សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបិទសន្និបាត ក្រសួងធនធានទឹក និងឧតុនិយម
(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជា បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ បិទសន្និបាតបូកសរុបលទ្ធផលការងារក្រសួងធនធានទឹក និង ឧតុនិយម គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា និងអាជ្ញាធរទន្លេសាប ប្រចាំឆ្នាំ២០២៣ និង ទិសដៅអនុវត្តឆ្នាំ២០២៤ នៅរសៀលថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៤ ។
វិស័យធនធានទឹក គឺជាវិស័យមួយដែលមានសារៈសំខាន់ មិនអាចខ្វះបានក្នុងការចូលរួមចំណែកកែលម្អជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ កាត់បន្ថយភាពក្រីក្រ និងកំណើនសេដ្ឋកិច្ចជាតិ ។ ក្នុងន័យនេះ ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់របស់ សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីកម្ពុជា បានយកចិត្តទុកដាក់ និងចាត់ទុកវិស័យធនធានទឹក គឺជាវិស័យអាទិភាពមួយក្នុងចំណោមវិស័យអាទិភាពទាំង៤ គឺ មនុស្ស ទឹក ភ្លើង និងផ្លូវ ។
ក្រសួងធនធានទឹក និងឧតុនិយម បានអនុវត្តន៍តួនាទី និងភារកិច្ចរបស់ខ្លួនយ៉ាងខ្ជាប់ខ្ជួន ក្នុងការអនុវត្តគោលនយោបាយគ្រប់គ្រងធនធានទឹក តាមរយៈការស្តារ ការជួសជុល និងការសាងសង់ប្រព័ន្ធធារា សាស្ត្រខ្នាតតូច មធ្យម និងធំ ដើម្បីប្រែក្លាយកម្ពុជាឱ្យទៅជាប្រទេសធានាបានសន្តិសុខទឹក ទាំងបរិមាណ និងគុណភាព ចូលរួមចំណែកដល់ការកែលម្អជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ការកាត់បន្ថយភាពក្រីក្រ និងការអភិវឌ្ឍសេដ្ឋកិច្ចជាតិ។
ដើម្បីជំរុញប្រសិទ្ធភាព និងគុណភាពការងារឱ្យកាន់តែល្អប្រសើរថែមទៀតនោះ នៅថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៤ ក្រសួងធនធានទឹក និងឧតុនិយម ព្រមទាំងគណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា និងអាជ្ញាធរទន្លេសាប បានបើកសន្និបាតបូកសរុបការងារឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ ក្នុងបំណងផ្ទៀងផ្ទាត់លទ្ធផលការងារដែលសម្រេចបាន និងពិនិត្យបញ្ហាប្រឈមទាំងឡាយ ដើម្បីដាក់ចេញដំណោះស្រាយ និងលើកជាផែនការសកម្មភាពសម្រាប់អនុវត្តនៅឆ្នាំ២០២៤។
ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានឱ្យដឹងថា ត្រឹមឆ្នាំ២០២៣ កម្ពុជា មានប្រព័ន្ធស្រោចស្រពទូទាំង ២៥ រាជធានី/ខេត្ត ចំនួន ២.៣៥២ ក្នុងនោះប្រព័ន្ធខ្នាតធំចំនួន ៥៦ ខ្នាតមធ្យមចំនួន ១ ១៦៦ និងខ្នាតតូចចំនួន ១.១២២ និងអាងរក្សាទឹកខ្នាតធំចំនួន ៨ ។
ឯកឧត្តមរដ្ឋមន្ត្រី បញ្ជាក់ថា ជាលទ្ធផលរួម គិតរហូតមកដល់បច្ចុប្បន្ននេះ ក្រសួងបានបង្កើនលទ្ធភាពស្រោចស្រពលើផ្ទៃដីសរុប នៅទូទាំងប្រទេសបានជិត ២លានហិកតា (១ ៩៤៣ ៩៩២ ហិកតា) ដែលមានកំណើនជាង ៣២ម៉ឺនហិកតា (៣២ ១២៣ ហិកតា) ដែលមានប្រជាពលរដ្ឋជាអ្នកទទួលផលសរុបជិត ៣ម៉ឺនគ្រួសារ (២៩ ៨០០ គ្រួសារ) ស្មើនឹង ជិត ១៣ម៉ឺននាក់ (១២៧ ៨៩៥ នាក់)។
ឯកឧត្តម ថោ ជេដ្ឋា លើកឡើងថា ដើម្បីកាត់បន្ថយការគំរាមកំហែងពីគ្រោះទឹកជំនន់ ក្រសួងបានជួសជុលទំនប់ទប់ស្កាត់ទឹកជំនន់ កាយប្រឡាយរំដោះទឹក ការពារច្រាំងទន្លេបានជិត ៧ពាន់ម៉ែត្រ (៦ ៨២០ម៉ែត្រ) សាងសង់ទំនប់ការពារទប់ស្កាត់ទឹកប្រៃ និងជាពិសេសដំណើរការអនុវត្តគម្រោងប្រព័ន្ធដោះទឹកនិងបង្វែរទឹកចេញពីភូមិសាស្រ្តរាជធានីភ្នំពេញ និងខេត្តកណ្តាល ។
ជាមួយគ្នានោះ ដើម្បីត្រៀមបង្ការ និងជួយកាត់បន្ថយហានិភ័យដែលបណ្តាលមកពីគ្រោះទឹកជំនន់ និងធាតុអាកាស ក្រសួងបាន តាមដាន និងប្រមូលទិន្នន័យកម្ពស់ទឹកទន្លេមេគង្គ-ទន្លេសាប-ទន្លេបាសាក់ និងដៃទន្លេសំខាន់ៗមួយចំនួន និងធ្វើការព្យាករណ៍កម្ពស់ទឹកជាប្រចាំថ្ងៃនៅរដូវវស្សា និងប្រចាំសប្តាហ៍នៅរដូវប្រាំង ហើយបានធ្វើការការព្យាករណ៍ធាតុអាកាសប្រចាំថ្ងៃ និងជូនដំណឹងបន្ទាន់ពីការប្រែប្រួលធាតុអាកាស និងអាកាសធាតុរយៈពេលខ្លី មធ្យម និងរយៈពេលវែង ៕
អត្ថបទ ៖ វណ្ណលុក
រូបភាព ៖ វ៉េង លិមហួត , សួង ពិសិដ្ឋ , ង៉ាន់ទិត្យ