រុស្ស៊ីបំផ្លាញអស់ ៨០ភាគរយនៃរោងចក្រថាមពលឧស្ម័ន និងធ្យូងថ្មរបស់អ៊ុយក្រែន
គៀវ៖ មន្រ្តីជាន់ខ្ពស់អ៊ុយក្រែន នៅថ្ងៃចន្ទនេះនិយាយថា រុស្ស៊ីបានបំផ្លាញរហូតដល់ ៨០ភាគរយនៃរោងចក្រថាមពលធម្មតា និងច្រើនជាងពាក់កណ្តាលនៃរោងចក្រវារីអគ្គិសនីរបស់អ៊ុយក្រែន ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ថ្មីៗនេះ។
![](https://asset.ams.com.kh/central/media/2024/04/photo_2024-04-09_17-36-05-1024x671.jpg)
រុស្ស៊ីបានបើកការវាយប្រហារស្ទើរតែរាល់ថ្ងៃ ទៅលើបណ្តាញផ្គត់ផ្គង់អគ្គិសនីរបស់ប្រទេសអ៊ុយក្រែន ចាប់តាំងពីចុងខែមីនា នាំឱ្យមានការដាច់ចរន្តអគ្គិសនីដ៏ធំនៅក្នុងទីក្រុងខាកូវ ភាគឦសាន។ រដ្ឋមន្ត្រីថាមពលអ៊ុយក្រែន លោក ជើមែន ហ្គាលូសឈិនកូ បានប្រាប់អ្នកកាសែតនៅទីក្រុងគៀវថា នេះគឺជាការវាយប្រហារដ៏ធំបំផុត លើវិស័យថាមពលរបស់អ៊ុយក្រែន ចាប់តាំងពីសង្រ្គាមបានចាប់ផ្តើម។
![](https://asset.ams.com.kh/central/media/2024/04/photo_2024-04-09_17-36-07-1024x682.jpg)
លោក ហ្គាលូសឈិនកូ បន្តថា ទំហំនៃការវាយប្រហារទាំងនេះគឺធ្ងន់ធ្ងរ ជាងការវាយប្រហារមុនៗក្នុងរដូវរងារកាលពីឆ្នាំ ២០២២ ដល់ឆ្នាំ ២០២៣ នៅពេលដែលមនុស្សរាប់លាននាក់ បានទទួលរងសីតុណ្ហភាពត្រជាក់ ទាំងដែលគ្មានអគ្គិសនី និងកំដៅ។ រដ្ឋមន្ត្រីថាមពលអ៊ុយក្រែនរូបនេះបានសង្កត់ធ្ងន់ថា ជនជាតិរុស្ស៊ីបានកែប្រែអាវុធប្រយុទ្ធ ហើយឥឡូវនេះ ពួកគេបានងាកមកប្រើប្រាស់យន្តហោះដ្រូនអ៊ីរ៉ង់ និងមីស៊ីល ដើម្បីបង្កការខូចខាតកាន់តែច្រើន នៅក្នុងការវាយប្រហារលើអ៊ុយក្រែន។
![](https://asset.ams.com.kh/central/media/2024/04/photo_2024-04-09_17-36-08-1024x682.jpg)
សូមជម្រាបថា នៅមុនពេលរុស្ស៊ីចាប់ផ្តើមបើកការលុកលុយ ការផលិតថាមពលរបស់អ៊ុយក្រែនមានតុល្យភាពស្មើគ្នា រវាងធ្យូងថ្ម ឧស្ម័នធម្មជាតិ និងថាមពលនុយក្លេអ៊ែរ ជាមួយនឹងការប្រើប្រាស់វារីអគ្គិសនីតិចតួច។ ក្រោយមក វាបានថយចុះខ្លាំង បន្ទាប់ពីស្ថានីយ៍ថាមពលនុយក្លេអ៊ែរដ៏ធំបំផុតរបស់ប្រទេសអ៊ុយក្រែន ហ្សាប៉ូរីសហ្ស៊ីយ៉ា បានស្ថិតនៅក្រោមការគ្រប់គ្រងរបស់រុស្ស៊ីចាប់តាំងពីជិតចាប់ផ្តើមសង្រ្គាម៕ ប្រភព៖ AFP AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា
![](https://asset.ams.com.kh/central/media/2024/04/photo_2024-04-09_17-36-09-1024x682.jpg)