ក្រសួងធម្មការ និងស្ថានទូតឥណ្ឌា រៀបចំពិធីរំលឹកដល់ថ្ងៃកំណើតរបស់លោកបណ្ឌិត B.R.Ambedkar បញ្ញវន្តដ៏អស្ចារ្យបំផុតមួយរបស់ប្រទេសឥណ្ឌា
ភ្នំពេញ៖ ស្ថានទូតឥណ្ឌាប្រចាំប្រទេសកម្ពុជា មជ្ឈមណ្ឌលអន្តរជាតិ Dr. Ambedkar ទីក្រុងញូវដេលី ពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា និងពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ ព្រមទាំងក្រសួងធម្មការ និងសាសនា នៅថ្ងៃទី១០ ខែមេសានេះ សហការ រៀបចំសន្និសីទអន្តរជាតិ ស្តីពីការចូលរួមចំណែករបស់បណ្ឌិត B.R. Ambedkar ក្នុងការតាក់តែងច្បាប់រដ្ឋធម្មនុញ្ញឥណ្ឌា ការកសាងប្រទេសជាតិ ទស្សនៈស្តីពីព្រះពុទ្ធសាសនា និងដើម្បីរំលឹកដល់ថ្ងៃកំណើតរបស់លោកបណ្ឌិត ដែលបញ្ញវន្តដ៏អស្ចារ្យបំផុតមួយរបស់ប្រទេសឥណ្ឌា។ ពិធីនេះធ្វើឡើងនៅពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ។
ឯកឧត្តម ងួន ស្តេចភក្តី រដ្ឋលេខាធិការក្រសួងធម្មការ និងសាសនា មានប្រសាសន៍ថា កម្មវិធីរំលឹកដល់ស្នាដៃរបស់លោកបណ្ឌិត B.R.Ambedkar ដែលពិតជាមានអត្ថន័យខ្លឹមសារ និងជាការចងចាំដ៏មានសារៈសំខាន់មួយ ពីព្រោះវីរៈភាព និងការតស៊ូរបស់លោកបណ្ឌិត ក្នុងការស្ដារឡើងវិញនូវសិទ្ធិសេរីភាព ប្រជាធិបតេយ្យ ការលុបបំបាត់នូវភាពរើសអើង ហើយជាពិសេសគឺការលើកស្ទួយនូវព្រះពុទ្ធសាសនា និងយកធម៌របស់ព្រះពុទ្ធអង្គ ជាមាគ៌ាក្នុងការកសាងនូវសន្តិភាព ស្ថេរភាព និងសុខដុមរមនា។
ឯកឧត្តម ងួន ស្តេចភក្តី បន្តថា លោកបណ្ឌិត Ambedkar ជាអ្នកកែទម្រង់សង្គមសេដ្ឋកិច្ច និងជាអ្នកនយោបាយរបស់សាធារណរដ្ឋឥណ្ឌា និងជាអ្នកបញ្ឈប់ការរើសរើងនៅគ្រប់ស្រទាប់វណ្ណៈនៅក្នុងប្រទេសឥណ្ឌា លោកបណ្ឌិតក៏ជាអ្នកយកទ្រឹស្តី និងមាគ៍ារបស់ព្រះសម្មាសម្ពុទ្ធ ដើម្បីផ្សាភ្ជាប់នឹងផ្លូវច្បាប់ និងព្រះពុទ្ធសាសនានៅក្នុងប្រទេសឥណ្ឌាផងដែរ។ ឯកឧត្តម ងួន ស្តេចភក្តី បន្ថែមថា តាមរយៈកម្មវិធីរំលឹកដល់ស្នាដៃរបស់លោកបណ្ឌិត B.R.Ambedkar ក៏ជាប្រវត្តិសាស្ត្រដ៏ល្អមួយសម្រាប់អ្នកសិក្សាផង ហើយក៏ជាការលើកទឹកចិត្តដល់យុវជនទាំងអស់ ដែលត្រូវមានមនសិការចេះស្រលាញ់ជាតិ សាសនា ព្រះមហាក្សត្រផងដែរ។
លោកស្រីបណ្ឌិត Devyani Uttam Khobragade ឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំប្រទេសកម្ពុជា មានប្រសាសន៍ថា លោកបណ្ឌិត B.R. Ambedkar គឺជាបញ្ញវន្តដ៏អស្ចារ្យបំផុតមួយរបស់ប្រទេសឥណ្ឌា រដ្ឋបុរសដែលមើលឃើញឆ្ងាយ មនុស្សធម៌ សេដ្ឋវិទូ អ្នកសិក្សាពូកែ អ្នកនិយាយ និងអ្នកនិពន្ធដ៏អស្ចារ្យ។ លោកបណ្ឌិតជាអ្នកប្រាជ្ញផ្នែកច្បាប់យ៉ាងពិតប្រាកដ អ្នកជំនាញខាងរដ្ឋធម្មនុញ្ញនៃចក្ខុវិស័យលទ្ធិប្រជាធិបតេយ្យពិសេស ហើយសំខាន់ជាងនេះទៅទៀត គឺជាអ្នកកសាងជាតិដ៏អស្ចារ្យ។
តាមសម្ដីរបស់គាត់ ទស្សនវិជ្ជារបស់គាត់ត្រូវបានដាក់បញ្ចូលក្នុងសេរីភាព សមភាព ភាតរភាព និងយុត្តិធម៌សង្គម។ លោកស្រីឯកអគ្គរដ្ឋទូតបន្ថែមថា លោកបណ្ឌិត B.R. Ambedkar ជឿថា ឧត្តមគតិនៃសិទ្ធិមនុស្សជាសកល ការពឹងផ្អែកលើខ្លួនឯង និងការតស៊ូដោយអហិង្សា ដែលបានបង្ហាញក្នុងពាក្យស្លោក «សេរីភាព សមភាព ភាតរភាព» និង «អប់រំ ញុះញង់ រៀបចំ» ដែលមានមូលដ្ឋាននៅក្នុងព្រះធម៌ ដែលជាពុទ្ធវចនៈរបស់ព្រះសម្មាសម្ពុទ្ធផងដែរ៕ អត្ថបទ៖ ឈឹម ទីណា