CEO ក្រុមហ៊ុន OpenAI ក្លាយជាសេដ្ឋីពិភពលោកក្នុងវ័យ៣៨ឆ្នាំ
លោក Sam Altman ដែលជានាយកប្រតិបត្តិ ឬ CEO របស់ក្រុមហ៊ុនបញ្ញាសប្បនិម្មិតដ៏ធំ របស់អាមេរិក OpenAI ត្រូវបានទស្សនាវដ្តី Forbes ប្រកាសជាផ្លូវការ ថាជាមហាសេដ្ឋីពិភពលោក ក្នុងវ័យ ៣៨ឆ្នាំ។
OpenAI គឺជាក្រុមហ៊ុនដែលបង្កើត គំរូភាសាបញ្ញាសប្បនិម្មិត ChatGPT។ បើយោងតាមទស្សនាវដ្តី Forbes ដែលបានប្រកាសពីដំណឹងនេះ កាលពីថ្ងៃចន្ទ បានឲ្យដឹងថា លោក Sam Altman បានប្រែក្លាយ មុខមាត់នៃAI សកល ក្នុងពេលដែលក្រុមហ៊ុនរបស់លោកបញ្ចេញ ChatGPT ក្នុងឆ្នាំ២០២២ ហើយពេលនេះលោកក្លាយជាមហាសេដ្ឋកិច្ចពិភពលោក ក្នុងចំណាត់ថ្នាក់ទី ២៦៩២។
សារព័ត៌មានហិរញ្ញវត្ថុបាននិយាយថា ទ្រព្យសម្បត្តិរបស់លោក Altman ភាគច្រើន បានមកពីការវិនិយោគ ក្នុងការចាប់ផ្តើមអាជីវកម្ម Startup ដូចជា Reddit ដែលថ្មីៗនេះ កំពុងមានវត្តមានលើផ្សារហ៊ុនញូវយ៉ក និងក្រុមហ៊ុនទូទាត់ Stripe ដែលបច្ចុប្បន្ន ត្រូវបានគេប៉ាន់ស្មានថា មានតម្លៃ ៦៥ ពាន់លានដុល្លារ។ បុរសរូបនេះក៏បានបណ្តាក់ទុនលើក្រុមហ៊ុនថាមពលនុយក្លេអ៊ែរមួយចំនួនផងដែរ។
OpenAI ត្រូវបានគេប៉ាន់ស្មានថា មានតម្លៃប្រហែល ៨០ ពាន់លានដុល្លារ។ ក៏ប៉ុន្តែលោក Altman បានទទូចថា លោកមិនមានភាគហ៊ុននេះទេ៕
ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត