ្ឋផងដែរ ៕
អត្ថបទ ៖ វណ្ណលុក
ប្រភព ៖ ខេត្តកណ្តាល