ព្រះមហាក្សត្រ បានយាងត្រឡប់មកដល់ប្រទេសកម្ពុជាវិញ បន្ទាប់ពីបំពេញព្រះរាជទស្សនកិច្ច នៅប្រទេសជប៉ុន ៥ថ្ងៃ
(ភ្នំពេញ)៖ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា បានយាងត្រឡប់មកដល់ប្រទេសកម្ពុជាវិញហើយ នៅល្ងាចថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២៤ បន្ទាប់ពីបំពេញ ព្រះរាជទស្សនកិច្ចផ្លូវការ នៅប្រទេសជប៉ុន រយៈពេល ៥ថ្ងៃ ។
អញ្ជើញទទួលព្រះរាជដំណើរយាងនិវត្តន៍របស់ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តមសីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា បន្ទាប់ពីព្រះអង្គបានយាងព្រះរាជទស្សនកិច្ចនៅប្រទេសជប៉ុនចាប់ពីថ្ងៃទី៥-៩ ខែមេសា ឆ្នាំ២០២៤ រួមមាន៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា, សម្ដេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា, សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំងសម្ដេច ឯកឧត្តម ជាឧត្តមប្រឹក្សាព្រះមហាក្សត្រ ព្រះរាជវង្សានុវង្ស និងមន្ត្រីព្រះបរមរាជវាំងមួយចំនួនទៀត ។
សូមជម្រាបថា យោងតាមព្រះរាជសារ ព្រះករុណា ព្រះបាទសម្តេចព្រះ បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា បានឱ្យដឹងកាលពីថ្ងៃទី២មេសាថា ព្រះករុណា ព្រះមហាក្សត្រ សូមព្រះអនុញ្ញាត និងអនុញ្ញាតពីសម្តេចព្រះមហាសង្ឃរាជ ទាំងពីរគណៈ និងព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី លោកតា លោកយាយ មាមីង បងប្អូន ក្មួយៗជនរួមជាតិទាំងអស់ អវត្តមានពីមាតុប្រទេស ចាប់ពី ថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២៤ ដើម្បីយាងទៅបំពេញ ព្រះរាជទស្សនកិច្ចនៅប្រទេសជប៉ុន ។
នៅក្នុងឱកាសអវត្តមានរបស់ព្រះមហាក្សត្រ នៅក្នុងប្រទេស ព្រះអង្គ បានប្រគល់ភារកិច្ច ជូន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ឱ្យទទួលជួយព្រះអង្គ ក្នុងឋានៈជា ប្រមុខរដ្ឋស្តីទី នៃព្រះរាជាណាចក្រកម្ពុជា ៕
អត្ថបទ ៖ វណ្ណលុក
រូបភាព ៖ FN