ម៉ាឡេស៊ីបញ្ជាឱ្យ Meta និង TikTok ទប់ស្កាត់មាតិកាគ្រោះថ្នាក់
គូឡាឡាំពួរ៖ ម៉ាឡេស៊ីបានបញ្ជាឱ្យក្រុមហ៊ុនបច្ចេកវិទ្យា Meta របស់អាមេរិក និងក្រុមហ៊ុន TikTok របស់ចិន បង្ហាញផែនការប្រយុទ្ធប្រឆាំងមាតិកា ដែលបង្កគ្រោះថ្នាក់នៅលើអ៊ីនធឺណិត ក្រោយប្រទេសនេះសង្កេតឃើញថា មាតិកាគ្រោះថ្នាក់លើបណ្តាញទំនាក់ទំនងសង្គម កំពុងកើនឡើងយ៉ាងគំហុក។
គណៈកម្មាធិការទំនាក់ទំនង និងពហុព័ត៌មាន រួមជាមួយនគបាលជាតិម៉ាឡេស៊ីបានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍មួយថា រដ្ឋាភិបាលម៉ាឡេស៊ីបានរាយការណ៍ពីមាតិកាបង្កគ្រោះថ្នាក់ជាង ៥០,០០០ករណីទៅកាន់បណ្តាញទំនាក់ទំនងសង្គមផ្សេងៗ រួមទាំង Facebook របស់ក្រុមហ៊ុន Meta និង TikTok ក្នុងរយៈពេល៣ខែដំបូងនៃឆ្នាំនេះ។
ស្ថាប័នទាំងពីរបានអះអាងថា ចំនួនមាតិកាបង្កគ្រោះថ្នាក់នៅលើអ៊ីនធឺណិត សម្រាប់រយៈពេលពេញមួយឆ្នាំ២០២៣ មានប្រហែល ៤៣,០០០ករណី។ ពាក់ព័ន្ធនឹងបញ្ហានេះដែរ ក្រុមហ៊ុនបច្ចេកវិទ្យាកំពូលទាំងពីរបានចូលរួមកិច្ចប្រជុំមួយ ដែលដឹកនាំដោយរដ្ឋមន្ត្រីទូរគមនាគមន៍ម៉ាឡេស៊ី លោក Fahmi Fadzil កាលពីថ្ងៃចន្ទ ហើយក្រុមហ៊ុនត្រូវបានប្រាប់ឱ្យបង្កើនកិច្ចខិតខំប្រឹងប្រែងត្រួតពិនិត្យ រួមទាំងការដកចេញសារបង្ហោះទាំងឡាយណា ដែលមានជាប់ទាក់ទិននឹងការបោកប្រាស់ និងការលេងល្បែងស៊ីសងខុសច្បាប់។
សេចក្តីថ្លែងការណ៍របស់គណៈកម្មាធិការទំនាក់ទំនង និងពហុព័ត៌មាន រួមជាមួយនគបាលជាតិម៉ាឡេស៊ី បានឱ្យដឹងទៀតថា TikTok និង Meta ត្រូវបានតម្រូវឱ្យផ្តល់ផែនការ និងយុទ្ធសាស្រ្តធ្វើឱ្យប្រសើរឡើង រួមជាមួយនឹងព័ត៌មានលម្អិតទូលំទូលាយ ដូចដែលបានព្រមព្រៀងគ្នានៅក្នុងកិច្ចប្រជុំ។ ទោះបីជាយ៉ាងណា មិនមានការកំណត់ពេលវេលាដែលតម្រូវឱ្យប្រគល់ជូនផែនការនោះ ឬបញ្ជាក់ពីការផាកពិន័យនោះទេ ប្រសិនបើក្រុមហ៊ុនមិនបានអនុវត្តតាម៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា